ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើកម្ពុជាអាចទទួលបានផលប្រយោជន៍អ្វីខ្លះពីកិច្ចព្រមព្រៀង RCEP?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រសិនជាគេចង់យល់ថា តើការចុះកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) កាលពីពេលថ្មីៗនេះ ជះឥទ្ធិពលអ្វីខ្លះមកលើសេដ្ឋកិច្ចកម្ពុជា គេត្រូវស្វែងយល់ឱ្យច្បាស់ លើចំណុចមួយចំនួន…

រាជធានីភ្នំពេញ ៖ ប្រសិនជាគេចង់យល់ថា តើការចុះកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) កាលពីពេលថ្មីៗនេះ ជះឥទ្ធិពលអ្វីខ្លះមកលើសេដ្ឋកិច្ចកម្ពុជា គេត្រូវស្វែងយល់ឱ្យច្បាស់ លើចំណុចមួយចំនួន មុននឹងឈានទៅដល់ការចុះកិច្ចព្រមព្រៀងនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ។

លោក អ៊ុំ ច័ន្ទមនោ គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាបេក្ខជនបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Waikato ប្រទេសនូវែលសេឡង់ បានលើកយកសំណួរសួរថា តើកម្ពុជាអាចទទួលបានផលប្រយោជន៍អ្វីខ្លះពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នេះ ត្បិតកម្ពុជាជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចអន់ថយជាងប្រទេសសមាជិកដទៃ?

ក្នុងការបកស្រាយចំលើយនេះ លោក អ៊ុំ ច័ន្ទមនោ បាន ថ្លែងនៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះថា «យ៉ាងណាមិញ ក្នុងបរិបទសមាជិក RCEP ដំបូងយើងត្រូវដឹងថា កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគីស្រាប់ជាមួយ ចិន និងជាមួយកូរ៉េខាងត្បូងនាពេលខាងមុខ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌតំបន់អាស៊ាន (Intra-ASEAN) ដូចគ្នា។ កម្ពុជា បាន និងកំពុងបន្តរិះរកដៃគូពាណិជ្ជកម្មសក្តានុពល ក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្មសេរីឱ្យបានកាន់តែច្រើន ដើម្បីអនុញ្ញាតឱ្យកម្ពុជាជំរុញការនាំចេញ បង្កើនភាពប្រកួតប្រជែង និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ តួយ៉ាងដូចជាការចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី RCEP នេះជាដើម»។

លោក អ៊ុំ ច័ន្ទមនោ គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាបេក្ខជនបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Waikato ប្រទេសនូវែលសេឡង់។
រូបភាពដោយក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

លោកបានបន្តថា ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី RCEP រួមមាន៖ ទី១៖ ការបើកទូលាយទីផ្សារនាំចេញរបស់កម្ពុជា ដោយបន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់។ គេ អាចនិយាយបានថា កម្ពុជាអាចនឹងឈប់ខ្វាយខ្វល់ទៀតហើយអំពីការបាត់បង់ផ្នែកខ្លះរបស់ក្របខណ្ឌអនុគ្រោះពន្ធ EBA ហើយងាកមកចាប់យកឱកាសថ្មីពីកិច្ចព្រមព្រៀងនេះវិញ។
ទី២៖ ការវិនិយោគដោយផ្ទាល់ពីបរទេស ដូចជាពី ចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលអាចជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងងើបពីផលប៉ះពាល់សេដ្ឋកិច្ចដោយជំងឺកូវីដ១៩។


ទី៣ ការទទួលបានព័ត៌មានចែករំលែកថ្មី ដែលឈានដល់ការអភិវឌ្ឍធនធានមនុស្ស ជាស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពតាមលក្ខខណ្ឌកម្លាំងពលកម្មជំនាញ និងពាក់កណ្តាល ជំនាញ សម្រាប់បំពេញតម្រូវការទីផ្សារ ទាំងក្នុងស្រុក តំបន់ និងអន្តរតំបន់ ហើយអាចទាញអត្ថប្រយោជន៍បានកាន់តែច្រើន។

បន្តមក លោកបានថ្លែងថា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ និងត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីអាចទាញផលចំណេញ ពីពាណិជ្ជកម្មសេរីថ្នាក់អន្តរតំបន់មួយនេះ ឱ្យបានជាអតិបរមា។ ទី១) កម្ពុជាត្រូវបន្ត ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច បម្រើដល់ការសម្រួលក្នុងការដឹកជញ្ជូន ដែលក្នុងន័យនេះអាចឈានដល់ការកាត់បន្ថយតម្លៃសម្រាប់ការដឹកជញ្ជូន និងថ្លៃដើមសង្វាក់ផលិតកម្ម។ ទី២) កម្ពុជាគួរប្តេជ្ញាអភិវឌ្ឍធនធានមនុស្ស រួមមានអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងពាក់កណ្តាលជំនាញ ដែលអាចប្រកួតតប្រជែងក្នុងទីផ្សារការងារ ក៏ដូចជាក្នុងសង្វាក់ផលិតកម្ម។


ទី៣) កម្ពុជាត្រូវពង្រឹងបន្ថែម លើនិតិវិធីវិនិយោគ សំដៅដល់ការធានា និងការសម្រួលបរិយាកាសវិនិយោគឱ្យមានភាពប្រសើរឡើង ទាំងក្នុងស្រុក និងពីបរទេស ដែលជាដើមទុនយ៉ាងសំខាន់សម្រាប់ជំរុញម៉ាស៊ីនសេដ្ឋកិច្ចជាតិ។ ជាចុងក្រោយ RCEP ប្រាកដណាស់នឹងផ្តល់ផលចំណេញមកឱ្យកម្ពុជា អាចនិយាយបានថា ទាំងក្នុងបរិបទសេដ្ឋកិច្ច និងបរិបទនយោបាយ។
លោកបានបន្ថែមថា ក៏ប៉ុន្តែ កម្ពុជាត្រូវតែព្យាយាមកែសម្រួល និងបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីអាចទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នេះជាអតិបរមា៕

អត្ថបទសរសេរ ដោយ