ខេត្តបាត់ដំបង ៖ នគរបាលចរាចរមួយរូបនៅក្រុងបាត់ដំបងប្រាប់កោះសន្តិភាពថា មានដឹងទេ… យប់មិញ រថយន្តកញ្ញាសាសា បានបុកជាមួយរ៉ឺម៉កដឹកទឹកកកឡើងកំពិតមុខរថយន្តខ្លួនឯងទៅមុខលែងរួច ។
កោះសន្តិភាពបានធ្វើការតបវិញថា ដឹងតិចៗដែរ ប៉ុន្តែមិនសូវច្បាស់ទេ កំពុងតាមដាន ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ដដែលប្រាប់បន្ថែមថា ក្រោយពេលបុកគ្នាភ្លាម កញ្ញាសាសាដែលជិះរថយន្តមានគ្នា២នាក់ ត្រូវបានជម្លៀសចេញភ្លាមៗដែរ ដោយរថយន្តគ្នាឯងមួយទៀត ហើយស្លាកលេខរថយន្ត ក៏ត្រូវបានដោះចេញពីរថយន្តដែរ ។ រឿងគ្រោះថ្នាក់នេះ មិនបានអូសបន្លាយវែងឆ្ងាយទេ ព្រោះរវាងភាគីទាំង២ បានដោះស្រាយគ្នាបញ្ចប់ មិនពិបាកឱ្យនគរបាលដោះស្រាយឡើយ ។
ប្រភពជឿជាក់ដដែលនិយាយថា ក្នុងរាត្រីថ្ងៃអាទិត្យ ទី២ សីហា កញ្ញាសាសាបើករថយន្តទំនើបមួយ ពណ៌.ស មានគ្នាជាតារាពី ៥ ទៅ៦នាក់ ដោយរថយន្ត២គ្រឿងបានទទួលទានអាហារនៅ «តោ២» ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងមួយឆ្អែតហើយ ក៏បានណាត់កក់សាឡុងនៅក្លិបកម្សាន្តមួយឈ្មោះ «ស្តាឡាយ» ។ ម៉ោង១១យប់ ក៏នាំគ្នាចេញដំណើរពីហាងតោ២ ឆ្ពោះទៅក្លិបកម្សាន្តស្តាឡាយនោះ ។
រថយន្ត២គ្រឿងក៏ចេញដំណើរ ដែលរថយន្តកញ្ញាសាសាជិះគ្នា២នាក់ បើកតាមក្រោយ ។ ពេលរថយន្តមកដល់ចំណុចកែងផ្លូវមុខគ្លីនិកវិសាលសុខ កណ្តាលក្រុងបាត់ដំបង ក៏បុកប៉ះជាមួយរ៉ឺម៉កម៉ូតូដឹកទឹកកកមួយគ្រឿង រុញរ៉ឺម៉កត្រឡប់ត្រឡិនកំពិតមុខរថយន្តទំនើបពណ៌.ស ។ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ រថយន្តមិត្តភក្តិ ដែលបើកមុខ ក៏បានបកក្រោយមកដោះស្រាយបញ្ហា
ភ្លាមៗ។
ប្រភពពីមន្ត្រីនគរបាលចរាចរប្រាប់ថា កញ្ញាសាសាត្រូវបានជម្លៀសចេញភ្លាមៗ ស្រវឹងគួរសម ព្រោះក្នុងបំណង កុំឱ្យអ្នកកាសែត មកថតទាន់ មិនដឹងថា នាងរបួស ឬអត់ទេ គឺអ្នកកាសែតម៉ោង១១យប់នោះ ចេញដំណើរទៅថតមិនទាន់មែន ។ ឯកម្មវិធីកម្សាន្តនៅក្លិបស្តាឡាយ ក៏ត្រូវលុបចោលដែរ ព្រោះវាស៊យពីកណ្តាលទីទៅហើយ ។
ម៉ោង០២ជាងបន្តិចមុននេះ ថ្ងៃទី០៣ សីហា កោះសន្តិភាពបានទូរស័ព្ទជួបកញ្ញាសាសាដែរ ប៉ុន្តែទូរស័ព្ទចូលនាងអត់លើកទេ ។ លុះទូរស័ព្ទលើទី២ស្រាប់តែលែងចូល ប្រៀបដូចបិទទូរស័ព្ទតែម្តង ។ ដោយសារទូរស័ព្ទមិនអាចទាក់ទងបាន ពុំមានព័ត៌មានផ្សេងទៀតឡើយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ