សត្វត្រយងចង្កំកស ៥សំបុក ត្រូវបានរកឃើញ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ មន្រ្តីជំនាញបរិស្ថាន បានរកឃើញ សត្វត្រយងចង្កំកស ៥សំបុក កាលពីខែមករា កន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី។ សត្វត្រយងចង្កំកស…
រាជធានីភ្នំពេញ៖ មន្រ្តីជំនាញបរិស្ថាន បានរកឃើញ សត្វត្រយងចង្កំកស ៥សំបុក កាលពីខែមករា កន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី។ សត្វត្រយងចង្កំកស…
រាជធានីភ្នំពេញ៖ មន្រ្តីជំនាញបរិស្ថាន បានរកឃើញ សត្វត្រយងចង្កំកស ៥សំបុក កាលពីខែមករា កន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី។ សត្វត្រយងចង្កំកស ជាប្រភេទសត្វជិតផុតពូជ នៅប្រទេសកម្ពុជា។
លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការជំរឿន ទូទាំងប្រទេសឃើញថា សត្វត្រយងចង្កំកស មានការធ្លាក់ចុះ ដោយឡែក នៅដែនជម្រកសត្វព្រៃលំផាត់ ក៏មានការធ្លាក់ចុះផងដែរ។
លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងមន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស បានធ្វើការអង្កេតតាមដានរកឃើញសំបុកសត្វត្រយងចង្កំកស ៥សំបុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនៈគិរី ដែលនេះ ជាសញ្ញាបញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។
លោកបញ្ជាក់ថា «មកដល់ពេលនេះយើងទើបតែបញ្ចប់ខែ១ យើងបានរកឃើញសំបុកចំនួន ៥ សំបុកក្នុងនោះ១ សំបុកបានបរាជ័យ តាមការអង្កេតរបស់ពួកយើង ការបរាជ័យរបស់ពួកវាគឺ បណ្ដាលមកពីសត្វក្អែកនិងខ្លែង ចូលស៊ី មិនមែនដោយសារមនុស្សទេ ប៉ុន្តែកាលពីមុន ក៏មានការរំខានដោយមនុស្សដែរ មានអ្នកឡើងយកពងកូនរបស់វា រំខានដល់មេវា មួយទៀត គឺមានកាប់ដើម ដែលមានសំបុកពងកូន ឬក៏កាប់ក្បែរហ្នឹងធ្វើឱ្យសំបុកវាបរាជ័យ»។
លោកបន្ថែមថា ក្រោយពីបានរកឃើញ មន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស តែងតែចុះ អង្កេតជាប្រចាំ ១សប្តាហ៍ម្តង និងធ្វើការអប់រំផ្សព្វផ្សាយដល់សហគមន៍ កុំឱ្យទៅរំខានដល់សត្វត្រយងចង្កំ.ក.ស និង សត្វ ផ្សេងៗទៀតដែលកំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជជាសកល។
លោកនាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សសត្វព្រៃរបស់យើង ដែលជិតផុតពូជក្នុងដែនជម្រកសត្វព្រៃលំផាត់ ក៏ដូចជា តំបន់ការពារ និងអភិរក្សសត្វព្រៃដទៃទៀតឱ្យបានគង់វង្ស ជាពិសេស សត្វត្រយងយក្ស ដែលជានិមិត្តសញ្ញារបស់ជាតិយើង៕ ដោយ៖ សុខ សារ៉ាយ
ចែករំលែកព័តមាននេះ