ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២១​រំពឹង​ងើបឡើង​រង្វង់៤ភាគរយ ឬ​លើស​​អាស្រ័យ​ប្រសិទ្ធភាព​ថ្នាំ​បង្ការ​កូ​វី​ដ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២១ ត្រូវ​បាន​ស្ថាប័នហិរញ្ញវត្ថុ​ធំ​ៗ នៅ​ក្នុងស្រុក​និង​អន្តរជាតិ​បាន​ធ្វើការ​ព្យាករ​ថា​នឹង​ងើបឡើង​វិញ​ក្នុង​រង្វង់ ៤​ភាគរយ ទៅ ៦,៨​ភាគរយ តែ​ការ​ព្យាករ​នេះ​ពឹងផ្អែក​ជា​ចម្បង​ទៅ​លើ​ប្រសិទ្ធភាព​នៃ​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ងើបឡើង​វិញ​នៃ​កំណើន​ក្នុង​ប្រទេស…

រាជធានី​ភ្នំពេញ​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២១ ត្រូវ​បាន​ស្ថាប័នហិរញ្ញវត្ថុ​ធំ​ៗ នៅ​ក្នុងស្រុក​និង​អន្តរជាតិ​បាន​ធ្វើការ​ព្យាករ​ថា​នឹង​ងើបឡើង​វិញ​ក្នុង​រង្វង់ ៤​ភាគរយ ទៅ ៦,៨​ភាគរយ តែ​ការ​ព្យាករ​នេះ​ពឹងផ្អែក​ជា​ចម្បង​ទៅ​លើ​ប្រសិទ្ធភាព​នៃ​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ងើបឡើង​វិញ​នៃ​កំណើន​ក្នុង​ប្រទេស ជា​ដៃគូ​សេដ្ឋកិច្ច​កម្ពុជា​រួម​និង​ការ​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​ក្នុងស្រុក​។

យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី ៣១ ធ្នូ នេះ បាន​បង្ហាញ​របាយការណ៍​ស្តី​ពី ៖ « វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​វិស័យ​ធនាគារ ឆ្នាំ ២០២០ និង​ទស្សនៈវិស័យ​ឆ្នាំ​២០២១» ថា ក្នុង​បរិការណ៍​ដែល​ថ្នាំ​បង្ការ​មាន​ប្រសិទ្ធភាព​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​ក្នុង​ឆមាស​ទី​ឆ្នាំ ២០២១ នោះ​សេដ្ឋកិច្ច​កម្ពុជា​រំពឹង​ថា​អាច​ងើបឡើង​វិញ​ក្នុង​រង្វង់ ៤ ភាគរយ ហើយ​អត្រា​អតិផរណា រំពឹង​ថា​មាន​កម្រិត​ក្រោម ៣ ភាគរយ ដែល​ជា​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន ជាមួយ​និង​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ និង​ការ​រក្សា​បាន​កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ ។

ចំណែក​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា បាន​ព្យាករ​ថា​អត្រាកំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​សម្រេច​បាន ពី ៤​ភាគរយ ទៅ ៦,៨ ភាគរយ ។ តែ​ទោះ​យ៉ាងណា​ការ​ព្យាករ​ទាំងនេះ អាស្រ័យ​ជា​ចម្បង​លើ​ប្រសិទ្ធភាព​នៃ​ថ្នាំ​បង្ការ ល្បឿន​នៃ​ការ​ងើបឡើង​វិញ​នៃ​កំណើន​ក្នុង​ប្រទេស ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា និង​ការ​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​ក្នុងស្រុក​។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ស្ថិត​ក្នុង​បរិការណ៍​ខាងលើ​នេះ ការ​បន្ត​ពង្រឹង​សកម្មភាព​សេដ្ឋកិច្ច ក្នុងស្រុក​ថែម​ទៀត​នឹង​ជួយ​ទ្រទ្រង់​និង​កាត់​បន្ថយ​ការ​ប៉ះពាល់ លើ​កំណើនសេដ្ឋកិច្ច​កម្ពុជា ដោយសារ​ការ​ធ្លាក់​ចុះ​វិស័យ​ខាងក្រៅ​។​ដូច្នេះ​ការ​បន្ត​អនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​ការ​អភិវឌ្ឍ សហគ្រាស​ធុន​តូច និង​មធ្យម ការ​ជំរុញ​នវានុវត្តន៍ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ លើ​គ្រប់​វិស័យ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​កំណើន​សកម្មភាព​ក្នុងស្រុក​។

ជាមួយ​គ្នា​នេះ វិស័យ​កសិកម្ម និង​បន្ត​ជា​វិស័យ​ដ៏​សំខាន់​និង​មាន​សក្តានុពល​ខ្ពស់ ដែល​អាច​ជួយ​ស្រូប​ឥទ្ធិពល​មួយ​ផ្នែក​នៃ​វិបត្តិ​ដូច​ជា​ភាព​អត់​ការងារ​ធ្វើ ឬ​ជួយ​គាំទ្រ​ជីវភាព​ប្រជាជន​ក្រីក្រ ។ ម្យ៉ាងទៀត ការ​ព​ន្លឿ​ន​ការ​ធ្វើ​ពិពិធ​កម្ម មូលដ្ឋាន​សេដ្ឋកិច្ច និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ងើបឡើង​កាន់តែ​ឆាប់រហ័ស ពី​វិបត្តិ​នា​បច្ចុប្បន្ន​នេះ ។ លើស​ពី​នេះ ការ​ចាប់ផ្តើម​ទទួល​បាន​ចំណូល​ពី​ការ​ផលិត​ប្រេង នៅ​កម្ពុជា​នឹង​ផ្តល់​ប្រភព​ថវិកាជាតិ​មួយទៀត សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​អាទិភាព​នានា​នៅ​ពេល​ខាង​មុខ​។

សំខាន់​ដូច​គ្នា​នេះ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នឹង​បន្ត​ដើរតួ​នាទី​គន្លឹះ​មួយ ក្នុង​ការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ព្រមទាំង​រួមចំណែក​រក្សា​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។ លើស​ពី​នេះ​ការ​រំពឹង​ពី​ការ​ងើបឡើង នៃ​កំណើនសេដ្ឋកិច្ច​នឹង​អាច​បន្ថយ​សម្ពាធ​មក​លើ​វិស័យ​ធនាគារ ជា​ពិសេស​លទ្ធភាព​បង្កើន​ឥណទាន​និង​ទទួល​បាន​ប្រាក់​បញ្ញើ​ខ្ពស់​ជាង​ឆ្នាំ​២០២០ ។ តែ​ទោះជា​យ៉ាងណា​ការ​ថយ​ចុះ​ចំណូល និង​សន្សំ​នៅ​ឆ្នាំ ២០២០ នឹង​អាច​បង្កើន​បំណុល​របស់​ប្រជាជន ដែល​បញ្ហា​នេះ​អាច​បង្ក​ជា​ហានិភ័យ​ចម្បង​មួយ ដូចដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​បាន​នឹង​កំពុង​ប្រឈម​ក្នុង​ដំណាក់កាល​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩​ដូច្នេះ​ដែរ ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ពង្រឹង​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ធនាគារ​និង​បាន​ត្រៀម​ដាក់​ចេញ​វិធានការ​ប្រុង​ប្រយ័ត្ន​និង​ការ​គាំទ្រ​ចាំបាច់​នានា ដើម្បី​រក្សា​ចីរភាព ភាព​ធន់ និង​ទំនុកចិត្ត​មក​លើ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ