វង្ស ណយ ចាប់ផ្ដើមនឹកសង្វៀនវិញហើយ!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខុសពីជំហរពីពេលមុនដែលប្រកាសថា ឈប់ឡើងរេញ តែកីឡាករ វង្ស ណយ នៅក្នុងពេលនេះ បែរជាប្រកាសថាមានអារម្មណ៍នឹកសង្វៀនវិញហើយ ។…
រាជធានីភ្នំពេញ ៖ ខុសពីជំហរពីពេលមុនដែលប្រកាសថា ឈប់ឡើងរេញ តែកីឡាករ វង្ស ណយ នៅក្នុងពេលនេះ បែរជាប្រកាសថាមានអារម្មណ៍នឹកសង្វៀនវិញហើយ ។…
រាជធានីភ្នំពេញ ៖ ខុសពីជំហរពីពេលមុនដែលប្រកាសថា ឈប់ឡើងរេញ តែកីឡាករ វង្ស ណយ នៅក្នុងពេលនេះ បែរជាប្រកាសថាមានអារម្មណ៍នឹកសង្វៀនវិញហើយ ។ លោកបានទាំងបង្ហាញតម្រុយចង់ឡើងប្រកួតជាមួយកីឡាករបរទេស ក្រោយពេលព្រំដែនខ្មែរ-ថៃ អនុញ្ញាតឱ្យមានការឆ្លងកាត់គ្នានោះផងដែរ។
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករ វង្ស ណយ បានប្រកាសឈប់ប្រកួត ដោយសារតែអន់ចិត្តរឿងពេលប្រកួតចាញ់ត្រូវអ្នកគាំទ្ររិះគន់ ស្របពេលដែលលោកក៏ប្រកាសថាប្រដាល់យូរហើយនៅតែមានជីវភាពមិនធូរធារ។ លោកបានងាកទៅលក់ងៀតគោ ងៀតក្របី ដោយមុខរបរថ្មីនេះ ដ្បិតថាមើលទៅបែបសាមញ្ញ តែលុយចូលកប់ ។ ប៉ុន្តែក្រោយពេលលាឈប់ពីការប្រដាល់ស្រាប់តែក្នុងពេលនេះ លោកបង្ហាញជំហរចង់ឡើងប្រដាល់ជាថ្មី។ កីឡាករ វង្ស ណយ និយាយថា សម្រាប់ការប្រដាល់លោកចាប់ផ្ដើមមានអារម្មណ៍ថានឹក ដោយការនឹករលឹកនេះ គឺសំដៅលើការប្រដាល់ជាលក្ខណៈអន្តរជាតិ។
ការលើកឡើងនេះ ត្រូវគេឃើញលើកឡើងជារឿយៗ នៅក្នុងវីដេអូ Live របស់លោក ដោយលោកប្រកាសថា បន់ឱ្យតែសង្វៀនប្រដាល់គ្រប់សង្វៀនមានការប្រដាល់អន្តរជាតិវិញទេ ដោយសារតែលោកយល់ថា ខានមើលកីឡាករខ្មែរឡើងប្រកួតជាមួយកីឡាករបរទេសយូរមកហើយ ។ ការលើកឡើងរបស់លោក មិនបានបញ្ជាក់ថា គ្រាន់តែដើម្បីចូលរួមទស្សនា ឬចង់ឡើងរេញខុសពីជំហរមុននោះទេ ប៉ុន្តែយោងតាមតម្រុយ គឺលោកពិតជាចង់បង្ហាញកម្លាំង និងសាច់ដុំ ក្នុងការប្រដាល់ពិតមែនហើយ ។
លោកនិយាយថា លោកមិនទាន់ចង់និយាយថា នឹងទទួលប្រកួត ឬយ៉ាងណានោះទេប៉ុន្តែសម្រាប់លោកគឺពិតជាមិនឈប់ជារៀងរហូតនោះទេ ដោយលោកស្នើឱ្យចាំអ៊ុតមើលក្នុងថ្ងៃណាមួយ និងរង់ចាំឱ្យស្ថានភាពប្រដាល់មានភាពប្រសើរសិន។ លោកបន្តពាក់ព័ន្ធនឹងមុខរបររាល់ថ្ងៃថា មុខរបររាល់ថ្ងៃកាក់កបមិនអន់ទេ ដោយក្នុងថ្ងៃខ្លះ ងៀតក្របីរបស់លោកត្រូវដឹកខ្លួនឯងនោះផង ដើម្បីទទួលបានថវិកាថ្លៃដឹកគ្រាន់ហូបកាហ្វេ និងដើម្បីកុំឱ្យអផ្សុក ។
ម្យ៉ាងមកពីលោកយល់ថា ស្ថានភាពប្រដាល់មិនសូវល្អប្រសើរ ព្រោះតែលោកគ្មានគូប្រទេសប្រកួតផង និងយល់ថាស្ថានភាពនៅក្នុងពេលនេះ គឺមានតែមុខរបរតាមអនឡាញ ហើយលក់របស់ហូប ទើបអាចចិញ្ចឹមឆ្នាំងបានផង ទើបលោកថា លក់ងៀតក្របីល្អជាង ព្រោះលុយចូលរាល់ថ្ងៃ ។ ប៉ុន្តែគឺទោះជាមុខរបរកាក់កបកម្រិតណា ក៏លោកនៅតែមិនចោលការប្រដាល់នោះដែរ ។
លោកថា រាល់ថ្ងៃនេះ លោក និងភរិយា បានជួលផ្ទះមួយកន្លែងនៅម្ដុំចម្ការដូង ដោយធ្វើងៀតក្របីផង និងឡាយដោយយផ្ទាល់មិនដែលលោះថ្ងៃផង។ លោកបញ្ជាក់ជាថ្មីថា«សម្រាប់បងប្អូនដែលចង់ឃើញខ្ញុំប្រដាល់ ចាំមើលសិន ចាំរកឱកាសល្អសិន ហើយបងប្អូនគង់តែដឹងទេ ថាតើយ៉ាងម៉េចសម្រាប់ការប្រដាល់ ចាំស្ដាប់មេស៊ីសងសិន តែឥឡូវសុំលក់ងៀតក្របីសិន ព្រោះរាល់ថ្ងៃកូវីដក៏មិនអាចឱ្យអ្នកប្រដាល់មានគូបរទេសឡើងប្រកួតបានដែរ»។
លោកបន្តទៀតថា រាល់ថ្ងៃបានមុខរបរងៀតក្របីចិញ្ចឹមឆ្នាំងមួយ លោកអត់ភ័យដូចមុនទៀតទេ ហើយលោកក៏មិនខ្មាសអ្នកណាដែរ នៅពេលអ្នកខ្លះនិយាយថាលោកគឺជាកីឡាករល្បីឈ្មោះ តែបែរជាលក់ងៀតក្របីតាមហ្វេសប៊ុក និងដឹកឱ្យភ្ញៀវដោយផ្ទាល់ បើទោះជាមុខរបរនេះ មិនចំណេញច្រើនក្ដី ។ លោកលក់ត្រឹមតែមួយគីឡូ៦៥.០០០រៀលប៉ុណ្ណោះ ខណៈដែលលោកប្រកាសថា ងៀតក្របីវង្សណយរាល់ថ្ងៃ គឺហាលមិនទាន់ ដឹកមិនទាន់ និងទទួលបានចំណូលច្រើន ស្របពេលដែលកូវីដ-១៩លែងសូវអំណោយផលដូចមុនសម្រាប់រកប្រាក់ ។
ជាមួយនឹងការបង្ហាញតម្រុយថា ក្រោយចប់កូវីដ-១៩អ្នកគាំទ្រនឹងដឹងថា លោកនៅប្រកួត ឬឈប់ដូចសន្យា បានធ្វើឱ្យគេមើលឃើញភ្លាមថា លោកទំនងជាមិនឈប់ដូចអ្វីដែលបានតាំងចិត្តមួយប្រាវមុននោះទេ គឺនឹងនៅតែទទួលប្រកួត ដោយសារតែលោកប្រកាសបែបនេះរាប់ភ្លេចមកហើយ ប៉ុន្តែចុងក្រោយ នៅពេលមានគូល្អប្រកួត ហើយបានតម្លៃខ្ពស់ គឺទទួលមិនដែលប្រកែក។
គួររំលឹកផងដែរថា វង្ស ណយ ធ្លាប់បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា លោកពិត
ជាលាឈប់ពីអាជីពអ្នកប្រដាល់ប្រាកដមែន ដោយលោកលើកហេតុផលថា ដោយសារបញ្ហាការគាំទ្រនាពេលចុងក្រោយនៅមានកម្រិត និងទី២ គឺដោយសារតែជ្រក់ជ្រិញនឹងការជេរប្រមាថ ដែលធ្វើឲ្យលោកបាក់ទឹកចិត្ត ដែលមិនអាចប្រកបអាជីពមួយនេះបានបន្ដទៀត ។
អ្នកលេងគុនខ្មែរវ័យ៣៣ឆ្នាំរូបនេះបានពន្យល់ថា ការសម្រេចចិត្តរបស់លោកគឺជារឿងច្បាស់លាស់ ដោយសារតែលោកគិតថា ការគាំទ្រគុនខ្មែរនៅមានកម្រិត គាំទ្រតែមាត់ អត់គាំទ្របែបជួយទី១ ហើយទី២ ពេលលោកវ៉ៃឈ្នះអត់បានអីមកវិញទេបានតែតម្លៃ តែដល់ពេលវ៉ៃចាញ់ គឺរងនូវការជេរប្រមាថ ដែលលោកយល់ថា តើមានហេតុផលអ្វីដែលលោកត្រូវតស៊ូទៀត។
លោកនិយាយថា បើលោកតស៊ូទៅមុខ ក៏មិនបានល្អជាងហ្នឹងនោះដែរ ទើបលោកយល់ថា ដល់ពេលហើយដែលត្រូវចាកចេញ ។ កីឡាករមានប្រវត្ដិឡើងសង្វៀនរាប់រយដងនេះបានបង្ហើបថា ទោះលាឈប់ពីអាជីពកីឡាករមែន តែខ្លួនក៏មិនទាន់សម្រេចចិត្តថា ត្រូវឈប់ពាក់ព័ន្ធនឹងវិស័យមួយនេះឬយ៉ាងណា ពោលគឺលោកនឹងធ្វើការពិចារណា ប្រសិនបើមានការផ្ដល់ឱកាសឲ្យលោកធ្វើជាមន្ដ្រីបច្ចេកទេសក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ ដោយឡែកពាក់ព័ន្ធនឹងអនាគតកូនៗលើវិថីប្រដាល់គុនខ្មែរវិញ លោកបានសង្កត់ធ្ងន់ថា អាស្រ័យទៅលើភាពជាក់ស្ដែង ។
យោងតាមប្រវត្តិ កីឡាករពូកែវាយកែងនេះ បានចូលប្រឡូកអាជីពប្រដាល់គុនខ្មែរដំបូងនៅឆ្នាំ២០០៣ បន្ទាប់មកលោកបានសាងកេរ្ដិ៍ឈ្មោះល្បីល្បាញកាន់តែខ្លាំងឡើងៗ រហូតត្រូវបានផ្គូផ្គងឲ្យជួបកីឡាករបរទេសជាបន្ដបន្ទាប់ ក្រោយត្រូវបានចាត់ទុកជាកីឡាករកម្រិត A នៅកម្ពុជា ។
ដៃគូក្នុងស្រុកដែលអ្នកគាំទ្រចងចាំមិនភ្លេចពេលប៉ះ វង្ស ណយ មានដូចជា កែវ រំចង់, ឡុង សុភី និងអតីតកីឡាករ ឡៅ ស៊ីណាត ជាដើម ។ បច្ចុប្បន្នមុនប្រកាសឈប់ឡើងសង្វៀន លោកក៏មានរបរលក់ម្ហូបតាម Online ដើម្បីទ្រទ្រង់ជីវភាពផងដែរ។ យ៉ាងណាក៏ដោយ ការប្រកាសលាឈប់របស់លោកមិនត្រូវបានអ្នកគាំទ្រទុកចិត្តនោះ ទេខណៈដែលលោកមិនមានលំនឹងការងារណាមួយច្បាស់លាស់ជំនួសឱ្យការប្រដាល់នាពេលនេះ ។
ម្នាក់ៗយល់ថា វាគឺជារឿងសាំហើយ ដោយសារតែលោកប្រកាសបានតែប្រកាស ប៉ុន្តែនៅពេលមហាជនមានការចាប់អារម្មណ៍ ហើយមានការស្នើឱ្យលោកឡើងប្រកួត ក៏ឃើញមុខឡើងរេញដដែលជាដដែល ដែលពិបាកជឿថាតើការប្រកាសលើកនេះ អាចទុកចិត្តបាន ឬ យ៉ាងណា ហើយទីបំផុតការប្រកាសជាថ្មី បញ្ជាក់ថាលោកអត់អាចធ្វើដូចការនិយាយមួយពេលនោះឡើយ ដ្បិតតែមិនទាន់ពិសោធន៍ដឹងថា តើលោកទទួលប្រកួតឡើងវិញ ក្រោយចប់កូវីដ ឬ លក់ងៀតក្របី ឈប់នឹកនាសង្វៀនប្រដាល់មែនទែន ៕
ចែករំលែកព័តមាននេះ