ប្រទេសមីយ៉ាន់ម៉ា ៖ កងយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ កុម្ភៈ បានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋអំណាចស៊ីវិលរបស់លោកស្រី ស៊ូជី ដែលនោះជាព្រឹត្តិការណ៍ នាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍អន្តរជាតិ ។
កងយោធាបានចាប់ខ្លួនលោកស្រីស៊ូជី ព្រមទាំងមនុស្សសំខាន់ៗនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ហើយប្រកាសអាសន្នរយៈពេល១ឆ្នាំ ។ ប៉ុន្តែការធ្វើរដ្ឋប្រហារនោះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ ព្រោះពាក្យចចាមអារ៉ាមនានាពីការធ្វើរដ្ឋប្រហារ
លេចជាច្រើនថ្ងៃមុននេះ ខណៈសភាពការណ៍នយោបាយមានភាពតានតឹងខ្លាំងចាប់តាំងពីខែវិច្ឆិកាដែលមានការបោះឆ្នោតសភាចុងក្រោយ ដោយគណបក្សលោកស្រីស៊ូជីជាអ្នកឈ្នះដាច់មក ។
កងយោធាបានគំរាមប្រើកម្លាំងចាប់តាំងពីការបោះឆ្នោតនោះ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៨
វិច្ឆិកាមក ដោយគណបក្សដែលកងទ័ពបង្កើតឡើងត្រូវចាញ់ឆ្នោតធ្ងន់ធ្ងរទៀត ។ បណ្ដាបេក្ខជន
របស់គណបក្សនោះទទួលបានកៅអីតែ៣៣ ក្នុងចំណោមកៅអីទាំង៤៧៦ក្នុងសភា គឺមិនបានពេញ១០%ផង ។ ទន្ទឹមនឹងនេះដែរគណបក្សលោកស្រីស៊ូជីដណ្ដើមបានសំឡេងជាង៨០%ក្នុងសភា ។ នាយសេនាធិការកងទ័ពបានចេញមុខដោយផ្ទាល់ប្រឆាំងលទ្ធផលនៃការបោះឆ្នោតនោះ ដោយបរិហារពីការក្លែងបន្លំដ៏ធំតែពុំមានភស្ដុតាង និងទាមទារឲ្យមានរាប់សន្លឹកឆ្នោតឡើងវិញតែគណៈកម្មាធិការបោះឆ្នោតបានបដិសេធ ។ ដូច្នេះហើយបានជាកងទ័ពបានចេញមុខធ្វើអន្តរាគមន៍ផ្ដួលរំលំលោកស្រីស៊ូជីប៉ុន្មានម៉ោងមុនការធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់សភាថ្មី ។
ប្រមុខយោធាមីយ៉ាន់ម៉ាឧត្ដមសេនីយ MIN AUNG HLAING ត្រូវចូលនិវត្តន៍រយៈពេល៦ខែទៀត ជាអ្នករៀបចំរដ្ឋប្រហារដែលជាលើកទី៣ចាប់តាំងពីប្រទេសនោះទទួលបានឯករាជ្យពី
ឆ្នាំ១៩៤៨មក ។ ឧត្ដមសេនីយរូបនោះ បានបរិហារពីភាពមិនប្រក្រតីនានាក្នុងការបោះឆ្នោតសភា ដែលគណបក្សលោកស្រីស៊ូជីជាអ្នកឈ្នះដាច់ ។
កាលពីឆ្នាំ២០០៩ឧត្ដមសេនីយរូបនោះក្លាយជាអ្នកមានឥទ្ធិពលខ្លាំងនៅក្នុងកងទ័ពបន្ទាប់ពីបង្ក្រាបពួកឧទ្ទាមក្នុងតំបន់ KOKANG នាព្រំដែនខាងកើតរបស់ប្រទេស ដែលនាំឲ្យមានរត់
ភៀសខ្លួនរបស់មនុស្សប្រមាណជា៣៧.០០០នាក់ ។ ជាមួយមហិច្ឆតាគឺក្នុងឆ្នាំ២០១១ ដែលឧត្ដមសេនីយរូបនេះបានចេញមុខដើរតួ ពេលឧត្ដមសេនីយ THAN SHWE ជ្រើសរើសលោកជាអ្នកស្នងតំណែងបន្ត ។
ចាប់តាំងពីឡើងត្រួតត្រាលើកងទ័ព អគ្គមេបញ្ជាការយោធារូបនោះ មិន បង្ហាញថាលោក
មានបំណងផ្លាស់ប្ដូរគោលការណ៍ដែលឲ្យពួកយោធាកាន់កាប់កៅអីសភា២៥% ឬខនៃរដ្ឋធម្មនុញ្ញដែលរារាំងលោកស្រីស៊ូជីមិនឲ្យកាន់តំណែងប្រធានាធិបតីឡើយ ។ មុនថ្ងៃទី១កុម្ភៈឧត្ដមសេនីយ MIN AUNG HLAING ក្លាយរួចហើយជាបុរសខ្លាំងបំផុតរបស់ប្រទេស ជាប្រមុខកងទ័ពដែលមិនស្ថិតក្រោមបញ្ជារបស់រដ្ឋាភិបាល ។ ម្យ៉ាងទៀតលោកក្ដាប់ក្នុងដៃរួចហើយ ក្រសួងគន្លឹះ៣គឹក្រសួងការពារជាតិ ក្រសួងមហាផ្ទៃនិងក្រសួងព្រំដែននិងកិច្ចការផ្ទៃក្នុង ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ