រាជធានីភ្នំពេញ ៖ ក្នុងលោកនេះ វាសនារបស់មនុស្សមិនដូចគ្នានោះទេដូចពាក្យចាស់លោកពោលថា«រស់នៅក្រោមមេឃតែមួយតែវាសនាមិនដូចគ្នា»ដូចលោកអាជ្ញាកណ្ដាលសឹង សារិទ្ធ អញ្ចឹង សូម្បីតែប្រពន្ធនិងកូនក៏រត់ចោលដែរ ដោយសារតែរូបលោមិនមានលទ្ធភាពរកប្រាក់បានច្រើនដូចគេ។
លោក សឹង សារិទ្ធ គឺជាអាជ្ញាកណ្ដាលនិងចៅក្រមមួយរូបប្រចាំសង្វៀនទូរទស្សន៍ស៊ីធីអិន ។ ក្រៅពីការងារធ្វើជាអាជ្ញាកណ្ដាលនិងចៅក្រមប្រដាល់នោះ លោកត្រូវចំណាយពេលរត់រ៉ឺម៉កមូ៉តូកង់បីដើម្បីរកកម្រៃបន្ថែមមកផ្គត់ផ្គង់ជីវភាពគ្រួសារដែលកំពុងជួបការលំបាកខ្លាំង ។ លោកថា មុខរបររត់រ៉ឺម៉កមូ៉តូកង់បីឥឡូវគឺធ្លាក់ចុះខ្លាំងណាស់ដោយសារមនុស្សភាគច្រើនចូលចិត្តជិះPass App(កង់បីឥណ្ឌា)ដែលមានភាពងាយស្រួលជាង ។
លោកក៏មានបំណងចង់ទិញកង់បីឥណ្ឌាមករត់នឹងគេដែរតែវាថ្លៃពេកមិនអាចឱ្យលោករកប្រាក់គ្រប់ចំនួនដើម្បីទិញវាបានទើបលោកបានត្រឹមជួលគេយកមករត់ប៉ុណ្ណោះ ។ ចំណែកការងារ
ធ្វើជាអាជ្ញាកណ្ដាលនិងចៅក្រមប្រដាល់ក្នុងមួយសប្ដាហ៍ធ្វើបានតែពីរថ្ងៃប៉ុណ្ណោះគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យហើយប្រាក់កម្រៃដែលទទួលបានពីការងារនេះវិញក៏មិនសូវបានច្រើនដែរ ប៉ុន្តែដោយសារតែការស្រឡាញ់ទើបលោកចេះតែទ្រាំធ្វើវាទៅ។
លោក សឹង សារិទ្ធ បានរៀបរាប់ពីសុខទុក្ខរបស់ខ្លួនថា សព្វថ្ងៃលោករស់នៅតែម្នាក់ឯងក្នុងភាពជាបុរសពោះម៉ាយ ។ ប្រពន្ធរបស់លោកបានបែកបាក់គ្នាជាមួយលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ឯកូន៥នាក់ដែលលោកបានផ្ដល់កំណើតឱ្យក៏ចាកចេញពីលោកដោយសារតែលោកមិនអាចផ្ដល់ភាពកក់ក្ដៅដល់ពួកគេបាន។ សព្វថ្ងៃ លោករស់នៅក្នុងបន្ទប់ជួលមួយនៅផ្ដុំផ្សារដីហុយ ដែលមានតម្លៃត្រឹមតែ៣០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ។ លោកក៏តូចចិត្តណាស់ដែរនៅពេលគ្រួសារត្រូវបែកបាក់គ្នាបែបនេះ។
នៅពេលអ្នកយកព័ត៌មានសួរថា តើលោកបានបំណងចង់បានប្រពន្ធទៀតទេ? លោកអាជ្ញាកណ្ដាលដែលមានវ័យ៥៦ឆ្នាំរូបនេះបានឆ្លើយថា «ខ្ញុំក៏ចង់បានដែរ តែធ្វើម៉េចបើយើងអត់មានប្រាក់ដើម្បីចូលស្ដីដណ្ដឹងគេ ។ ខ្ញុំក៏សម្លឹងឃើញនារីដែលខ្ញុំស្រឡាញ់ដែរតែមិនអាចនោះទេ»។
បើតាមមន្ត្រីសហព័ន្ធកីឡាប្រដាល់បង្ហើបឱ្យដឹងថា ក្នុងចំណោមចៅក្រម អាជ្ញាកណ្ដាលប្រដាល់ទាំងអស់គឺមាន៨០ភាគរយហើយសុទ្ធតែមានជីវភាពខ្វះខាតខ្លាំងណាស់ ។ ជាពិសេសនៅពេលដែលការប្រកួតប្រដាល់នៅតាមស្ថានីយទូរទស្សន៍ត្រូវបានផ្អាកដោយសារជំងឺកូវីដ-១៩ពួកគាត់ពិតជាលំបាកខ្លាំងណាស់រឿងជីវភាព។
ជាក់ស្ដែងត្រឹមតែលោកសឹង សារិទ្ធ ម្នាក់ដែលគ្មានប្រពន្ធកូនរស់នៅជាមួយផងលំបាកប៉ុនហ្នឹងហើយ ចុះទម្រាំអ្នកដែលមានប្រពន្ធកូនរស់នៅជាមួយទៀតតើលំបាកយ៉ាងណាទៅ? ដែលនេះជាសំណួរមួយពិបាករកចម្លើយក្នុងស្ថានភាពបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ