រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានវាយតម្លៃជាបឋមពីប្រភពមេរោគកូវីដ-១៩ ដែលពាក់ព័ន្ធទៅនឹង«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ថាអាចជាក្រុមវីរុស clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរណ៍ចូលមកកម្ពុជាក្នុងអំឡុងខែតុលា ឆ្នាំ២០២០ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយកាលពីល្ងាចថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា តាមការណែ នាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនក្រុមការងារអន្តរក្រសួងទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយនឹងក្រុមការងាររបស់ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ។
សេចក្តីប្រកាសព័ត៌មានបន្ដថា តាមការពិភាក្សាក្នុងក្រុមការងារថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ដោយយោងតាមព័ត៌មានដែលទទួលកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ និងការសិក្សាផ្នែកមន្ទីរពិសោធន៍តាមបែបវិទ្យាសាស្ត្រ លើប្រភេទវីរុសកូវីដ-១៩ដែលអាចចម្លងមកកម្ពុជា សម្រាប់ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុម
ការងារអាចទាញការសន្និដ្ឋានជាបឋម មានដូចតទៅ ៖
ទី១-ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» អាចជាក្រុមវីរុស clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរណ៍ចូលមកកម្ពុជា ក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០ មកទល់នឹងពេលមានផ្ទុះករណីឆ្លងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ទី២-តាមការពិចារណាដោយហ្មត់ចត់លើលទ្ធផលនៃការសិក្សាវត្ថុសំណាកអ្នកជំងឺបំបែកបន្តៗគ្នារកភាពដូចគ្នានៃវីរុសកូវីដ-១៩(Sequencing Covid-19 virus sample) ទៅនឹងសំណាករូបរាងវីរុសកូវីដ-១៩ ពីតំបន់ផ្សេងៗគ្នាបានបង្ហាញថា គឺមិនមានការទាក់ទងនឹង«ព្រឹត្តិការណ៍ ៣ វិច្ឆិកា» នោះទេ ។
ទី៣-ជំហានបន្ទាប់ ក្រុមការងារកំពុងស្រាវជ្រាវបន្ថែមអំពីប្រភពចម្លងវីរុសកូវីដ-១៩ នៃ«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ។ ក្រសួងសុខាភិបាល ក៏បានធ្វើអំពាវនាវដល់
ប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពី១ម៉ែត្រកន្លះឡើងទៅ) បើមិនមានការចាំបាច់សុំនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឲ្យបានល្អ និង
មិនត្រូវ មានការជួបជុំគ្នាច្រើនកុះករ(លើសពី២០នាក់) នោះឡើយ ៕
ចែករំលែកព័តមាននេះ