ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​លំ​ៗ​ទេ សម្រស់​គូ​ដណ្ដឹង​អ​ន្ទិ​ត ប៊ុ​ន សា​លួត ស្អាត​មិន​ចាញ់​តារា

3 ឆ្នាំ មុន

ខេត្តឧត្ដរមានជ័យ ៖ មហាជន​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​ពី​សម្រស់​អនាគត​ភរិយា​របស់​អ​ន្ទិ​ត ប៊ុ​ន សា​លួត គឺ​កញ្ញា វេ​ង សុខៈ​រក្ស ថា​មាន​សម្រស់​ស្អាត​មិន​ចាញ់​តារាភាពយន្ត​នោះ​ទេ…

ខេត្តឧត្ដរមានជ័យ ៖ មហាជន​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​ពី​សម្រស់​អនាគត​ភរិយា​របស់​អ​ន្ទិ​ត ប៊ុ​ន សា​លួត គឺ​កញ្ញា វេ​ង សុខៈ​រក្ស ថា​មាន​សម្រស់​ស្អាត​មិន​ចាញ់​តារាភាពយន្ត​នោះ​ទេ ដោយ​បាន​ភ្ជាប់ពាក្យ​កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ នៅ​ផ្សារ​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

គួរ​ជម្រាប​ថា ព្រះ​មេគណ​ខេត្តឧត្តរមានជ័យ និង​ជា​ប្រធាន​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន ព្រះ​ភិក្ខុ ប៊ុ​ន សា​លួត ដែល​ពុទ្ធ​បរិ​ស័​ទ្ធ​និយម​ហៅ​«​លោក​ឪ​» បាន​លាចាក​សិក្ខាបទ​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០២០ កន្លង​ទៅ ក្រោយ​បួស​ជា​ច្រើន​វស្សា និង​ចំណាយពេល​ភាគច្រើន នៃ​ភេទ​ជា​សង្ឃ ដើម្បី​ការពារ​ព្រៃឈើ ។ ព្រះ​អង្គ ប៊ុ​ន សា​លួត មាន​ព្រះ​ជន្ម​៥២​ព្រះ​វស្សា បាន​បួស​ជា​ព្រះសង្ឃ ៣០​ព្រះ​វស្សា ហើយ​បាន​ចំណាយពេល​ចំនួន ២០​ព្រះ​វស្សា​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខ​វ័​ន្ត ។

អ្វី​ដែល​គួរ​ចាប់អារម្មណ៍ ក្រោយ​លាចាក​សិក្ខាបទ​បាន​ប្រមាណ​ជាង ១​ខែ កន្លង​ទៅ​នេះ ស្រាប់តែ​អ​ន្ទិ​ត ប៊ុ​ន សា​លួត បាន​សាង​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​មួយ ដោយ​បាន​ភ្ជាប់ពាក្យ​គូ​ដណ្ដឹង មាន​រូបឆោម​លោម​ពណ៌​ដ៏​ស្រស់​សោភា ឈ្មោះ វេ​ង សុខៈ​រក្ស អាយុ​១៩​ឆ្នាំ រស់នៅ​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ នាង​មាន​បងប្អូន​៣​នាក់ នៅ​ក្នុង​គ្រួសារ មុខរបរ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ជាមួយ​ម្ដាយ​នាង និង​មាន​ឪពុក​ជា​មន្ត្រី​ប៉េ​អឹ​ម ហើយនឹង​ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃ​ទី​១៧-១៨ ខែកុម្ភ​: ឆ្នាំ​២០២១ ខាង​មុខ​នេះ​ហើយ ។

លោក​ឪ ប៊ុ​ន សា​លួត បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ មក​រា ២០២១ អោយ​ដឹង​ថា ការ​ដែល​គូ​ដណ្ដឹង​វ័យក្មេង ព្រម​ភ្ជាប់ពាក្យ និង​ត្រៀម​រៀប​ការ​ជាមួយ​លោក ដែល​មាន​អាយុ​ឃ្លាតឆ្ងាយ​ពី​នាង ដូច​ជីតា​និង​ចៅ​នេះ មិនមែន​ដោយសារ មានការ​បង្ខិតបង្ខំ​ពី​ឪពុក​ម្ដាយ​នាង​ទេ គឺជា​ការ​ពេញចិត្ត ដោយ​ខ្លួន​នាង​ផ្ទាល់ ព្រោះ​លោក​បាន​សាកសួរ​អស់ហើយ ក្នុង​រយៈពេល​ខ្លី ដែល​បាន​ស្គាល់គ្នា មុន​នឹង​ឈាន​ដល់​ការ​ភ្ជាប់ពាក្យ​នេះ ។

ជាមួយ​នេះ លោក​ក៏​សូម​អរគុណ​ដល់​អ្នក​ទាំងឡាយ​ដែល​បាន​ជូនពរ​នេះ ដោយ​លោក​និយាយ​ថា «​បាទ​! ខ្ញុំ​ត្រេកអរ​ណាស់ ចំពោះ​បងប្អូន​ទូ​ទាំង​ប្រទេស ដែល​បាន​ជូនពរ​ខ្ញុំ ដោយសារ​នេះ​ក្នុង​ព្រះពុទ្ធ​សាសនា​ហៅ​ថា និស្ស័យ ហៅ​ថា​គូព្រេង ហើយ​ឃើញ​ថា ខ្ញុំ​មានគូស្រករ​មានអី ចេះ​ចាប់ដៃ​គ្នា ហើយ​ខ្ញុំ​គ្មាន​អី​ទេ មាន​តែ​ថ្លែង​អំណរ​អរគុណ និង​ជូនពរ​បួងសួង​ទេវតា​ឆ្នាំ​ថ្មី ហើយ​បារមី​ព្រះ​អង្គ​តាម​ថែរក្សា​នូវ​ញាតិ​ញោម​ទាំងអស់​ដែល​ជូនពរ​ខ្ញុំ បន្ទាប់​ពី​ខ្ញុំ​បាន​ភ្ជាប់ពាក្យ​កាលពី​ម្សិល (១១ មក​រា​) ហ្នឹង ។ គោលបំណង​ខ្ញុំ ចង់​រៀប​ការ​ដល់​ខែវស្សា ឯណោះ គឺ​ចង់​ឲ្យ​ក្មួយ​ៗ​បង្កើត​របស់ខ្ញុំ រៀប​ការ​មុន​អស់​សិន ប៉ុន្តែ​ឪពុក​ម្ដាយ​គេ ក៏​ឯកភាព​គ្នា​ឲ្យ​ខ្ញុំ​មុន​ទៅ ព្រោះ​មា​ចាស់​ហើយ ឯ​ក្មួយ​ៗ​ចាំ​ក្រោយ​» ។

លោក​ឪ បាន​មាន​ប្រសាសន៍​ថា ចំពោះ​ខ្ញុំ និង​គូ​ដណ្ដឹង​ខ្ញុំ​នោះ ស្គាល់គ្នា​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​ចរិត​គាត់ ទី​១ គាត់​មិន​ដែល​ចេះ​ដើរទៅ​ណា ទៅ​ណី ពេល​យប់​ព្រលប់ ទោះបី​គាត់​ទៅ​ណា គាត់​សុំ​ឪពុក​ម្ដាយ​គាត់ ហើយ​ទោះបី គាត់​ស្គាល់​ខ្ញុំ ទើបបាន​ថ្មីថ្មោង​មែន តែ​ពេល​គាត់​ទៅ​ណា​ញ៉ាំ​អី ក៏​គាត់​ប្រាប់​ខ្ញុំ ។ ទី​២ ការងារ​គាត់ អាច​ជំនួស​ឪពុក​ម្ដាយ​បាន គឺ​គាត់​អត់​បាន​រៀន​ច្រើន​ទេ ដោយសារ​ម្ដាយ​គាត់​ឈឺ គាត់​ក៏​ឈប់​រៀន មក​ជួយ​ឪពុក​គាត់​ទៅ ធ្វើ​ឲ្យ​ឪពុក​គាត់​ស្រួល ព្រោះ​គាត់​ជួយ​ដៃជើង​បាន​មែន ជា​ពិសេស​ជួយ​លក់ដូរ​ម្ដាយ​គាត់​» ។

អ​ន្ទិ​ត ប៊ុ​ន សា​លួត បន្ត​ថា «​អាហ្នឹង​ជា​គូ​របស់ខ្ញុំ​ហើយ​ៗ​គាត់​ទទួលយក​យើង​បាន យើង​កោតសរសើរ​ដែរ ដោយ​ខ្ញុំ​និយាយ​មួយ​ម៉ាត់​ទេ ទោះបី​គេ​ជឿ​ខ្ញុំ មិន​ជឿ​ខ្ញុំ ក៏​ខ្ញុំ​អ្នកបួស ខ្ញុំ​មាន​សច្ចធម៌ ខ្ញុំ​អ្នក​កាន់​សច្ចធម៌ ។ កាល​ដើម ខ្ញុំ​គិត​ថា គាត់​ទទួលយក​ខ្ញុំ​មិន​បាន​ទេ ដោយសារ​ខ្ញុំ ចាស់​ជាង​គាត់​ច្រើន ប៉ុន្តែ​គាត់​ទទួលយក​យើង​បាន ហើយ​ទទួលយក​បាន​នេះ មិនមែន​ដោយសារ​គេ ឪពុក​ម្ដាយ​គាត់​បង្ខិតបង្ខំ​ទេ ។ ខ្ញុំ​បាន​និយាយ​ជាមួយ​នាង នៅ​មុខ​ម៉ែឪ​គេ គ្រួសារ​គេ​ទាំងអស់​ថា បើ​ចៅ​ឯង​មានការ​បង្ខិតបង្ខំ ខ្ញុំ​មិន​អាច​ទទួលយក​បាន​ទេ ព្រោះ​ខ្ញុំ​ត្រូវការ​ស្អាត គាត់​ក៏​ត្រូវការ​ស្អាត បើ​ថា​មាន​សង្សារ មានអី​ហើយ​ក៏​ដោយ ឲ្យ​ឆ្លើយ​ប្រាប់​ខ្ញុំ​ត្រង់ ហើយ​បើ​ឪពុក​ម្ដាយ​បង្ខិតបង្ខំ ឲ្យ​ឆ្លើយ​ប្រាប់​ខ្ញុំ​ត្រង់​ដែរ ព្រោះ​ខ្ញុំ​អត់​ចង់​បានការ​បង្ខិតបង្ខំ​ទេ តែ​គាត់​ឆ្លើយ​ថា គ្មាន​ការ​បង្ខិតបង្ខំ​ទេ តែ​អ្វី​នាង​ពេញចិត្ត​ខ្ញុំ ដោយសារ​ខ្ញុំ​ជា​មនុស្ស​ចាស់ បាន​បួស​ច្រើន មិន​ខ្លាច​រៀប​ការ​ហើយ ប្រើ​អំពើ​ហិង្សា ព្រោះ​គាត់​ឃើញ​ប្ដី​ប្រពន្ធ​គេ នៅ​ជិត​ផ្ទះ វ៉ៃតប់​គ្នា ទើប​គាត់​ប្រើ​ពាក្យ​អ៊ីចឹង ហើយ​ខ្ញុំ​សូរ​ទៀត​ថា បើ​ស្រឡាញ់​ខ្ញុំ តើ​ខ្លាច​គេ​សើច គេ​យំ​ដែរ ?

នាង​ឆ្លើយ​ថា ទៅ​ខ្លាច​គេ​សើច​គេ​យំ​ធ្វើ​អី ! ព្រោះ​មាន​ទៅ​យក​លុយ​គេ​ឯណា សុំ​បាយ​គេ​ស៊ី​ឯណា ពេល​យើង​បាន​សុខ មាន​គេ​ឲ្យ​សុខ​យើង​ឯណា​! គាត់​និយាយ​អ៊ីចឹង ធ្វើ​ឲ្យ​កាន់តែ​មាន​ទំនុកចិត្ត ជឿជាក់​លើ​គាត់ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលយក​គាត់​បាន ហើយ​ខ្ញុំ​ជឿជាក់​ថា គាត់​មិន​និយាយ​ដោយ​ល្បិច​កល​ទេ ព្រោះ​ខ្ញុំ​ថា បើ​ស្រឡាញ់​គ្នា ស្រឡាញ់​ឲ្យ​ដល់​ចប់ ចាស់​កោង​ខ្នង​រៀងខ្លួន ហើយ​គាត់​ថា គាត់​ទទួលយក​បាន ។

ដូច្នេះ​ខ្ញុំ​អរគុណ​ច្រើន ហើយ​សូម​ជូនពរ​គាត់​ឲ្យ​សុខភាព​ល្អ ជួប​តែ​សេចក្ដីសុខ សេចក្ដីចម្រើន រកស៊ី​មានបាន​ជាមួយនឹង​ខ្ញុំ ត្រជាក់ត្រជំ ហើយ និង​អ្នក​ដែល​គាំទ្រ​ខ្ញុំ ក៏​សុំ​ឲ្យ​រកស៊ី​មានបាន​ទាំងអស់​គ្នា សុខ​ចម្រើន​ទាំងអស់​គ្នា ហើយ​សុំ​កុំ​ឲ្យ​បងប្អូន​ទាំងអស់ យល់​ច្រឡំ​ថា គាត់​មានការ​បង្ខិតបង្ខំ​ពី​ឪពុក​ម្ដាយ ទើប​ព្រម​ទទួល​ខ្ញុំ ។ យ៉ាងណា លោក​ឪ ប៊ុ​ន សា​លួត បាន​បញ្ជាក់​ថា “​លោក​និង​គូ​ដណ្ដឹង នឹង​ត្រូវ​រៀប​ការ​នៅ​ថ្ងៃ​ទី​១៧-១៨ ខែកុម្ភ​: ឆ្នាំ​២០២១ ខាង​មុខ​នេះ​ហើយ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ