រាជធានីភ្នំពេញ ៖ ថ្ងៃនេះយើងជួបជុំគ្នាក្នុងបរិយាកាសដ៏ពិសេសមួយ ដែលយើងហៅថាជាសប្តាហ៍នៃសៀវភៅ ជារៀងរាល់ឆ្នាំកន្លងមក យើងបានរៀបចំនូវពិព័ណ៌សៀវភៅ ដោយបានទទួលជោគជ័យយ៉ាងខ្លាំង ដែលមានអ្នកចូលរួមនៅក្នុងការទស្សនាក្នុងពិព័ណ៌នីមួយៗ រាប់ម៉ឺននាក់ ។ ប៉ុន្តែឆ្នាំនេះគឺនៅក្នុងក្របខណ្ឌពិសេសដោយសារជំងឺរាតត្បាតកូវីដ១៩ ពិព័ណ៌សៀវភៅរបស់យើងបានក្លាយមកជា សប្ដាហ៍សៀវភៅ ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ តាមរយៈអនឡាញវិញ ។
![Picture]()
យោងតាមប្រសាសន៍ របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លែងអបអរសាទរក្នុងឱកាស សប្ដាហ៍សៀវភៅ ដោយធ្វើឡើងក្រោមប្រធានបទ «សម័យកូវីដ កាន់តែស្និទ្ធនឹងសៀវភៅ» ដូចនេះថា «ឆ្លៀតក្នុងឳកាសនេះដែរ ខ្ញុំសូមជម្រាបថា ប្រធានបទដែលយើងជ្រើសរើសនៅក្នុងឆ្នាំនេះគឺ «សម័យកូវីដ កាន់តែស្និទ្ធនឹងសៀវភៅ» យើងទាំងអស់គ្នាដឹងហើយថា សៀវភៅគឺជាមធ្យោបាយមួយ ដែលនាំយើងទៅកាន់គ្រប់ទីកន្លែង គ្រប់ពេលវេលា នៅក្នុងលំហ តាំងពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត ដើម្បីបានយល់បានដឹង អំពីទំនៀមទំលាប់ អំពីអាថ៌កំបាំងរបស់ធម្មជាតិ អំពីជនជាតិ អំពីអ្វីៗគ្រប់យ៉ាងដែលជាចំណេះដឹងជុំវិញពិភពលោក ក៏ដូចជានាំយើងកាន់ពេលវេលាដែលកន្លងមក ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»។
![Picture]()
លោកជំទាវបណ្ឌិតបន្តថា «ថ្វីត្បិតតែក្នុងពេលបច្ចុប្បន្ន យើងមានមធ្យោបាយច្រើន ដូចជាទូរស័ព្ទស្មាតហ្វូន ទូរទស្សន៍ កុំព្យូរទ័រ ដែលយើងអាចចាត់ទុកជាមិត្តភ័ក្ត ក៏ប៉ុន្តែសៀវភៅជានិច្ចកាលនៅតែជាមិត្តមួយដ៏ស្មោះត្រង់ ហើយតាមជាប់ជាមួយប្រជាជននិងប្រជាជាតិនៅគ្រប់តំបន់ តាំងតែពីយូរលង់ណាស់មកហើយ អ្វីទាំងអស់ដែលនៅក្នុងសៀវភៅ គឺបានផ្តល់នូវចំណេះដឹងដ៏ល្អិតល្អន់ ដ៏ទូលាយហើយជ្រៅជ្រះ ដោយការរៀនសូត្រ និងការអានសៀវភៅនីមួយៗ រមែងផ្តល់នូវការរីករាយ រមែងនាំនូវចំណេះដឹងដ៏ពិតប្រាកដ សម្រាប់អ្នកអានបើទោះជាការស្រាវជ្រាវក្តី ឬក៏ជាការសិក្សានានាក្តី និងជាការកំសាន្តក្តី ដូច្នេះខ្ញុំជឿថា ពិតមែនតែក្នុងពេលបច្ចុប្បន្ននេះ កំពុងតែទទួលរងនៃការរាតត្បាតពីជំងឺកូវីដ ក៏ប៉ុន្តែកូវីដ១៩ មិនមែនជាឧបសគ្គធំសម្រាប់បំបាត់ឬក៏លុបនូវបំណងប្រាថ្នារបស់យើងក្នុងការចង់ចេះ ចង់ដឹង ក្នុងការស្វែងរកសៀវភៅមកអាននោះឡើយ ផ្ទុយទៅវិញវាជាឳកាសមួយដែលយើងទាំងអស់គ្នាកាន់តែជិតស្និទ្ធថែមទៀត ជាមួយនឹងសៀវភៅរបស់យើង ដើម្បីប្រើប្រាស់ពេលវេលារបស់យើង ឱ្យកាន់តែមានតំលៃ មានប្រយោជន៍ សម្រាប់ខ្លួនយើងផ្ទាល់ក៏ដូចជាគ្រួសាររបស់យើង»។
លោកជំទាវបណ្ឌិតបន្ថែមថា «ខ្ញុំសូមជូនពរដល់ប្អូនៗទាំងអស់បន្តនូវស្មារតី នៅក្នុងការអានសៀវភៅ ពីព្រោះសៀវភៅនេះហើយគឺអ្វី ដែលធ្វើឱ្យយើងមានអនាគតទៅថ្ងៃក្រោយ តាមរយៈចំណេះចេះដឹងយើង ហើយសូមកុំភ្លេចការពារខ្លួននៅក្នុងរយៈពេលនេះទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល»៕