ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ បារម្ភពីសុវត្ថិភាព ដោយសារគម្របលូបាក់ នៅផ្លូវ​ចូល​សង្កាត់ប៉ៃលិន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងប៉ៃលិន ដែលធ្វើដំណើរឆ្លងកាត់ត្រង់​កន្លែងផ្លូវលើគម្របលូបាក់​ ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព ដែលតែងតែ​ឆ្លងកាត់ទៅមកជារៀងរាល់ថ្ងៃ។ គម្របលូចំនួន ៣ផ្ទាំងនេះ​ ត្រូវបានរថយន្តដឹកដីធ្ងន់ កិន…

ខេត្តប៉ៃលិន​៖ ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងប៉ៃលិន ដែលធ្វើដំណើរឆ្លងកាត់ត្រង់​កន្លែងផ្លូវលើគម្របលូបាក់​ ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព ដែលតែងតែ​ឆ្លងកាត់ទៅមកជារៀងរាល់ថ្ងៃ។ គម្របលូចំនួន ៣ផ្ទាំងនេះ​ ត្រូវបានរថយន្តដឹកដីធ្ងន់ កិន បណ្តាលឱ្យបែកបាក់ខូចអស់យូរថ្ងៃមកហើយ តែមិន​ឃើញ​ អាជ្ញាធរមូលដ្ឋាន ឬមន្ទីរពាក់ព័ន្ធ ​ជួសជុល​នោះឡើយ​។ ករណីនេះ ប្រធានមន្ទីរ សន្យាថា សប្តាហ៍ក្រោយ ទើប​ក្រុមជំនាញ ទៅដាក់​គម្របលូ​ថ្មី​។

​គម្របលូ ដែលបាក់ខូចនេះ​ ស្ថិតនៅជាប់នឹងផ្លូវក្រាលកៅស៊ូ ​ចូលទៅ​សាលាសង្កាត់ប៉ៃលិន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​។

ប្រជាពលរដ្ឋបានលើកឡើងថា ​ពួកគាត់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពកូនៗ ដែលធ្វើដំណើរតាមកង់ ឬម៉ូតូទៅរៀនតាមផ្លូវនេះ ខណ:ឃើញគម្របលូឆ្លងកាត់ផ្លូវ បែរ​ជាបែកបាក់ ដោយសាររថយន្តដឹកដីធុនធំ ហើយអត់ឃើញមានអាជ្ញាធរមូលដ្ឋាន ឬមន្ទីរជំនាញពាក់​ព័ន្ធណាម្នាក់ ចុះទៅផ្លាស់ប្តូរ ជួសជុលឱ្យល្អឡើងវិញនោះឡើយ។

ប្រភពបន្តទៀតថា ជួនកាលគេឃើញមានអ្នកយកបង្គោលឈើ ចងសំបកការ៉ុងពណ៌ស ដាក់ដោតនៅក្នុងកន្លែងលូបាក់នេះដែរ។ តែពេលខ្លះទៀត ឃើញគេដកចេញ ក្លាយជាជង្ហុក ហើយបើសិនជាប្រជាពលរដ្ឋដើរ ឬជិះម៉ូតូ ពេលយប់ងងឹត ដែលអត់សូវមានពន្លឺភ្លើង​គ្រប់គ្រាន់ អាចនឹងធ្លាក់ទៅក្នុងលូបាក់នេះ បណ្តាលឱ្យរងគ្រោះរបួស និងមានគ្រោះថ្នាក់ដល់ជីវិតជាយកថាហេតុ ក៏អាចទៅរួចដែរ។

ពួកគាត់បញ្ជាក់ថា ការបាក់គម្របលូឆ្លងផ្លូវចូល នៅ​មុខសាលាសង្កាត់ប៉ៃលិននេះ កើតឡើងយូរថ្ងៃណាស់មកហើយ។ ប្រហែលជាមន្រ្តីធ្វើការ ភ្លេចរាយការណ៍ជូនថ្នាក់លើ ឬក៏មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន ជាប់រវល់ការងារ ទើបមិន​បានចុះទៅជួសជុល​។

​ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន សំណូមពរឱ្យអាជ្ញាធរក្រុង កុំធ្វេសប្រហែសនឹងកន្លែងលូបាក់ស្រុតខាងលើ ឱ្យសោះ ក្រែងលោថ្ងៃណាមួយ បង្កទៅជាគ្រោះថ្នាក់ដល់អាយុជីវិត​។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹង​ថា ​ គម្របលូខាងលើ គឺក្រុមហ៊ុនមួយ ជាអ្នកធ្វើ ដោយគេមិនទាន់ផុតកុងត្រា នៅឡើយទេ​។ ដូច្នេះ ក្រុមហ៊ុននោះ ត្រូវតែ​ទទួលរ៉ាប់រង ​ជួសជុល​ឡើងវិញ​។ ចំណែកខាងក្រុង មិនពាក់ព័ន្ធនឹងបញ្ហានេះទេ ហើយបើសិនជាចង់ដឹងថា ជាក្រុមណានោះ ឱ្យទាក់​ទងសួរនាំទៅខាងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន​។

ចំណែកលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន បានឱ្យដឹងដែរថា ខាងក្រុមហ៊ុនឯកជន ដែលធ្វើគម្របលូខាងលើ គឺគេលែងនៅទៀតហើយ ដោយខាងលោក ជាអ្នកទទួលខុសត្រូវ​។ លើសពីនេះ ខាងលោក ក៏បានត្រៀមគម្របលូជាង១០០ផ្ទាំងរួចរាល់អស់ហើយដែរ ដើម្បីយកទៅជួសជុលប្តូរ​ត្រង់កន្លែងណា ដែលបែកបាក់​។

លោកប្រធានមន្ទីរ អរគុណដល់ប្រជាពលរដ្ឋ ដែលមានការព្រួយបារម្ភពីសុវត្ថិភាព ចំពោះបញ្ហាគម្របលូបាក់បែកនេះ តែនៅសប្តាហ៍ក្រោយ ខាងលោកនឹងឱ្យក្រុម​ការងារ ចុះទៅជួសជុល ដើម្បីការពារកុំឱ្យមានបញ្ហាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលធ្វើ​ដំណើរ​ចេញចូល​ទៅមកផងដែរ​៕ ដោយ​៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ