នៅក្នុងគម្ពីរធម្មបទបានបរិយាយថា ឋានទេវលោកទាំង៧គឺ ចាតុម្មហារាជិកា, តាវត្តិង្ស, យាមា, តុសិតា, និម្មានរតី, បរនិម្មិតវសវតី និងឋានដ៏ខ្ពង់ខ្ពស់មួយទៀតគឺ ឋានព្រហ្មលោក ។ ឋានទាំ៧នេះរមែងបែងចែកបដិសន្ធិសត្វទៅតាមកម្លាំងបុញ្ញកម្មដែលខ្លួនបានសាងហើយ ។
១-អ្នកណាឲ្យទាន ដោយប្រាថ្នាផលតបមកវិញយ៉ាងណាមួយក្នុងភពខាងមុខ កាលស្លាប់ហើយ នឹងកើតជាទេវតាជាន់ចាតុម្មហារាជិកា ។
២-អ្នកណាឲ្យទាន ដោយមិនប្រាថ្នាផលតបមកវិញក្នុងភពខាងមុខទេ គឺឲ្យដោយគិតថា ការឲ្យទានជាការល្អ កាលស្លាប់ហើយ នឹងកើតជាទេវតាជាន់តាវត្តិង្ស ។
៣-អ្នកណាឲ្យទាន ដោយគិតថា មាតា បិតា យាយ តា ធ្លាប់ធ្វើមកហើយ គួរធ្វើតទៅ មិនឲ្យខូចប្រពៃណី កាលស្លាប់ហើយ នឹងកើតជាទេវតាជាន់យាមា ។
៤-អ្នកណាឲ្យទាន ដោយមេត្តា ប្រាថ្នានឹងឲ្យអ្នកទទួលទាននោះមានសេចក្ដីសុខ មិនមានសេចក្ដីលំបាក កាលស្លាប់ហើយ នឹងកើតជាទេវតាជាន់តុសិត ។
៥-អ្នកណាឲ្យទាន ដើម្បីបដិបត្តិតាមអ្នកប្រាជ្ញ អ្នកឲ្យទានកន្លងមកពីកាលមុន កាល ស្លាប់ហើយ នឹងកើតជាទេវតាជាន់និម្មានរតី ។
៦-អ្នកណាឲ្យទាន ដោយឃើញថា កាលឲ្យទានហើយ នឹងធ្វើចិត្តឲ្យសោមនស្សកើតសេចក្ដីជ្រះថ្លា កាលស្លាប់ហើយ នឹងកើតជាទេវតាជាន់បរនិម្មិតវសវតី ។
៧-អ្នកណាឲ្យទាន ដើម្បីជម្រះចិត្តឲ្យផូរផង់ បានឈាន កាលស្លាប់ហើយ នឹងកើតក្នុងព្រហ្មលោក ។
ការបំពេញទានដោយមេត្តាចិត្តគិតឱ្យអ្នកទទួលបានសុខ រួចចាកទុក្ខទាំងពួង ទានរបស់លោកអ្នកនឹងទទួលបានផលច្រើន ៕ សាន សារិន
ចែករំលែកព័តមាននេះ