រាជធានីភ្នំពេញៈ ពលការិនីដែលត្រៀមទៅធ្វើការនៅប្រទេសម៉ាឡេស៊ីចំនួន១០នាក់ បានហែកចំរឹងដែក ហើយសំរូតខ្លួនចុះពីលើ អគារជាន់ទី២ របស់ក្រុមហ៊ុនវីស៊ី មេនផៅវ័រ ដើម្បីរត់គេចខ្លួន ហើយពលការិនីម្នាក់បានរបូតដៃធ្លាក់បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។ ការរត់គេចខ្លួននេះ បានកើតឡើងកាលពីវេលា ម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៧ ឧសភា នៅអគារក្រុមហ៊ុនមានអាសយដ្ឋានលេខ៦២៥ ផ្លូវ៩៩K ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ។ គេសង្ស័យថា ក្រុមហ៊ុនមានការបង្ខាំងមនុស្ស និងបំបិទសិទ្ធិសេរីភាពពលការិនីទាំងនោះ ទើបមានការរត់គេចខ្លួនបែបនេះ ។
ទោះបីជាយ៉ាងណា តំណាងក្រុមហ៊ុនបានឱ្យដឹងថា មិនមែនជាការបង្ខាំងបំបិទសេរីភាពនោះទេ តែគឺពលករទាំងនោះចង់ត្រឡប់ទៅផ្ទះវិញ ដោយមិនចាំបាច់សងប្រាក់ដែលឪពុកម្ដាយរបស់ពួកគេបានខ្ចីពីក្រុមហ៊ុន និងមាន កិច្ចសន្យាត្រឹមត្រូវ ។ ពលការិនីម្នាក់ដែលរងរបួស ដោយរបូតដៃធ្លាក់ត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះសុខ សារឿន អាយុ១៨ឆ្នាំ មានទីលំនៅក្នុងស្រុកសង្កែ ខេត្ដបាត់ដំបង ។ បន្ទាប់ពីរងរបួស ស្ដ្រីរូបនេះក៏ស្នាក់នៅក្នុងក្រុមហ៊ុន ដើម្បីឱ្យម្ដាយមកទទួលយកទៅផ្ទះវិញ ។
តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោង៣ ទៀបភ្លឺ ថ្ងៃទី២៧ ឧសភា មានពលការិនីចំនួន១០នាក់ នៅក្នុងបន្ទប់តែមួយបានរៀបចំគំរោងរត់ចេញពីអគារក្រុមហ៊ុនវីស៊ីមេន ផៅវ័រ ដោយពួកគេបាននាំគ្នាមូរក្រមា និងអាវចងតៗគ្នា ហើយហែកចំរឹងដែកអគារជាន់ទី២ រួចសំរូតតាមខ្សែក្រមានិងអាវដែល ពួកគេរៀបចំរួចជាស្រេច ។ ស្ដ្រីចំនួន៩នាក់ បានរត់គេចខ្លួនរួចនៅសល់ម្នាក់របូតដៃធ្លាក់រងរបួសងើបរត់ពុំរួច ហើយត្រូវបានជួយសង្គ្រោះដោយបញ្ជូនទៅកាន់មន្ទីរពេទ្យ និងក្រោយមកនាំមកក្រុមហ៊ុនវិញ ។
តាមព័ត៌មានឱ្យដឹងថា ស្ដ្រីចំនួន៩នាក់ ដែលរត់គេចខ្លួនទៅបាត់នោះមាន៤នាក់ ពុំបានទៅផ្ទះ ឡើយហើយនៅព្រឹកថ្ងៃទី២៨ ឧសភា ម្ដាយបានមកដល់ក្រុមហ៊ុនបន្ទាប់ពីមានការទូរស័ព្ទជូនដំណឹងពីក្រុមហ៊ុន ។ តាមសំដីឈ្មោះសេន លី អ្នកគ្រប់គ្រងពលការិនីនៅក្រុមហ៊ុនវីស៊ីមេនផៅវ័រ បានឱ្យដឹងថា ពលការិនីដែលត្រៀមទៅម៉ាឡេស៊ី និងមកចុះឈ្មោះនៅក្រុមហ៊ុនសុទ្ធតែឪពុកម្ដាយនាំមក និងមានការរៀបរាប់ពីស្ថានភាព ស្នាក់នៅរៀនត្រៀមទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី ដោយធ្វើកិច្ចសន្យាត្រឹមត្រូវ និងឱ្យប្រាក់ខ្ចីម្នាក់១លានរៀល អង្ករ៥បាវ ទៅឱ្យឪពុកម្ដាយ ។ ដូច្នេះបើសិនជាចង់ទៅផ្ទះហេតុអ្វីមិនប្រាប់ក្រុមហ៊ុនហៅ ឪពុកម្ដាយមកដោះស្រាយគ្នា មិនត្រូវរត់ចេញបែបនេះទេ ។
ចែករំលែកព័តមាននេះ