នៅពេលចាប់កំណើត រាងកាយរបស់ទារកមានទឹកប្រហែល ៧៥% ។ ចំពោះកុមារ និងមនុស្សធំប្រហែលជា ៦០% នៃរាងកាយ ។ ទឹកពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាព ព្រោះកោសិកាក្នុងខ្លួនយើងពឹងផ្អែកលើវា ដើម្បីដំណើរការធម្មតា ហើយក៏ត្រូវការសម្រាប់បញ្ចេញជាតិពុលចោលដែរ ។ របៀបនៃការទទួលទឹករបស់មនុស្សយើង អាចមានឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាព ។

បរិមាណដែលកុមារត្រូវការផឹក អាចខុសគ្នាយ៉ាងខ្លាំងអាស្រ័យលើអាយុ និងភេទ ក៏ដូចជាអាកាសធាតុ និងសកម្មភាពរាងកាយ ។ អាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប (EFSA) មានគោលការណ៍ណែនាំអំពីតម្រូវការទឹករបស់កុមារ ។ ជាទូទៅកុមារអាយុពី ៤ឆ្នាំទៅ ៨ឆ្នាំ មិនថាជាកុមារា ឬកុមារី គួរទទួលទានទឹកមួយថ្ងៃឱ្យបានចន្លោះពី ១.១លីត្រ ទៅ ១.៣លីត្រ ។ ចំណែកឯនៅអាយុពី ៩ឆ្នាំទៅ ១៣ឆ្នាំ កុមារីត្រូវការទឹកប្រហែលពី ១.៣លីត្រ ទៅ ១.៥លីត្រ ខណៈដែលកុមារានៅអាយុដូចគ្នាត្រូវការទឹកប្រហែលពី ១.៥លីត្រ ទៅ ១.៧លីត្រ ក្នុងមួយថ្ងៃ ។

ជាតិទឹក គឺមានសារៈសំខាន់ជាពិសេសសម្រាប់កុមារ ព្រោះពួកគេមានតម្រូវការទឹកខ្ពស់ដែលទាក់ទងទៅនឹងទម្ងន់រាងកាយរបស់ពួកគេ ជាងមនុស្សពេញវ័យ ។ ជាពិសេសទារកនិងកុមារតូច ក៏មិនសូវធន់នឹងកំដៅដែរ ដូច្នេះការផឹកទឹកក្នុងបរិមាណតិចជាញឹកញាប់គឺចាំបាច់ជាពិសេសនៅក្នុងអាកាសធាតុក្តៅ ឬនៅពេលដែលពួកគេសកម្មខ្លាំង ។ ដោយសារកុមារមិនសូវជាដឹងខ្លួនថា កំពុងស្រេកទឹកពួកគេប្រឈមនឹងការខ្វះជាតិទឹក ។ តែកុមារអាចបង្ហាញសញ្ញាខ្វះជាតិទឹកបានឆាប់រហ័ស បើទោះបីជាខ្វះជាតិទឹកកម្រិតស្រាលក៏ដោយ តាមរយៈការនៅមិនស្ងៀម ហត់ៗ មិនសូវផ្តោតអារម្មណ៍ គិតមិនសូវចេញ និងស្បែកឡើងស្ងួត ។

ដើម្បីបង្ការការខ្វះជាតិទឹក កុមារតូចៗគួរតែទទួលទានទឹកឱ្យត្រូវតាមបរិមាណ ដែលណែនាំដោយអាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប (EFSA) ដូចទៅនឹងការបកស្រាយខាងលើ ។ គុណភាពទឹកដែលទទួលទានក៏ត្រូវតែស្អាត និង មានគុណភាពខ្ពស់ដែរ ដើម្បីអាចទទួលបានសុខភាពល្អដូចការប្រាថ្នាចង់បាន ៕ ប្រភព ៖ bbcgoodfood
ចែករំលែកព័តមាននេះ