ខេត្តកំពង់ចាម ៖ គ្រោះជំនន់ទឹកភ្លៀងបណ្ដាលឱ្យស្រូវវស្សា និងស្រូវប្រាំងខូចខាតចំនួន២.១៤៨ហិកតា ក្នុងចំណោមកសិករចំនួន៣.២០០គ្រួសារ នៅស្រុកចំនួន០៥ក្នុងនោះមាន បាធាយ ជើងព្រៃ ព្រៃឈរ កំពង់សៀម និងស្រុកស្ទឹងត្រង់។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅតាមវាលស្រែរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ និងបាធាយ។

ជាមួយនោះក៏បានណែនាំដល់ស្ថាប័នមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តយកចិត្តទុកដាក់ជួយដល់ប្រជាកសិករ។ លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ ប្រាប់ឲ្យដឹងថា ដោយហេតុតែនៅចុងរដូវវស្សា បងប្អូនប្រជាកសិករឃើញទឹកទន្លេមិនបានឡើងមក ដល់វាលស្រែរបស់គាត់ដូចរាល់ឆ្នាំ ក៏បាននាំគ្នាសាបព្រួសស្រូវតាមវាលស្រែ ដោយបានលួចលាស់មិនទាន់ហុចផលផង ត្រូវបានជំនន់ទឹកភ្លៀង។ ជាហេតុបណ្ដាលឱ្យលិចស្រូវប៉ះពាល់ចំនួន៣៩៩គ្រួសារ នេះដោយសារតែកត្តាអាកាសធាតុមានការប្រែប្រួលខុសពីបណ្ដាឆ្នាំមុនៗ។

អភិបាលស្រុកព្រៃឈរប្រាប់បន្តថា ក្នុងពេលដែលឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញចុះពិនិត្យសកម្មភាពរបស់ប្រជាកសិករនៅឃុំល្វា ស្រុកព្រៃឈរ ដែលរងផលប៉ះពាល់ជិត១០០ហិកតា។ ដោយស្រូវពូជដែលពួកគាត់ទទួលបានក្នុងមួយគ្រួសារ១០០គីឡូក្រាម ដោយបានបណ្តុះសាបព្រួសដាំដុះជាលើកទី២ ឃើញថាគ្រាប់ពូជ ដែលទទួលបានតាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ចែកជូននាពេលកន្លងទៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរគឺលូតលាស់បានល្អ។ អាជ្ញាធរស្រុកក៏ដូចជាខេត្តមានជំនឿថា ទិន្នផលដែលហុចមកឲ្យនឹងអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានដូចបណ្ដាឆ្នាំមុនៗ។

លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានឱ្យដឹងដែរថា នៅចុងរដូវវស្សាឆ្នាំ២០២០ ទឹកភ្លៀងបានបង្អុរធ្លាក់ចុះមកយ៉ាងកំហុកជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យជន់លិចដំណាំស្រូវរបស់ប្រជាកសិករក្នុងស្រុកចំនួន០៥ បណ្ដាលឱ្យរងការខូចខាតសរុបចំនួន២.១៤៨ហិកតា ស្មើនឹង៣.២០០គ្រួសារ។ តែដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចែកស្រូវពូជដល់ពួកគាត់ដើម្បីយកទៅដាំដុះស្ដារជីវភាពគ្រួសារឡើងវិញ។

បន្ទាប់ពីបានពិនិត្យដំណាំស្រូវប្រជាពលរដ្ឋនៅស្រុកព្រៃឈររួចអភិបាលខេត្ត បានបន្តបេសកកម្មចុះទៅពិនិត្យដំណាំស្រូវរបស់ប្រជាកសិករបន្តទៀតនៅឃុំជើងព្រៃ ស្រុកបាធាយ នាព្រឹកថ្ងៃដដែល ជាមួយនោះដោយបានណែនាំឲ្យប្រជាកសិករត្រូវបង្កើនការយកចិត្តទុកដាក់ដាំដុះឲ្យបានល្អដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដោយឡែកស្ថាប័នជំនាញមន្ទីរកសិកម្មរង់ចាំដោះស្រាយបញ្ហាផ្សេងៗ ប្រសិនបើមានការស្នើសុំពីប្រជាកសិករ៕ ដោយ ៖ យ៉ាន់ ចាន់ថេត





ចែករំលែកព័តមាននេះ