ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើកិច្ចព្រមព្រៀង RCEP មានប្រវត្តិដូចម្តេច ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ RCEP ត្រូវបានគេស្គាល់ជាភាសាខ្មែរ «កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» និងជាភាសាអង់គ្លេស «Regional Comprehensive Economic Partnership»។…

រាជធានីភ្នំពេញ ៖ RCEP ត្រូវបានគេស្គាល់ជាភាសាខ្មែរ «កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» និងជាភាសាអង់គ្លេស «Regional Comprehensive Economic Partnership»។ RCEP នេះ គឺជាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលមានសមាជិកសរុបចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ានទាំង១០ប្រទេស និងប្រទេសជាដៃគូអាស៊ានទាំង៥ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ ដោយមានការឆ្លងកាត់កិច្ចចរចាប្រមាណ ៣១លើក។

លោក អ៊ុំ ច័ន្ទមនោ
រូបភាពដោយក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

លោក អ៊ុំ ច័ន្ទមនោ គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាបេក្ខជនបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Waikato ប្រទេសនូវែលសេឡង់ បានបន្តថា «គួរកត់សម្គាល់ផងដែរថា ដំបូងឡើយ RCEP គឺជាគំនិតផ្តួចផ្តើមរួមពីប្រទេសចំនួន១៦ នៅក្នុងឆ្នាំ២០១១ ហើយបានលេចចេញជារូបរាងពេញលេញនៅក្នុងឆ្នាំ២០១២ អំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀតនៅទីក្រុងភ្នំពេញ។ ក្រោយមកនៅក្នុងឆ្នាំ២០១៩ ឥណ្ឌា បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះដោយហេតុផលមួយចំនួនពាក់ព័ន្ធនឹងប្រយោជន៍សេដ្ឋកិច្ចជាតិ។

លោក បន្តថា យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នៅតែត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេលើពិភពលោក និងប្រកបដោយសក្តានុពល ធំជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CTTPP (Comprehensive and Progressive Trans-Pacific Partnership) ដែលត្រូវបានបំប្លែងចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី TPP (Trans-Pacific Partnership) ផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកប្រធានាធិបតី Obama ទៅទៀត។

គេអាចនិយាយបានថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងពេលណាណាទាំងអស់ដោយសារកត្តាធំៗបី៖ ទី១) – គឺ ទំហំទីផ្សាររវាងអន្តរតំបន់ ដែលមានប្រជាជនសរុបប្រមាណ ៣០ភាគរយនៃប្រជាជនពិភពលោកសរុប។ ទី២) – គឺ ទំហំនៃផលិផលក្នុងស្រុកសរុបនៃបណ្តាប្រទេសសមាជិកបូកបញ្ចូលគ្នា ស្មើនឹងប្រមាណ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក។ និងទី៣) – គឺ គេក៏មិនត្រូវភ្លេចទេថា សមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP សុទ្ធសឹងតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំង ដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺធ្វើយ៉ាងណាកាត់បន្ថយរបាំងពន្ធគយឱ្យបាន៩០ភាគរយលើផលិតផលកសិកម្ម និងឧស្សាហកម្ម និងដើម្បីជំរុញឱ្យមានការវិនិយោគដោយផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសអ្នកមានដែលជាសមាជិកក្នុងកិច្ចព្រមព្រៀងនេះ។ មិនត្រឹមតែមិនប៉ុណ្ណោះ RCEP ក៏អាចបង្ហាញឱ្យកាន់តែច្បាស់អំពីការទាញបានផលចំណេញពីគ្នាទៅវិញទៅមកនៅចំពោះមុខប្រទេសមានសេដ្ឋកិច្ចធំៗ តួយ៉ាង ចិន ជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលីជាដើម។ ប៉ុន្តែ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញភាពត្រូវរូវគ្នារវាងប្រទេស និងប្រទេស ដូចជា ចិន និងជប៉ុន (ដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ឥទ្ធិពលចិនលើវិស័យនយោបាយ និងវិស័យសេដ្ឋកិច្ច) លើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ។


ជាងនេះទៅទៀត ក្នុងបរិបទបច្ចុប្បន្ន គេពិបាកប្រកែកណាស់ថា ការចុះកិច្ចព្រមព្រៀងនេះ មិនមែនជារឿងចៃដន្យឡើយ ព្រោះគេបានចំណាយរយៈពេលដល់ទៅ៨ឆ្នាំ មុនឈានដល់ការចុះកិច្ចព្រមព្រៀងនេះ។ ក្នុងន័យនេះ RCEP អាចនឹងជួយប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ អាចទាញយកផលចំណេញដើម្បីស្តារសេដ្ឋកិច្ច ពីផលប៉ះពាល់ដោយជំងឺរាតត្បាតសកលកូវីដ១៩ និងម៉្យាងទៀតអាចកាត់បន្ថយផលប៉ះពាល់ពីឥទ្ធិពលអវិជ្ជមានដែលចេញពី សង្រ្គាមពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងចិន។

លោកបន្ថែមថា ជាក់ស្តែង RCEP នឹងជំរុញឱ្យមានការរីកចម្រើនសម្រាប់បរិយាកាសវិនិយោគដោយផ្ទាល់ពីបរទេស កំណែទម្រង់ស្តង់ដារការងារ ការពង្រឹងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត (Cyber Security) និងការចែករំលែកព័ត៌មានក្នុងចំណោមសមាជិក ហើយពិតប្រាកដណាស់ កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវពាណិជ្ជកម្មថ្មីមួយទៀត តាមរយៈការដោះដូរពាណិជ្ជកម្មសេរីតាមបទដ្ឋានរួម៕

អត្ថបទសរសេរ ដោយ