ប្រទេសមីយ៉ាន់ ៖ មានការអំពាវនាវកាន់តែច្រើនកាលពីថ្ងៃទី៣ ខែកុម្ភៈ នៅមីយ៉ាន់ម៉ាឲ្យងើបប្រឆាំងរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ កុម្ភៈ ដោយកងទ័ពដ៏មានឥទ្ធិពល ដែលចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រីអួ៊ងសាន់ ស៊ូជី និងចេញការប្រកាសអាសន្នរយៈពេល១ឆ្នាំព្រមទាំងដាក់ បណ្ដាឧត្ដមសេនីយ ឲ្យកាន់តំណែងសំខាន់ៗ។
រដ្ឋប្រហារនោះភ្លាមៗត្រូវបានថ្កោលទោសដោយប្រទេសជាច្រើន ពិសេសសហរដ្ឋអាមេរិក ដែលចោទប្រកាន់ជាផ្លូវការដល់ពួកយោធាថា ធ្វើរដ្ឋប្រហារ និងសន្យាដាក់ទណ្ឌកម្មនានា ប្រឆាំងបណ្ដាឧត្ដមសេនីយ ព្រមទាំងប្រកាសផ្ដាច់ជំនួយដល់មីយ៉ាន់ម៉ា។
២ថ្ងៃបន្ទាប់ពីរដ្ឋប្រហារនោះ មានសញ្ញាដំបូងៗនៃការងើបតស៊ូប្រឆាំង ត្រូវបានឃើញតាមFACEBOOK ដែលនាព្រឹកថ្ងៃទី៣ កុម្ភៈ មានការបង្ហោះពាក្យថា កងទ័ពគួរឲ្យអៀនខ្មាស់ ពួកយោធាជាចោរ។ អត្ថបទតាម FACEBOOK នោះចេញដោយបណ្ដាគ្រូពេទ្យនិងគិលានុប្បដ្ឋយិកា ដែលមិនរារែកឡើយប្រកាសពីឆន្ទៈតវ៉ា។ ក្នុងសេចក្ដីប្រកាសរួមមួយ បុគ្គលិកសុខាភិបាលទាំងនោះនិយាយថា យើងគោរពតែរដ្ឋាភិបាលដែលជ្រើសតាំង ដោយប្រជាធិបតេយ្យប៉ុណ្ណោះ។ យើងឈប់ទៅកាន់មន្ទីរពេទ្យដែលពេលនេះស្ថិតក្រោមការត្រួតត្រាដោយខុសច្បាប់ដោយពួកយោធា។
រួចកាលពីយប់ថ្ងៃទី២ កុម្ភៈ ក្នុងសង្កាត់ពាណិជ្ជកម្មនៃទីក្រុងរ៉ង់ហ្គូនជាបេះដូងសេដ្ឋកិច្ចរបស់ប្រទេស ប្រជាជននាំគ្នាចុចស៊ីប្លេ និងវាយឆ្នាំង ដើម្បីជាការតវ៉ា ដោយមនុស្សមួយចំនួននាំគ្នាស្រែកពាក្យថា ជយោលោកម៉ែស៊ូជី។
ទោះបីយ៉ាងណា ការភ័យខ្លាចពីការសងសឹកនៅតែខ្លាំងក្លា ក្នុងប្រទេសដែលអស់ពេលយ៉ាងយូរ ចាប់តាំងពីទទួលបានឯករាជ្យមក ស្ថិតក្រោមការត្រួតត្រា របស់កងយោធាអស់ពេលជិត៥០ឆ្នាំ។ លោកFRANCIS WADE ជាអ្នកនិពន្ធសៀវភៅជាច្រើនរបស់ប្រទេសយល់ថា ប្រជាជនពិតជាដឹងច្បាស់ ដែលកងទ័ពអាចប្រើការគាបសង្កាត់និងគំរាម ហើយមានសង្ឍឹមតិចណាស់ចំពោះការតវ៉ារបស់អន្តរជាតិ រួចបែបនេះនឹងអាចរារាំងដល់ឆន្ទៈនៃការងើបតវ៉ា។
កាលពីថ្ងៃទី៣កុម្ភៈកាសែត GLOBAL NEW LIGHT OF MYANMAR ដែលរដ្ឋកាន់កាប់ បានចេញផ្សាយការព្រមានមួយ របស់ក្រសួងព័ត៌មាន ខណៈអង្គការនិងសារព័ត៌មានមួយចំនួន បានផ្សាយពាក្យចចាមអារ៉ាមនានា តាមបណ្ដាញសង្គម និងព្រមានចំពោះអំពើបែបនោះ ដោយអំពាវនាវដល់ប្រជាជនឲ្យរួមសហការ។
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានរួមប្រជុំសម្ងាត់បន្ទាន់កាលពីថ្ងៃទី២កុម្ភៈ តែមិនអាចព្រមព្រៀងគ្នាលើសេចក្ដីថ្លែងការណ៍រួមមួយ។ ការចរចានៅបន្ត ដើម្បីឲ្យសេចក្ដីថ្លែងការណ៍នោះត្រូវបានអនុម័ត ដែលចាំបាច់ត្រូវមានការគាំទ្ររបស់ចិន ដែលមានសិទ្ធិវេតូ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ