រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់់ដណ្ដើមខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរនៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីនៅថ្ងៃសៅរ៍ទី២៣ មករា ឆ្នាំ២០២១ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ។ អ្នកនិយមទស្សនាកីឡាប្រដាល់កំពុងតែទន្ទឹងរង់ចាំមើលថាតើរវាងបឺត សង្ឃឹមមកពីក្លិបរ៉ាហាប់ស្វាយប៉ាក និងប៊ុន សុធា មកពីក្លិបប្រដាល់បញ្ជាការដ្ឋានទ័ពពិសេស មួយណាសម្រេចគោលដៅដណ្ដើមបានខ្សែក្រវាត់ជើងឯកដែលមានទឹកប្រាក់៦ពាន់ដុល្លារមកគ្រប់គ្រង។
រវាងប៊ុន សុធា និងបឺត សង្ឃឹម សុទ្ធតែជាអ្នកប្រដាល់ដែលមានវិជ្ជាគុនល្អដូចគ្នា ដូច្នេះទាំងសងខាងមិនហ៊ានប្រហែសសម្រាប់ការប្រកួតដ៏សំខាន់នេះទេ ។ ប៊ុន សុធា បើនិយាយពីផ្លែកែងនិងជង្គង់របស់គេវិញនោះ គឺល្អខ្លាំងណាស់ចំណែកចិត្តក៏សឿងណាស់ដែរ ។ លើកនេះគេប៉ះចំបឺត សង្ឃឹម ដែលពូកែប្រើកែងនិងជង្គង់ដូចគ្នា ច្បាស់ជាកក្រើកសង្វៀនមិនខាន។
កូនសិស្សលោកបឺត សំខាន់រូបនេះ ចលនានៃការវាយចេញរបស់គេរហ័សរហួនខ្លាំងណាស់។
មិនតែប៉ុណ្ណោះកីឡាកររូបនេះអាចវាយចេញជាប្រយោលក៏បានចូលកៀករឹតតែល្អ ។ សម្រាប់ការប្រកួតលើកនេះបឺត សង្ឃឹម មានជំនឿចិត្តមិនក្រោម៧០%នោះទេក្នុងការដណ្ដើមយកតំណែងដែលមានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹនសន្ធាប់បែបនេះ ។
ទោះបីយ៉ាងណាគេមិនអាចមើលស្រាលលើ ប៊ុន សុធា បានដែរ ដោយសារកីឡាកររូបនេះក៏មានមហិច្ឆតាក្ដោបក្ដាប់ខ្សែក្រវាត់និងប្រាក់រង្វាន់មិនឱ្យរបូតចេញពីដៃគេបានឡើយ។ ដូច្នេះកុំភ្លេចតាមដានការប្រកួតទាំងអស់គ្នាតាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ មករា ស្អែកនេះ។
ក្រៅពីគូដណ្ដើមខ្សែក្រវាត់នៅមានគូពិសេសចំនួន៣គូទៀតដែលត្រូវឡើងសាកកណ្ដាប់ដៃគ្នាជូនទស្សនិកជនបានទស្សនា ។ កីឡាករឈុត សេរីវ៉ាន់ថង មកពីក្លិបរាហូកីឡាខេត្តបាត់ដំបងប្រកួតជាមួយកីឡាករ អេ ណារ័ត្ន មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម។ កីឡាករពុទ្ធ ពិឃាដ មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ប្រកួតជាមួយកីឡាករឡុង ឡា មកពីក្លិបអប់រំកាយស្រុកអន្លង់វែង និងកីឡាករ ចៅ សាគូរ៉ា មកពីក្លិបអេភូថងកីឡា ប្រកួតជាមួយកីឡាករ មាស ឆន មកពីក្លិបនាគរាជចតុមុខ៕
ចែករំលែកព័តមាននេះ