ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​អង្ករជាង៦៩ ម៉ឺន​តោន​ខណៈ​ការ​នាំ​ទៅ​ចិន​ជាង៤១ភាគរយក្នុង​ឆ្នាំ​២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០២០​សរុប​មាន​ចំនួន ៦៩០.៨២៩ តោន​មាន​កំណើន​ប្រមាណ ១១,៤០% ខណៈ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​មាន​ប្រមាណ​ជាង​៤១%​នៃ​ការ​នាំ​ចេញ​សរុប​។ យោង​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ​៖ បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០២០​សរុប​មាន​ចំនួន ៦៩០.៨២៩ តោន​មាន​កំណើន​ប្រមាណ ១១,៤០% ខណៈ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​មាន​ប្រមាណ​ជាង​៤១%​នៃ​ការ​នាំ​ចេញ​សរុប​។

យោង​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​បាន​បង្ហាញ​ថា បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​សរុប​ក្នុង​ឆ្នាំ ២០២០ មាន​ចំនួន ៦៩០.៨២៩ តោន កើនឡើង​ប្រមាណ​១១,៤០% ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩​ហើយ​តម្លៃ​នៃ​ការ​នាំ​ចេញ​អង្ករ​សរុប​ក្នុង​ឆ្នាំ​២០២០​មាន​ទឹកប្រាក់​ប្រមាណ ៥៣៨ លាន​ដុល្លារ​អា​មេ​រិ​ក​។

បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម តម្រូវការ​និង​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ កន្លង​មកនេះ​មាន​ចំនួន ៦០ ប្រទេស​ក្នុង​នោះ ប្រទេស​ចិន ចំនួន ២៨៩. ៤៣៩ តោន ស្មើនឹង ៤១,៩០ ភាគរយ សហភាព​អ៊ឺ​រ៉ុ​ប (២៤​ប្រទេស​) ចំនួន ២០៣. ៧៩១ តោន ស្មើនឹង ២៩,៥០ ភាគរយ បណ្តា​ប្រទេស​អា​ស៊ន​(៦​ប្រទេស​) ចំនួន ៨៦.៨៩៩ តោន ស្មើនឹង ១២,៥៨ ភាគរយ នៃ​ការ​នាំ​ចេញ​អង្ករ​សរុប និង​គោលដៅ​ផ្សេង​ទៀត​មាន ២៩ ប្រទេស ចំនួន ១១០.៧០០ តោន ស្មើនឹង ១៦,០២​ភាគរយ នៃ​ការ​នាំ​ចេញ​អង្ករ​សរុប ក្រុមហ៊ុននាំចេញ​មាន ចំនួន ៧៦ ក្រុមហ៊ុន កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២០ សម្រាប់​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ យល់​ឃើញ​ថា​វា​ជា​កំណើន​មួយ​ល្អ ប៉ុន្តែ​សម្រាប់​កម្ពុជា​គឺ​ចង់បាន​ច្រើន​ជាង​នេះ​។

លោក​ឧកញ៉ា ចាន់ សុខ​ឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១ មក​រា​ឆ្នាំ ២០២១ នេះ ថា​កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ ២០២០ នេះ វា​ជា​ការ​ពេញចិត្ត​មួយ តែបើ​តាម​ផែនការ​របស់​យើង​គឺ​យើង​ចង់​ធ្វើ​ឱ្យ​បាន​ច្រើន​ជាង​នេះ​។ បើ​តាម​តម្រូវការ​យើង​អាច​ធ្វើ​បាន​ច្រើន​ជាង អាច​ឈាន​ចូល​ដល់ ៧៥ ម៉ឺន​តោន​អង្ករ ប៉ុន្តែ​ដោយសារ​តែ​នៅ​ក្នុង​ខែ ១១ និង​ខែ ១២ កន្លង​ទៅ​នេះ​វា​បាន​ជួប​ឧបសគ្គ ខ្វះ​ទូ​កុង​តេ​ន័​រ​សម្រាប់​នាំ​ទំនិញ​ចេញ ។ បើ​យើង​មាន​ទូ​កុង​តេ​ន័​រ​នាំ​ចេញ​ទំនិញ​គ្រប់គ្រាន់ ខ្ញុំ​គិត​ថា​នៅ​ឆ្នាំ ២០២០ យើង​អាច​នាំ​ចេញ​អង្ករ​ដល់​៧៥ ម៉ឺន​តោន ។

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ប្រទេស​ចិន​ជាទី​ផ្សារ​ធំ​មួយ ក្នុង​ចំណោម​ទីផ្សារ​ផ្សេង​ទៀត ហើយ​ប្រសិនបើ​កម្ពុជា​ធ្វើ​ឱ្យ​បាត់បង់ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​។

លោក​ឧកញ៉ា​បន្ត​ថា « វា​ត្រូវ​តែ​ជួប​ឧបសគ្គ ដោយសារ​តែ​នៅ​ពេល​សព្វថ្ងៃ មិត្ត​ចិន​គាត់​បាន​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​យើង មាន​ចំនួន​មួយ​ធំ​ហើយ​ច្រើន ។ ជា​ទូទៅ​នៅ​ពេល​កន្លង​មក​ចិន​ទទួល​ទិញ​អង្ករ​កម្ពុជា​យើង ធ្លាប់​ឃើញ​យ៉ាង​ហោច​មាន​៣៥​ទៅ​៤០​ភាគរយ នៃ​បរិមាណ​សរុប​ដែល​យើង​ធ្វើ​បាន​(​នាំ​ចេញ​) ។ ដូច្នេះ​បើសិន​មានការ​បាត់បង់​នូវ​ទីផ្សារ​ណាមួយ ដែល​មាន​ទំហំ​ដូច​ចិន​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​»​។
អនុប្រធាន​សហព័ន្ធ​រូប​នេះ​លើក​ឡើង​ថា «​អង្ករ​កម្ពុជា​បាន​នាំ​ចូល​ទៅ​ទីផ្សារ​ចិន​ទើប​មាន​អាយុកាល ៥ ឆ្នាំ ដើម្បី​ជួយ​បំពេញតម្រូវការ​របស់​ប្រជាជន​ចិន ដូច្នេះ​ខ្ញុំ​គិត​ថា​បរិមាណ​និង​តម្រូវការ​នៃ​ការ​ប្រើប្រាស់ ក៏​ដូច​ជា​ការ​ពេញចិត្ត​មក​លើ​អង្ករ​កម្ពុជា​នេះ នឹង​មានការ​កើនឡើង​បន្ត​ទៀត​សម្រាប់​ទីផ្សារ​ចិន​»​។

លោក​ឧកញ៉ា ចាន់​សុខ​ឃាំង សង្កត់ធ្ងន់​ថា ៖ « ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ ២០២១ យើង​មានការ​រំពឹង​ទុក​ខ្ពស់ ថា​នឹង​មាន​កំណើន​នៅ​ត្រីមាស​ទី​១​ឆ្នាំ ២០២១ នេះ ដោយសារ​យើង​មើលឃើញ​ថា នៅ​ប្រទេស​ជិតខាង​ដូច​ជា ថៃ​និង​វៀតណាម គាត់​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផល​ស្រូវ​អង្ករ​របស់​ពួក​គាត់ ។ ដូច្នេះ​វា​ផ្តល់​នូវ​ជំហរ​ល្អ មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​»​។

ពាក់ព័ន្ធ​ផលិតកម្ម​ដំណាំ​ស្រូវ​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ កន្លង​មកនេះ​បើ យោង​តាម​ឯកឧត្តម វេ​ង​សា​ខុន គូសបញ្ជាក់​ថា ផលិតផល​សរុប និង​ស្ថានភាព​ស្បៀង គឺ​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ ចំនួន ៣. ៤០៤. ១៣១ ហិ​កតា ផ្ទៃដី​ប្រមូល​ផល ចំនួន ៣ ២៦៨ ៩៦៨ ហិ​កតា ទិន្នផល​មធ្យម ចំនួន ៣,៣៤៥ តោន​ក្នុង​មួយ​ហិ​កតា បរិមាណ​ផល​សរុប ចំនួន ១០. ៩៣៥. ៦១៨ តោន អតិរេក​ស្បៀង​សរុប (​គិត​ជា​ស្រូវ​) ចំនួន ៥. ៩២២. ១៣៨ តោន អតិរេក​ស្បៀង​សរុប (​គិត​ជា​អង្ករ​) ចំនួន ៣. ៧៩០. ១៦៨ តោន តម្លៃ​ផលិតផល​សរុប​ស្រូវ​និង​អង្ករ ចំនួន​ជាង ៣. ៨២៣​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ