ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​! ជនបិទមុខ​ចូល​កា.ប់​ព្រះ​សង្ឃ​ក្នុង​វត្ត​ឈើទាល​ទាំង​កណ្តាល​​ថ្ងៃ​ត្រង់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជន​ទមិឡ​ម្នាក់​ដែល​បិទមុខ​ជិត ហើយ​ជិះ​ម៉ូតូ​ចូល​ទៅ​កាប់​ប្រហារ​ព្រះសង្ឃ​មួយ​អង្គ ដល់​ក្នុង​កុដិ​ផ្អើល​ពេញ​វត្ត​ឈើទាល​ទាំង​កណ្ដាលថ្ងៃត្រង់ នៅ​ស្រុក​បាណ​ន់ បណ្ដាល​ឲ្យ​របួស​ធ្ងន់ ពេល​នេះ​ត្រូវ​កម្លាំង​នគរបាល​តាម​ឃាត់ខ្លួន​បាន​ហើយ​។ នេះ​បើ​តាម​លោក ប៉ាន់…

ខេត្តបាត់ដំបង ៖ ជន​ទមិឡ​ម្នាក់​ដែល​បិទមុខ​ជិត ហើយ​ជិះ​ម៉ូតូ​ចូល​ទៅ​កាប់​ប្រហារ​ព្រះសង្ឃ​មួយ​អង្គ ដល់​ក្នុង​កុដិ​ផ្អើល​ពេញ​វត្ត​ឈើទាល​ទាំង​កណ្ដាលថ្ងៃត្រង់ នៅ​ស្រុក​បាណ​ន់ បណ្ដាល​ឲ្យ​របួស​ធ្ងន់ ពេល​នេះ​ត្រូវ​កម្លាំង​នគរបាល​តាម​ឃាត់ខ្លួន​បាន​ហើយ​។ នេះ​បើ​តាម​លោក ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់ ដែល​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២០​នេះ​។

តាម​រយៈ​ទូរស័ព្ទ លោក ប៉ាន់ វ៉ា​ន់​នី បាន​ថ្លែង​ថា ជន​នោះ​ត្រូវ​កម្លាំង​របស់​លោក​តាម​ចាប់ខ្លួន​បាន​ដល់​ស្រុក​សង្កែ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មក​រា នេះ ក្រោយ​ជន​នេះ​ចូល​ទៅ​កាប់​ព្រះសង្ឃ​មួយ​អង្គ ដែល​គង់នៅ​ក្នុង​វត្ត​ឈើទាល បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។ ប៉ុន្តែ​លោក​អធិការ​មិន​ទាន់​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​ជន​នោះ​ជិះ​ម៉ូតូ​ទៅ​កាប់​ព្រះសង្ឃ​ដល់​ក្នុង​កុដិ​នោះ​ទេ​។ លោក​អធិការ​គ្រាន់តែ​បញ្ជាក់​ថា ជន​នោះ​ពិតជា​ជនសង្ស័យ​ដែល​បាន​កាប់​ព្រះសង្ឃ​មែនហើយ តែ​មិន​ទាន់​បាន​ចម្លើយ​ពី​ជន​នេះ​នៅឡើយ​ទេ ព្រោះ​កម្លាំង​កំពុង​នាំ​ខ្លួន​ជន​នេះ​ទៅ​កាន់​អធិការ​ស្រុក ដើម្បី​សាកសួរ​នាំ​។

ព្រះ​តេជគុណ សូត្រ សុ​ផុ​ន ព្រះ​ជន្ម​៧២​វស្សា គ្រូសូត្រឆ្វេង​ដែល​គង់នៅ​«​វត្ត​ឈើទាល​» ស្ថិត​នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់ ត្រូវ​ជន​ទមិឡ​ម្នាក់​បិទមុខ​ជិត​ជិះ​ម៉ូតូ​ចូល​ទៅ​កាប់​ប្រហារ​ដល់​ក្នុង​កុដិ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ មក​រា ខណៈ​ព្រះសង្ឃ​នានា​កំពុង​គង់នៅ​ក្នុង​កុដិ​យ៉ាង​ស្ងាត់ស្ងៀម​។ ប៉ុន្តែ​បាន​ភ្ញាក់ផ្អើល​ពេញ​វត្ត ក្រោយ​ពី​នេន​ៗ​ដឹង​រឿង​នេះ​ស្ទុះ​ទៅ​វាយ​រកាំ​ង​ប្រកាស​អាសន្ន​ទាំង​កណ្ដាលថ្ងៃត្រង់​។ ព្រះ​តេជគុណ សូត្រ សុ​ផុ​ន ត្រូវ​ជន​ទមិឡ​អត់​សាសនា​នោះ ប្រើ​កាំបិត​ខ្វែវ​កាប់​ត្រូវ​ចំ​លើ​ថ្ពាល់​ខាងស្ដាំ​មួយ​កាំបិត និង​របួស​ម្រាមដៃ​ម្ខាង​ទៀត​។

បើ​តាម​សង្ឃដីកា ព្រះ​តេជគុណ សូត្រ សុ​ផុ​ន ដែល​រៀបរាប់​ប្រាប់​ព្រះសង្ឃ​នានា ក្រោយ​ពេល​កើតហេតុ​បន្តិច​ថា នៅ​ពេល​ព្រះ​អង្គ​កំពុង​សឹង​នៅ​ក្នុង​កុដិ​សុខ​ៗ ស្រាប់តែ​មាន​ជន​ម្នាក់​ដើរទៅ​គោះ​ទ្វារ​កុដិ​ហៅ​ព្រះ​អង្គ ហើយ​ពេល​ព្រះ​អង្គ​បង្ហើប​ទ្វារ​អើត​មើល​ក៏​ត្រូវ​ជន​នោះ​កាប់​មក​លើ​ព្រះ​អង្គ​ទាំង​កំរោល​ចំ​ផ្ទៃមុខ​ខាងស្ដាំ ដោយ​មិន​បាន​សួរនាំ​អ្វីមួយ​ម៉ាត់​សោះ​។ ព្រះ​អង្គ​ត្រូវ​គេ​ស្រង់​ដីកា​ទៀត​ថា គ្រានោះ​ព្រះ​អង្គ​បាន​ប្រវាយប្រតប់​ដណ្ដើម​កាំបិត​ពី​ជន​ដៃដល់ រហូត​ធ្វើ​ឲ្យ​ព្រះ​អង្គ​របួស​រយៈ​ដៃ​ថែម​ទៀត តែ​ជន​បាន​រត់​ចោល​ស្បែកជើង ចោល​កាំបិត និង​អាវ​រុំ​កាំបិត ហើយ​ព្រះ​អង្គ​ក៏​ស្រែក​ផ្អើល​ព្រះសង្ឃ​នានា​នៅ​ក្នុង​វត្ត​តែ​ម្ដង​។

ក្នុង​នាម​សាក្សី ព្រះ​ភិក្ខុ ខន អាន ដែល​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​ភ្លាម​ៗ បាន​ផ្ដល់​បទ​សម្ភាសន៍​ផ្ទាល់​ថា ព្រះ​អង្គ​បាន​រត់​ចុះ​ពី​កុដិ​ក្រោយ​ឮ​សំឡេង​ស្រែក​ឲ្យ​ជួយ​។ ពេល​នោះ​ព្រះ​អង្គ​ឃើញ​ព្រះ​តេជគុណ សុ​ផុ​ន យកដៃ​ខ្ទប់​មុខ ដែល​ពោរពេញ​ទៅ​ដោយ​ឈាម ។ ព្រះ​អង្គ​បាន​ប្រាប់​ថា ស្រប​ពេល​នោះ ព្រះ​អង្គ​ឃើញ​ជន​ម្នាក់​បិទមុខ (​ជន​ដៃដល់​) ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​អាច​ម៌​សេះ ស្រ​ដៀង​ឯកសណ្ឋាន​ប៉ូលិស បានរ​ត់ទៅ​ឡើង​ជិះ​ម៉ូតូ​ដែល​ទុក​ឆ្ងាយ​ពី​កុដិ​ប្រហែល​៥០​ម៉ែត្រ រួច​ចេញពី​ក្នុង​វត្ត​ភ្លាម​ៗ ហើយ​គ្រានោះ​ក៏​មានការ​ផ្អើល​ឆោឡោ​ពេញ​វត្ត​តែ​ម្ដង​។

ដោយឡែក​សាក្សី​នៅ​ក្រៅ​វត្ត​វិញ បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនបិទមុខ​នោះ ជិះ​ម៉ូតូ​ឆ្វែល​នៅ​ក្នុង​វត្ត និង​ខាងក្រៅ​វត្ត​ជា​ច្រើន​ជុំ ហើយ​ចុង​ក្រោយ​គេ​ឃើញ​ជន​នោះ​ឈប់​ម៉ូតូ​ទិញ​បារី​នៅ​ខាង​មុខ​វត្ត​។ សាក្សី​បញ្ជាក់​ថា ក្រោយ​ពី​ទិញ​បារី ជន​នោះ​បាន​ជិះ​ម៉ូតូ​ចូល​ក្នុង​វត្ត លុះ​បន្តិច​ក្រោយមក​ក៏​ស្រាប់តែ​មានការ​ស្រែក​ឆោឡោ ហើយ​ឃើញ​ជន​នោះ​ជិះ​ម៉ូតូ​យ៉ាង​លឿ​ចេញពី​វត្ត​ឆ្ពោះទៅ​ទិស​ខាងជើង​បាត់​។ ប៉ុន្តែ​ពេល​គេ​នាំ​គ្នារ​ត់ទៅ​ក្នុង​វត្ត ស្រាប់តែ​ឃើញ​ព្រះ​តេជគុណ សូត្រ សុ​ផុ​ន ដែល​ល្បីល្បាញ​ចេះ​ស្រោច​ទឹក​ផង មាន​ឈាម​ប្រឡាក់​ជោក​ពេញ​ផ្ទៃមុខ និង​លើ​ស្បង់​ចីវរ ហើយ​បាន​ប្រាប់​គេឯង​ថា ត្រូវ​ជនបិទមុខ​ម្នាក់​កាប់​ព្រះ​អង្គ​ឲ្យ​របួស​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ឈើទាល ព្រះ​តេជគុណ ញ៉ិ​ប ច័​ណ្ទ​រិ​ទ្ធិ បាន​មាន​សង្ឃដីកា​ថា ពេល​កើតហេតុ ព្រះ​អង្គ​កំពុង​សឹង​នៅ​ក្នុង​កុដិ​ដែរ ហើយ​ពេល​ព្រះ​អង្គ សូត្រ សុ​ផុ​ន ស្រែកហៅ​ឲ្យ​ជួយ​ព្រះ​អង្គ​ក៏​មិន​ឮ​សំឡេង​ដែរ តែ​បានដឹង​នៅ​ពេល​នេន​ៗ​វាយ​រកាំ​ង​ប្រកាស​អាសន្ន​ដ៏​ចម្លែក​ទាំង​កណ្ដាលថ្ងៃត្រង់​។

ព្រះ​អង្គ​បាន​បញ្ជាក់​ថា ពេល​ព្រះ​អង្គ​ចេញ​មក​មើល ស្រាប់តែ​ឃើញ​ព្រះ​អង្គ សុ​ផុ​ន និមន្ត​ខ្ទប់​មុខ​ឈាម​ជោកជាំ​សំដៅ​មក​កុដិ​ព្រះ​អង្គ​។ លុះ​សួរនាំ ទើប​ដឹក​ថា ព្រះ​អង្គ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​កាប់​ដល់​ក្នុង​កុដិ​។ ព្រះ​អង្គ​មិន​ទាន់​ដឹង​ថា អំពើ​ហិង្សា​ទៅ​លើ​ព្រះសង្ឃ​បែប​នេះ​ផ្ដើម​ចេញពី​រឿង​អ្វី​ទេ​។ ប៉ុន្តែ​កន្លង​ទៅ​មាន​កូនសិស្សលោក​ម្នាក់​សុំ​បួស តែ​ព្រះ​អង្គ​មិន​ឲ្យ​បួស ព្រោះ​កូនសិស្ស​រូប​នោះ​ប្រើប្រាស់​ថ្នាំ​ញៀន ហើយ​ក៏​ចេញពី​វត្ត​បាត់​រហូត​ទៅ​ត​។ ទោះ​យ៉ាងណា ជនល្មើស​បាន​រត់​ចោល​កាំបិត​ខ្វែវ​១ អាវ​រុំ​កាំបិត​១ និង ស្បែកជើង​១​គួរ និង​បាន​ប្រគល់​ជួន​សមត្ថកិច្ច​ហើយ​។

ជុំវិញ​ករណី​នេះ អធិការ​ស្រុក​បាណ​ន់ លោក ប៉ាន់ វ៉ា​ន់​នី បាន​បញ្ជាក់​ប្រាប់​ថា ពេល​នេះ​យើង​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ហើយ គឺ​ឈ្មោះ ហេង សា​រិ​ន ហៅ​ពៅ អាយុ​២០​ឆ្នាំ នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ លោក​បាន​បន្ថែម​ថា ជន​នេះ​ធ្លាប់​ធ្វើ​កូនសិស្សលោក​នៅ​វត្ត​ឈើទាល ។

បើ​តាម​ចម្លើយ​បឋម​របស់​ជន​ទមិឡ​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់​ព្រះសង្ឃ សូត្រ សុ​ផុ​ន មែន ដោយសារ​ខឹង​នឹង​ព្រះ​អង្គ​មិន​ឲ្យ​ខ្លួន​បួស​។ ក្រោយ​ស្ដាប់​ចម្លើយ​បឋម​របស់​ជនសង្ស័យ លោក​ប៉ាន់ វ៉ា​ន់​នី បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី​ជន​ដៃដល់​ខាងលើ​នេះ កាប់​ទៅ​លើ​ព្រះ​អង្គ សូត្រ សុ​ផុ​ន គឺ​ផ្ដើម​ចេញពី​រឿង​គំនុំ តែ​ជន​នេះ​ហាក់​មាន​សតិ​មិន​ប្រក្រតី​ទេ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស​គ្រឿងញៀន​។ ទោះ​យ៉ាងណា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​នាំ​ខ្លួន​ជន​នេះ​មក​កាន់​អធិការ ដើម្បី​សាកសួរ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ