ថ្នាក់ដឹកនាំធនាគាររដ្ឋ ARDB ថាកសិករបានប្រើប្រាស់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ខ្ពស់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំធនាគាររដ្ឋ ARDB ថាកសិករបានប្រើប្រាស់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ខ្ពស់

4 អាទិត្យ មុន
  • Phnom Penh

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលហៅកាត់ថា ARDB បានលើកឡើងថាបច្ចុប្បន្នប្រជាកសិករបានកំពុងប្រើប្រាស់ប្រាក់…

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលហៅកាត់ថា ARDB បានលើកឡើងថាបច្ចុប្បន្នប្រជាកសិករបានកំពុងប្រើប្រាស់ប្រាក់ កម្ចីពីធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់មួយខ្ពស់។

លោកថា ដោយមើលឃើញបញ្ហានេះ និងដើម្បីជួយប្រជាកសិករនៅពេលកូវីដ១៩​នេះផង រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារARDB ដោយអត្រាការប្រាក់ទាប ៥% ក្នុងមួយឆ្នាំសម្រាប់ផ្តល់ប្រជាកសិករដាំដុះបន្លែ ចញ្ចឹមសត្វ ចញ្ចឹមត្រី ជាដើម។

 “សូមបងប្អូនកសិករធ្វើការទំនាក់ទំនងមក ធនាគារARDB ក្នុងករណី​បងប្អូនមានតម្រូវការឥណទានដើម្បីធ្វើការពង្រីកការដាំដុះ និងអាជីវកម្ម​របស់ខ្លួន”នេះជា​ការអំពាវនាវរបស់លោកអគ្គនាយកធនាគារអភិវឌ្ឍន៍​ជនបទនុងកសិកម្ម។

លោក កៅ ថាច បានលើកឡើងដូច្នេះ នៅវិធីសំណេះសំណាល និងផ្សព្វផ្សាយ​អំពីគោលការណ៍ឥណទានផ្សារភ្ជាប់ជាមួយទីផ្សារដល់បងប្អូនប្រជាកសិករ ដាំដុះ​បន្លែសុវត្ថិភាពក្នុងខេត្តសៀមរាប សរុបប្រមាណ ជិត៣០០នាក់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

លោកអគ្គនាយក បន្តលើកទឹកចិត្តដល់បងប្អូនកសិករធ្វើការជ្រើសរើសពូជមាន​គុណភាព​​ក្នុងការដាំដុះ ហើយឆ្លៀតឱកាសនោះ លោកអគ្គនាយកបាន ណែនាំកសិករឲ្យផ្លាស់ប្តូរទម្លាប់ កែប្រែទម្លាប់ពីការដាំដុះបែបកសិករធម្មតា ទៅធ្វើការដាំដុះ ក្នុងនាមជាសហគ្រិន ពោលគឺដាំដុះដើម្បីធ្វើពាណិជ្ចកម្ម ដោយចេះធ្វើផែនការចំណូល និងផែនការចំណាយឱ្យបានច្បាស់លាស់ មានផែនការផ្គត់ផ្គង់ចូលទីផ្សារ ប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តភាព។ លោកបានជំរុញឱ្យកសិករធ្វើការដាំដុះដើម្បីជំនួសការនាំចូលពីបរទេសដែលគ្មានប្រភព និងធ្វើការជំរុញដើម្បីនាំចេញផងដែរ។

មានការលើកឡើងជាច្រើនថាកសិករឬអ្នកជំនួញនៅក្នុងវិស័យសហគ្រាសធន់តូចនិងមធ្យមបានជួបបញ្ហាដើមទុននៅក្នុងការពង្រឹងចង្វាក់ផលិតកម្មរបស់ខ្លួន។ ការខ្ចីប្រាក់ពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុមានអត្រាការប្រាក់ខ្ពស់ ហើយមិនថា​កសិករឬសិប្បករនោះទេ ភាគច្រើនខ្វះទ្រព្យបញ្ចាំដើម្បីទទួលបានប្រាក់​កម្ចី។ បើតាមកសិករថា អត្រាការប្រាក់ដែលកសិករខ្ចីប្រាក់ពីធនាគារនិងគ្រឹះ​ស្ថានហិរញ្ញវត្ថុមានប្រមាណ១%ក្នុងមួយខែ  ក្នុងករណីមាន​ទ្រព្យបញ្ចំាអាចទាបជាងនេះ។

ក្រៅពីការទម្លាក់ប្រាក់ជួយកសិករក្នុងវិស័យកសិកម្មរដ្ឋាភិបាលនិងវិស័យធនាគារបានទម្លាក់ថវិកា១០០លានដុល្លាររួមគ្នាជួយដល់សហគ្រាសធន់តូចនិងមធ្យមផងដែល កាលពីឆ្នាំ២០២០នៅក្នុងពេលមានវិបត្តិកូវីដ១៩នោះ។ ប៉ុន្តែម្ចាស់សហគ្រាសខ្លះថាមិនទទួលបានប្រាក់កម្ចីនោះទេ ដែលទំនងមកពីប្រាក់កម្ចីតិច បើធៀបនិងចំនួនពលរដ្ឋត្រូវការប្រាក់កម្ចី និងម្យ៉ាងទៀត ដោយសារលក្ខណ្ឌផ្តល់ប្រាក់កម្ចី នៅតែតឹងតែងពេក៕