រាជធានីភ្នំពេញ ៖ បឺត សង្ឃឹម ជើងខ្លាំងប្រចាំក្លិបរ៉ាហាប់ស្វាយប៉ាក បានសម្រេចគោលដៅរបស់ខ្លួនក្នុងការដណ្ដើមតំណែងជាម្ចាស់ជើងឯកខ្សែក្រវាត់កម្ពុជា សង្វៀនគុនខ្មែរ រដូវកាលទី៥ (Champion Of Champion) បន្ទាប់ពីយកឈ្នះគូប្រកួត(ប៊ុន សុធា)ដោយពិន្ទុក្នុងវគ្គផ្ដាច់ព្រ័ត្រនៅលើសង្វៀនស៊ីអិនស៊ីកាលពីថ្ងៃសៅរ៍ ទី២៣ មករាឆ្នាំ២០២១។
ការប្រកួតដែលលទ្ធផលចុងក្រោយធ្វើឱ្យប៊ុន សុធា និយាយលែងចេញបានត្រឹមតែគ្រវីក្បាលបញ្ជាក់ពីការមិនអស់ចិត្តនេះបានធ្វើឱ្យអ្នកតាមដានការប្រកួតមានការចាប់អារម្មណ៍ខ្លាំងណាស់ ដោយសារតែកីឡាករដែលជាបងប្អូនធម៌នឹងគ្នាទាំងពីរវាយសម្រុកដាក់គ្នាមិនសំចៃកម្លាំងដើម្បីដណ្ដើមតំណែងជើងឯកនិងប្រាក់រង្វាន់សន្ធឹកសន្ធាប់ ។
បើតាមគណៈកម្មការរៀបចំការប្រកួត គូនេះធ្លាប់ប៉ះគ្នាម្ដងរួចមកហើយកាលពីជាងមួយខែមុនដោយកាលណោះ ប៊ុន សុធា ធ្លាប់វាយឱ្យបឺត សង្ឃឹម សន្លប់នៅត្រឹមទឹកទី៤។ ដូច្នេះសម្រាប់ការប៉ះគ្នាលើកនេះគ្មានអ្នកណាជឿថា បឺត សង្ឃឹម នឹងអាចឈ្នះនោះទេ ។ ចំណែកលោក បឺត សំខាន់ ដែលត្រូវជាគ្រូបង្វឹកវិញនោះ ក៏បានធ្លោយមាត់និយាយតាំងពីមុនឡើងសង្វៀនប្រកួតថា រឿងចាញ់ឈ្នះលោកមិនហ៊ាននិយាយទេ ដោយសារភាគីម្ខាងទៀតក៏ខ្លាំងមិនធម្មតា សំខាន់ចាំមើលលើការប្រកួតជាក់ស្ដែងទៅ ។
ក្រឡេកមើលការប្រកួតឯណោះវិញ ប៊ុន សុធា ដែលធ្លាប់ផ្ដួលបឺត សង្ឃឹម ឱ្យសន្លប់រួចម្ដងនោះ គ្រាន់តែចាប់ផ្ដើមទឹកទី១ភ្លាម គេសម្រុកចូលចាប់ក្រៀកវាយជង្គង់ទៅលើ បឺត សង្ឃឹម ផ្ទួនៗដោយគ្មានញញើតបន្តិចណាឡើយ។
ម្យ៉ាងវិញទៀត ដោយសារតែគេមានប្រៀបខាងកម្ពស់ស្រាប់ផងនោះ គេកាន់តែមានទំនុកចិត្តយ៉ាងច្រើនក្នុងការយកឈ្នះលើការប្រកួតលើកនេះ ។ ទោះបីយ៉ាងណាសម្រាប់ការប្រកួត៤ទឹកពេញ លទ្ធផលគឺមានប្រៀបប្រហាក់ប្រហែលគ្នា ។ ចូលដល់ទឹកទី៥ ប៊ុន សុធា នៅតែសម្រុកចូលដើម្បីចាប់ក្រៀកវាយជង្គង់បន្ថែម ប៉ុន្តែរាល់ពេលចូលៀ្កមិនត្រឹមតែមិនអាចធ្វើអ្វីបឺត សង្ឃឹមបាននោះទេ តែបែរជាត្រូវបឺត សង្ឃឹមម៉ាត់ចូលមុខពេញៗជាច្រើនដៃ ធ្វើឱ្យចប់ការប្រកួតគណៈកម្មការរៀបចំបានប្រកាសឱ្យបឺ សង្ឃឹម ឈ្នះពិន្ទុក្នុងលទ្ធផលមិនឯកច្ឆ័ន្ទ៣ទល់២។
តាមរយៈលទ្ធផលនេះធ្វើឱ្យប៊ុន សុធា មិនអាចឆ្លើយនឹងសំណួររបស់អ្នកកាសែត បានត្រឹមតែនិយាយថា«ខ្ញុំគ្មានពាក្យអ្វីត្រូវនិយាយនោះទេ»។ ចំណែកបឺត សង្ឃឹមវិញសប្បាយរីករាយយ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែក ដោយគេបាននិយាយថា «នេះគឺជាលើកទី១ហើយដែលខ្ញុំមានឱកាសដណ្ដើមបានតំណែងជាម្ចាស់ជើងឯកជាមួយនឹងប្រាក់រង្វាន់ចំនួន៦ពាន់ដុល្លារ ខណៈជើងឯករងបានត្រឹមតែ៣ពាន់ដុល្លារប៉ុណ្ណោះ»៕
ចែករំលែកព័តមាននេះ