ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តមណ្ឌលគិរី ៖ អ្នក​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ជាង ៣០​នាក់ មក​ពី​២០ ស្ថាប័ន​នឹង​ចូលរួម​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន ដែល​ត្រូវ​បាន​រៀបចំ​ឡើង​រួម​គ្នា​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ WWF ទៅ​កាន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក…

ខេត្តមណ្ឌលគិរី ៖ អ្នក​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ជាង ៣០​នាក់ មក​ពី​២០ ស្ថាប័ន​នឹង​ចូលរួម​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន ដែល​ត្រូវ​បាន​រៀបចំ​ឡើង​រួម​គ្នា​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ WWF ទៅ​កាន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត ក្នុង​ខេត្តមណ្ឌលគិរី ។

លោក សេង ទៀក នាយក​អង្គការ WWF បាន​ឲ្យ​ដឹង​ថា «​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្តល់​ឱកាស​ដល់​អ្នក​សារព័ត៌មាន ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន និង​ចំណេះដឹង​ថ្មី​ដែល​អាច​ពង្រីក​ចក្ខុវិស័យ​ផ្នែក​ព័ត៌មាន​សាធារណៈ​សម្រាប់​ការ​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់ និង​តម្លៃ​ដ៏​វិសេសវិសាល​គ្មាន​ពីរ​នៃ​តំបន់​ព្រៃ​ទេសភាព​នេះ​ដល់​ប្រជាជន​កម្ពុជា​» ។

លោក​បាន​បន្ត​ទៀត​ថា ៖ «​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ភាព​ជា​ដៃគូ​ល្អ​រវាង​អង្គការ WWF និង​ក្រសួងបរិស្ថាន​ត្រូវ​បាន​ពង្រឹង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង បន្ថែម​ទៀត​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​បុព្វហេតុ​គ្រប់គ្រង​ស្តារ និង​ការពារ​ឱ្យ​បាន​នូវ​ធនធានធម្មជាតិ និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ដែល​មាន​តម្លៃ​សម្រាប់​ការ​អភិរក្ស​ជាស​កល ក៏​ដូច​ជា ក្នុង​ការ​បន្ត​ការ​អភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ប្រជាជន​សហគមន៍​មូលដ្ឋាន​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នេះ​» ។

លោក​បន្ថែម​ថា ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ជាទី​ជម្រក​របស់​សត្វ​ដែល​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ជាស​កល​ជា​ច្រើន​ប្រភេទ​រាប់​បញ្ចូល​ទាំង​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ រួម​មាន​ដូច​ជា សត្វ​ទន្សោង (Bos javanicus) សត្វ​ដំរី​អាស៊ី​(Elephas maximus) សត្វ​ក្រពើ​ភ្នំ (Crocodylus siamensis) ដែល​មាន​ចំនួន​សេសសល់​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស សត្វ​ខ្លារខិន (Panthera pardus delacouri) ដែល​ជា​ចំនួន​នៅ​សេសសល់​ចុង​ក្រោយ​សម្រាប់​តំបន់​ឥណ្ឌូចិន និង​ពពួកសត្វ​ស្លាប​ដូច​ជា​សត្វ​ត្រ​យ៉ង សត្វ​ត្មាត និង​សត្វ​ក្ងោក​បៃតង ព្រមទាំង​សត្វព្រៃ​សំខាន់​ៗ​ផ្សេង​ទៀត​រាប់​បញ្ចូល​ទាំង​សត្វ​រមាំង សត្វ​ខ្ទីង សត្វ​ឈ្លូស សត្វ​ប្រើស និង​ពពួក​ពានរ​ផង​ដែរ ។ មិនតែប៉ុណ្ណោះ​ដែនជម្រកសត្វព្រៃ​ទាំង​ពីរ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​នូវ​ប្រភព​ធនធាន​កសិកម្ម និង​អនុ​ផល​ព្រៃឈើ ដល់​ប្រជាជន​សហគមន៍​មូលដ្ឋាន​ចំនួន​ប្រមាណ​ជាង​៣០,០០០ នាក់ ដែល​កំពុង​រស់នៅ​ជុំវិញ និង​ក្បែរ​តំបន់​អភិរក្ស​ទាំង​ពីរ​នេះ ។

ដោយ​មានការ​គាំទ្រ​ថវិកា​ពី​សំណាក់​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID សហភាព​អឺរ៉ុប​(EU) រដ្ឋាភិបាល​ប្រទេស​អា​ល្លឺ​ម៉​ង់​(BMZ) រដ្ឋាភិបាល​ប្រទេស​ប៊ែ​ល​ហ្សិ​ក (DGD) កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ UN Environment GEF រដ្ឋាភិបាល​ប្រទេស​ស៊ុ​យ​អែ​ដ (Sida) IKEA Welthungerhilfe (WHH) Humanscale និង​បណ្តាញ​អង្គការ​WWF (WWF-Belgium, WWF-Germany, WWF-Sweden, WWF-Switzerland, WWF-US) ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក (​ផ្ទៃដី​សរុប ៣៧២៩.៧ គីឡូ​ម៉ែត្រការ៉េ​) និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច (​ផ្ទៃដី​សរុប ២២២៥ គីឡូ​ម៉ែត្រការ៉េ​) ផ្តោត​លើ​ការងារ​តាមដាន និង​ស្រាវជ្រាវ​ជីវៈចម្រុះ ការ​កសាង​សមត្ថភាព​ជំនាញ​សម្រាប់​ការ​អនុវត្ត​ច្បាប់ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បរបាញ់ ការ​ជួញដូរ​សត្វព្រៃ​និង​ព្រៃឈើ​ខុសច្បាប់ ការ​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ ការ​អភិវឌ្ឍ​របរ​ចិញ្ចឹមជីវិត​របស់​សហគមន៍​មូលដ្ឋាន និង​ការ​អនុវត្ត​កម្មវិធី​ផ្សេង​ៗ​ទៀត ដើម្បី​លើកទឹកចិត្ត និង​កៀរគរ​ការ​ចូលរួម​របស់​ប្រជាជន​មូលដ្ឋាន​ក្នុង​ការ​អភិរក្ស​ធនធានធម្មជាតិ និង​អភិវឌ្ឍន៍​ជីវភាព​ប្រកបដោយ​និរន្តរភាព​។

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ និង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​ក្រសួង និង​មន្ទីរ​បរិស្ថាន លោក សេង ទៀក នាយក​អង្គការ WWF ព្រមទាំង​បុគ្គលិក​សំខាន់​ៗ​នៃ​អង្គការ WWF សរុប​ទាំងអស់​ចំនួន​ប្រមាណ​ជាង ៥០​រូប ។ ទស្សនកិច្ច​សារព័ត៌មាន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​សារព័ត៌​មាននៅ​កម្ពុជា និង​អ្នកចូលរួម​ទាំងអស់​ក្នុង​ការ​ស្វែង​យល់​អំពី​សារៈសំខាន់ និង​សក្តានុពល​របស់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​ជា​បេះដូង​នៃ​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​សម្រាប់​ការ​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សម្បូរ​បែប និង​សម្រាប់​ការ​ស្តារ​ឡើង​វិញ​នូវ​ប្រភេទ​សត្វព្រៃ​សំខាន់​ដែល​មាន​តម្លៃ​ជាស​កល ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ជីវភាព​សហគមន៍​មូលដ្ឋាន និង​សេដ្ឋកិច្ចជាតិ ។

មន្ត្រី​ដដែល​ថា​«​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ស្រប​តាម​គោលការណ៍​របស់​ក្រសួងបរិស្ថាន​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារព័ត៌​មាននៅ​កម្ពុជា ក្នុង​ការ​បន្ត​និង​បង្កើន​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​ស្តី​ពី​ប្រធានបទ​បរិស្ថាន ធនធានធម្មជាតិ និង​ជីវៈចម្រុះ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ដើម្បី​ផ្តល់​នូវ​ព័ត៌មាន និង​ចំណេះដឹង​ឲ្យ​បាន​ដល់​ប្រជាជន​គ្រប់​ស្រទាប់​ទាំងអស់​នៅ​ក្នុង​សង្គម​កម្ពុជា និង​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ​សត្វព្រៃ​ដែល​កម្ពុជា​មាន​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត​»​។​ប្រភព​បន្ថែម​ថា​៖ «​ព័ត៌មាន និង​ចំណេះដឹង​ទាំងនេះ​នឹង​ចូលរួម​ចំណែក​បណ្តុះ​ការ​ស្រឡាញ់​បរិស្ថាន ធនធានធម្មជាតិ និង​ជីវៈចម្រុះ ក្នុង​ចំណោម​សាធារណជន​កាន់តែ​ច្រើន​ឡើង​ៗ និង​បំផុសស្មារតី​របស់​ប្រជាជន​ក្នុង​ការ​ចូលរួម​ថែរក្សា និង​ការពារ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​ខ្ពស់​សម្រាប់​ជាតិ​កម្ពុជា ក៏​ដូច​ជា​សម្រាប់​សកលលោក​ទាំងមូល​ដែរ​»​។

អស់​រយៈកាល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ អង្គការ WWF បាន និង​កំពុង​អនុវត្ត​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង វិស័យ​គ្រប់គ្រង និង​ការពារ​ធនធានធម្មជាតិ​។ ក្នុង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួ​ក្រសួងបរិស្ថាន និង​បណ្តា​ដៃគូ​ផ្សេង​ៗ​ទៀត អង្គការ WWF កំពុង​គាំទ្រ​ដល់​ការ​គ្រប់គ្រង និង​ថែរក្សា​ធនធាន​ជីវៈចម្រុះ​ដ៏​សម្បូរ​បែប​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច លើ​ផ្ទៃដី សរុប​ប្រមាណ ៦,០០០ (​ប្រាំមួយ​ពាន់​) គីឡូ​ម៉ែត្រការ៉េ ស្ថិត​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ។​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ស្រប​តាម​គោលការណ៍​របស់​ក្រសួងបរិស្ថាន​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារព័ត៌​មាននៅ​កម្ពុជា ក្នុង​ការ​បន្ត​និង​បង្កើន​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​ស្តី​ពី​ប្រធានបទ​បរិស្ថាន ធនធានធម្មជាតិ និង​ជីវៈចម្រុះ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ដើម្បី​ផ្តល់​នូវ​ព័ត៌មាន និ​ចំណេះដឹង​ឲ្យ​បាន​ដល់​ប្រជាជន​គ្រប់​ស្រទាប់​ទាំងអស់​នៅ​ក្នុង​សង្គម​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ