ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួនផ្កាយ១ យោធា ​ដែលយក​កាំភ្លើង វាយសន្តិសុខ បែកក្បាល

8 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល៖ នាល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ លោក ថោង ផល្លារង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បាន​សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន…

ខេត្តកណ្តាល៖ នាល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ លោក ថោង ផល្លារង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បាន​សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ លើលោកផ្កាយ ១យោធា ដែលបានយកកាំភ្លើង វាយសន្តិសុខ បែកក្បាល។ ​យោធាផ្កាយ១ ជាបុគ្គលិក​គ្លីនិកនេះ ត្រូវបានចោទប្រកាន់ពីបទ” ប្រើប្រាស់អាវុធគ្មានខុសច្បាប់ តាមមាត្រា២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា” តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ​។

អំពើហិង្សានេះ កើតឡើង នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២៖៣០នាទី រសៀល នៅមន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង ក្នុង​ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល​។

សមត្ថកិច្ច ថ្លែងថា ជនរងគ្រោះ ឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យ ឈ្មោះ ហេង គាហុង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង និង​ជាមន្ត្រីយោធាពាក់ផ្កាយ១​។

ជនរងគ្រោះ ​រងរបួសបែកក្បាលផ្នែកខាងឆ្វេង លើត្រចៀក ១កន្លែង និងដេរអស់ ៣ថ្នេរ។ វត្ថុតាងចាប់យក រួមមាន អាវុធខ្លីមួយដើមម៉ាក CF98 មានបង់ចំនួនមួយ និង​គ្រាប់ចំនួនមួយ។

សមត្ថកិច្ច បន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៨៖០០នាទី ជនរងគ្រោះ បានទៅយាមជំនួសគេមួយយប់ នៅគ្លីនិក សុខ ម៉េង។ នៅពេលយាមដល់ម៉ោងប្រហែល ៥ទៀបភ្លឺ ក៏មានមនុស្សប្រុសម្នាក់ មកសួរជនរងគ្រោះថា «ពូសន្តិសុខយាមនៅហ្នឹងរាល់ថ្ងៃទៅណាហើយ» ជនរងគ្រោះឆ្លើយថា គាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ​។ ពេលនោះ មនុស្សប្រុសម្នាក់នោះ បានខ្ចីលុយពីជនរងគ្រោះ ចំនួន ៣ពាន់រៀល ហើយជនរងគ្រោះ ក៏ឱ្យលុយខ្ចីចំនួន ៣ពាន់រៀល ហើយមនុស្សប្រុសនោះ ក៏ដើរចេញទៅវិញ ដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ​។ លុះដល់ម៉ោង ៦ព្រឹក ទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជើងស៊កស្បែក ចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារ ចូលគ្លីនិករបស់ខ្លួន ធ្វើការ ដោយជនសង្ស័យ គិតថា បងប្អូនអ្នកជំងឺយកពាក់សិន ទើបមិនរក​។ រហូតដល់ម៉ោង ៨យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់ បានឈរនិយាយជាមួយជនរងគ្រោះ និង​ហុចលុយឱ្យជនរងគ្រោះ ហើយបុរសនោះ បានពាក់យកស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។

បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុន​សន្តិសុខ ដើម្បីហៅជនរងគ្រោះ មកជជែកគ្នា ឱ្យដឹងសាច់រឿង។

រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០ព្រឹក ជនសង្ស័យ បានណាត់ជាមួយក្រុមហ៊ុនសន្តិសុខ ឱ្យនាំជនរងគ្រោះមកជជែកគ្នា នៅក្នុងគ្លីនិក តែមិនឃើញមកសោះ ទើបជនសង្ស័យខឹង ក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញ វិញទៅ។

 រហូតដល់ម៉ោង១២រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ទើបក្រុមហ៊ុនសន្តិសុខ​ទៅដល់គ្លីនិក មិនឃើញជនសង្ស័យ ក៏តេទូរស័ព្ទហៅជនសង្ស័យ មកជជែកគ្នាវិញ។

លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិក ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោមកវាយ ទៅលើជនរងគ្រោះ ចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យដួល ហើយជនសង្ស័យ ក៏ដើរចូលក្នុងគ្លីនិកបាត់ទៅ។

ចំណែកជនរងគ្រោះ ត្រូវបានបុគ្គលិកពេទ្យ យកទៅលាងរបួស និងដេរចំនួន ៣ថ្នេរ។ បន្ទាប់មកជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ ឱ្យសមត្ថកិច្ច ទើបសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើង ទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឱ្យមកយាម បែរជាត្រូវគ្នា​ជាមួយចោរទៅវិញ ដើម្បីលួចស្បែកជើងរបស់ខ្លួន​។

សូមបញ្ជាក់ជូនថា តាមការឆែកកាមេរ៉ាសុវត្ថិភាព ឃើញថា មានមនុស្សប្រុសម្នាក់ បានមកហុចលុយឱ្យជនរងគ្រោះ​ប្រាកដមែន​៕ ដោយ៖ ឆ ដា

Picture
Picture
Picture
Picture