រាជធានីភ្នំពេញ ៖ អ្វីទៅជាការចោះក្រពះតាមរយះអង់ដូស្កុប(Percutanous endoscopic gastrostomy: PEG) ការចោះក្រពះតាមរយៈអង់ដូស្កូប ផ្តល់ក្តីសង្ឃឹមសារជាថ្មីមួយសម្រាប់អ្នកជំងឺដែលមានវិបត្តិក្នុងការលេបអាហារ ។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត រ៉ូ គឹមឆាយ វេជ្ជបណ្ឌិតឯកទេស ថ្លើម ក្រពះ ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត ។

លោកវេជ្ជបណ្ឌិត រ៉ូ គឹមឆាយ បានលើកឡើងទៀតថា៖ វាជាវិធីសាស្ត្រមួយក្នុងការដាក់បំពង់ទុយោ (សម្រាប់បាញ់អាហារ និងសារធាតុចាំបាច់ផ្សេងៗ) ឆ្លងកាត់ស្បែកពោះចូលទៅក្នុងក្រពះ ដោយមានជំនួយពីម៉ាសុីនអង់ដូស្កុប និងមិនចាំបាច់ធ្វើការវះកាត់ធំ ។ វិធីសាស្ត្រក្នុងការចោះក្រពះតាមរយៈអង់ដូស្កូប ជាទូទៅការចោះនេះតម្រូវឱ្យមានការចូលរួមពីសំណាក់វេជ្ជបណ្ឌិតឯកទេសឆ្លុះក្រពះមួយរូប និងជំនួយការម្នាក់ទៀត ។ អ្នកជំងឺស្ថិតក្នុងស្ថានភាពសណ្តំកម្រិតស្រាលនិងគ្មានការឈឺចាប់ ។ យើងប្រើប្រាស់ម៉ាស៊ីនអង់ដូស្កូប ដើម្បីកំណត់យកទីតាំងសមស្របក្នុងផ្នែកណាមួយរបស់ក្រពះដើម្បីដាក់នូវបំពង់ទុយោដែលភ្ជាប់ពីស្បែកពោះអ្នកជំងឺចូលមកក្នុងក្រពះផ្ទាល់ដែលចំណាយពេលប្រហែលពី២០ទៅ៣០នាទីប៉ុណ្ណោះ ។

អត្ថប្រយោជន៍នៃការចោះក្រពះតាមរយះអង់ដូស្កុប វាជាវិធីសាស្ត្រមួយចូលរួមយ៉ាងសំខាន់សម្រាប់ផ្តល់នូវអាហាររូបត្ថម្ភដល់អ្នកជំងឺ ដោយយើងអាចធ្វើការបាញ់បញ្ចូលអាហារ ទឹក និងថ្នាំមួយចំនួនទៅក្នុងក្រពះផ្ទាល់សម្រាប់រយះពេលព្យាបាលវែងចាប់ពី១ខែរហូតដល់ច្រើនឆ្នាំ។

វិធីនេះមានភាពងាយស្រួលនិងមានផលរំខាន់តិចជាងការដាក់បំពង់តាមច្រមុះ (Nasogastric feeding tube) ។ អ្នកជំងឺណាខ្លះគួរទទួលយកការការចោះក្រពះតាមរយះអង់ដូស្កុប? អ្នកជំងឺដែលមានវិបត្តិក្នុងការលេបអាហារតាមមាត់ដោយជំងឺផ្សេងៗដូចជា៖ អ្នកជំងឺគ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរ ជំងឺវង្វេង ជំងឺParkinson ជំងឺកករឺដាច់សសៃឈាមខួរក្បាល ជំងឺបាត់បង់ស្មារតីរយះពេលយូរ អ្នកជំងឺមហារីកដែលខ្វះអាហាររូបតម្តធ្ងន់ធ្ងរជាដើម ។

លោកវេជ្ជបណ្ឌិត រ៉ូ គឹមឆាយ វេជ្ជបណ្ឌិតឯកទេស ថ្លើម ក្រពះ ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត បានសំណូមពរដល់បងប្អូនដែលមានបញ្ហាទាក់ទងនឹងក្រពះ ដែលពិបាកក្នុងការលេបអាហារ សូមអញ្ជើញមកទទួលការពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់ ៕



ចែករំលែកព័តមាននេះ