មានការសិក្សាមួយទៅលើជំងឺផ្ដាសាយ ធម្មតាដោយសាកលវិទ្យាល័យ Cardiff នៅចក្រភពអង់គ្លេស អស់រយៈពេល៣ឆ្នាំកន្លងមកបង្ហាញថា ភាពត្រជាក់ខ្លាំងនៃបាតជើង បានបង្កឱ្យមានរោគសញាជំងឺផ្ដាសាយកើតឡើង10% ។ មូលហេតុដោយសារនៅពេលជើងរបស់អ្នកកាន់តែត្រជាក់សរសៃឈាម អ្នកកាន់តែរួមតូច និងធ្វើឱ្យភាពស៊ាំប្រឆាំង មេរោគផ្លូវដង្ហើមចុះថយដែរ ។ ខាងក្រោមនេះគឺជាទំលាប់អាក្រក់ខ្លះៗ ដែលនាំឱ្យកូនក្មេងកើតជំងឺផ្ដាសាយ និងមធ្យោបាយការពារមួយចំនួនៈ
១-ការមិនលាងដៃ: ត្រូវឱ្យកូនៗរបស់លោកអ្នកលាងដៃជាប្រចាំគឺជាមធ្យោបាយមួយដ៏ល្អបំផុតក្នុងការការពារជំងឺផ្ដាសាយ ។ ត្រូវលាងដៃមុនពេលហូបអាហារ ឬពេលរៀបចំអាហារ ។ លោកអ្នកក៏មិនត្រូវភ្លេចលាងដៃផងដែរ មុនពេលបីកូនក្មេង បន្ទាប់ពីក្អក ឬកណ្ដាស ក្រោយពេលចេញពីបន្ទប់ទឹក បន្ទាប់ពីប្រឡែងលេងជាមួយសត្វចិញ្ចឹម ឬក្រោយពេលនៅក្បែរអ្នកជំងឺ បើទោះជាដៃរបស់លោកអ្នកគ្មានប្រឡាក់ក្ដី ។ ម្យ៉ាងទៀតការលាងដៃដោយ ប្រើតែទឹកក៏គ្មានប្រយោជន៍ដែរ ។ មធ្យោបាយដែលត្រឹមត្រូវ គឺលាងដៃនឹងសាប៊ូឱ្យបាន២០វិនាទី តែបើគ្មានសាប៊ូអាចលាងជាមួយផេះ ឬទឹកលាងដៃក៏បាន ។
២-មិនបានចាក់ថ្នាំការពារ: គ្មានវ៉ាក់សាំងដើម្បីប្រឆាំងជំងឺផ្ដាសាយធម្មតាទេ ប៉ុន្ដែក្មេងដែលមានអាយុ៦ខែ ឬ ច្រើនជាងនេះ គួរតែចាក់ថ្នាំការពាររាល់ឆ្នាំ។
៣-ការក្អក និងកណ្ដាសដោយមិនខ្ទប់មាត់ : ត្រូវបង្រៀនកូនរបស់លោកអ្នកឱ្យចេះខ្ទប់មាត់ និងច្រមុះពេលមានកណ្ដាស ឬជូតមុខ ពេលពួកគេកណ្ដាសឬក្អក ហើយបន្ទាប់ មកយកទៅបោះចោលក្នុងធុងសំរាម។ ប្រសិនបើលោកអ្នកគ្មានក្រដាសខ្ទប់ លោកអ្នកអាចប្រើដៃមកខ្ទប់ជំនួស ។ ជាងនេះទៅទៀត គួរកុំនៅក្បែរក្មេង ឬមនុស្សដទៃ ដែលក្អក ឬកណ្ដាស ហើយពេលកូនអ្នកឈឺផ្ដាសាយត្រូវទុកគេឱ្យសំរាកក្នុងផ្ទះ ។
៤-ការបណ្ដែតបណ្ដោយឱ្យឆ្លង: ដើម្បីកុំឱ្យជំងឺនេះឆ្លងរាលដាល ត្រូវកុំឱ្យកូនរបស់លោកអ្នកខាំក្រចករបស់គេញីភ្នែក លូកច្រមុះ ឬលូកមាត់ជាដើម ។
៥-ការចែករបស់របរឱ្យគ្នា: ធ្វើយ៉ាងណាកុំឱ្យកូនរបស់លោកអ្នកដូរក្រដាសជូតមាត់គ្នា ឬចែករបស់របរគ្នាប្រើប្រាស់ដូចជាច្រាសដុសធ្មេញ កន្សែង និងអ្វីៗ ផ្សេងទៀត ជាពិសេសក្នុងអំឡុងរដូវមានជំងឺផ្ដាសាយ ។
ជាការពិតណាស់ការទទួលទាន និងការធ្វើលំហាត់ប្រាណ គឺជាមូលដ្ឋាននៃសុខភាពល្អ និងបង្កើនសមត្ថភាពនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយទៀតផង ។
ជំងឺផ្ដាសាយដែលជាជំងឺធម្មតាងាយកើត នោះនឹងនៅកើតមានលើកូនរបស់លោកអ្នក ប្រសិនបើពួកគេនៅតែបន្ដធ្វើសកម្មភាពទាំង៥ខាងលើដដែល តែបើចៀសផុតបាន វានឹង ជួយឱ្យកូនលោកអ្នកមានសុខភាពល្អ ៕
ចែករំលែកព័តមាននេះ