ខេត្តស្វាយរៀង ៖ ជនសង្ស័យជួញដូរ និងចែកចាយគ្រឿងញៀនចំនួន៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានជាបន្តបន្ទាប់ រួមទាំងវត្ថុតាងមាន ម្សៅក្រាមពណ៌ស ប្រភេទម៉ាទឹកកកមេតំហ្វេតាមីនចំនួន១៦កញ្ចប់ ទម្ងន់៩,២៩ក្រាមគិតទាំងសំបកវេចខ្ចប់, អាយកូម២គ្រឿង, ទូរស័ព្ទដៃ៧គ្រឿង, ម៉ូតូ៣គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យជាមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់។
ប្រភពដដែលបន្តទៀតថា ប្រតិបត្តិការខាងលើនេះ ដោយមានការបញ្ជាផ្ទាល់ពីលោកស្នងការដ្ឋាននគបាលខេត្ត បានបញ្ជាកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងស្រុករមាសហែក បើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែវិច្ឆិកា នៅក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ និងស្រុករមាសហែក។

ប្រភពដដែលបន្តទៀតថា ករណីទី១ គឺថ្ងៃទី១៧ ខែវិច្ឆិកា វេលាម៉ោង៤និង៣០នាទីរសៀល ចាប់ខ្លួនជនសង្ស័យបានម្នាក់នៅចំណុចខាងមុខក្តោងទ្វាវត្តពោធិសុខារាម ស្ថិតនៅភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ។ ជនសង្ស័យឈ្មោះ រឿន កុសល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រំ ហើយដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៧កញ្ចប់ (ទម្ងន់៥,៩៦ក្រាម) ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង។ ក្រោយពីសាកសួរ ជនសង្ស័យឆ្លើយសារភាពថា ខ្លួនទិញពីឈ្មោះ ឡេង វាសនា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិកៀនតាសៀវ ឃុំស្វាយយា ស្រុកស្វាយជ្រំ ។
ក្រោយសមត្ថកិច្ចបានចុះស្រាវជ្រាវ រហូតដល់ថ្ងៃទី១៨ វិច្ឆិកា វេលាម៉ោង១និង១៥នាទីរសៀល ក៏ចាប់ខ្លួនជនសង្ស័យ២នាក់ទៀតនៅចំណុចភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ដោយម្នាក់ឈ្មោះ ឡេង វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកៀនតាសៀវ ឃុំស្វាយយា ស្រុកស្វាយជ្រំ និងម្នាក់ទៀតឈ្មោះ រ៉ឺ ភក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំធ្មាស្រុករំដួល ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៥កញ្ចប់ (ទម្ងន់១,៧១ក្រាម) អាយកូម២គ្រឿង ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ១គ្រឿង។
ក្រោយពេលចាប់ខ្លួនជនសង្ស័យសារភាពថា ខ្លួនទិញពីឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ។

លុះពេលនោះ សមត្ថកិច្ចក៏បន្តស្រាវជ្រាវរហូតដល់ម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ក៏ចាប់ខ្លួនជនសង្ស័យ២នាក់ទៀត ដោយ១-ឈ្មោះ សុខ ចន្ថា ដកហូតបានថ្នាំញៀន៣កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ១គ្រឿង។ ចំណែក២-ឈ្មោះ មុំ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិបន្លាស្អិត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ដកហូតបានថ្នាំញៀន១កញ្ចប់ ទូរសព្ទ័១គ្រឿង។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ទាំង០៥នាក់ខាងលើ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ ជាលទ្ធផលគឺវិជ្ជមានទាំងអស់គ្នា ក្រោយមកតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ក៏ធ្វើការចោទប្រកាន់ រួចបញ្ជូនជនសង្ស័យទាំង៥នាក់ ឲ្យលោកចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធធនាគរខេត្តស្វាយរៀងរួចហើយ៕
ចែករំលែកព័តមាននេះ