យុវជនម្នាក់ ជិះម៉ូតូ បុកជាប់ក្រោមកង់ឡានធំ នៅមុខសាលាខេត្តកំពង់ឆ្នាំង
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់ បានបាត់បង់ជីវិត កៀបជាប់ក្រោមកង់រថយន្តធុនធ្ងន់ យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង ១២ និង ៣០ នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបែកជាប្រាំ មុខសាលាខេត្តកំពង់ឆ្នាំង ក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានដឹងថា យុវជនរងគ្រោះ មានឈ្មោះ ទូច ម៉េងលី អាយុ ២៣ឆ្នាំ មានទីលំនៅ ក្នុងខេត្តកំពង់ចាម។ មុនពេលកើតហេតុ យុវជនខាងលើ បានជិះម៉ូតូម៉ាកនិច ពណ៌បាញ់ឌុក ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H. 9379 ក្នុងដំណើរពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តធុនសណ្តោងកន្ទុយ ១គ្រឿង ម៉ាកហ៊ីណូ ពាក់ស្លាកលេខ ព្រះសីហនុ 3A-0037 និងកន្ទុយសណ្តោងពាក់ស្លាកលេខភ្នំពេញ 4A-8689 ក្នុងដំណើរទិសខាងលិចទៅកើត បណ្ដាលឱ្យជនរងគ្រោះ ខ្ទាតទៅជាប់ក្រោមកង់រថយន្ត បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែង។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចនគរបាល បានយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធី។ ចំណែកសពជនរងគ្រោះ បានដឹកទៅទុកនៅវត្តខ្សាម ដើម្បីរង់ចាំក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ពៅ សុខហ៊ាន




ចែករំលែកព័តមាននេះ