រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣០ ឧសភា ២០១៥ នៅសាលាបឋមសិក្សាសន្សំកុសល មានរៀបចំប្រារព្ឋពិធីរំលឹកខួបលើកទី៦៦នៃទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី១៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមអធិបតីភាពលោក ឌី រ័ត្នខេមរុណ អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ និងមានការចូលរួមពីគណ:គ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សប្រមាណជាង៣០០នាក់ ។
អង្គពិធីប្រារព្ធឡើងនៅក្នុងបរិវេណនៃសាលាបឋមសិក្សាសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ក្នុងឱកាសខាងលើ លោកស្រីជានាយិកាសាលាបានឡើងថ្លែងពីប្រវត្តិ និងដំណើរដើមទងមួយចំនួន នៃការបង្កើតទិវាកុមារអន្តរជាតិ១មិថុនា ជូនដល់ប្អូនៗ ជាសិស្សានុស្សិស្សស្តាប់ ដើម្បីឱ្យប្អូនៗបានយល់ដឹងអំពីដំណើររឿងខ្លះនៃទិវាមួយនេះ ។
ទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំនេះ គឺប្រារព្វធ្វើឡើង ក្រោមប្រធានបទ «លើកកំពស់អាហារូបត្ថម្ភប្រកបដោយគុណភាពដើម្បីអភិវឌ្ឍន៍កុមារ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ គ្មានពលកម្មកុមារ, ផ្តល់ការអប់រំដែលមានគុណភាព ។
នៅក្នុងខ្លឹមសារនៃសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលអានដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានលើកឡើងថា សង្គមជាតិរបស់យើង នឹងបន្តលើកកំពស់នូវវប្បធម៌ស្រឡាញ់កុមារ សំដៅរួមចំណែកលុបបំបាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ចលើពលកម្មកុមារ និងការរំលោភបំពាន ការជួញដូរកុមារ និងលើកស្ទួយ សេចក្តីថ្លៃថ្នូររបស់កុមារ ដែលជាការលើកកំពស់សុខុមាលភាពរបស់សង្គមជាតិកម្ពុជាយើងទាំងមូលផងដែរ។
ទិវាកុមារអន្តរជាតិ១មិថុនា, ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា, និងទិវាកុមារកម្ពុជាឆ្នាំ ២០១៥ នឹងពង្រឹងបន្ថែមទៀតនូវឆន្ទៈប្តូរផ្តាច់របស់ប្រជាជនកម្ពុជាយើងឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ
លើវិស័យសុខុមាលភាពកុមារនៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជាយើង។
នៅក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បាននាំយកអំណោយ រួមមាន សៀវភៅ ប៊ិច ថ្នាំដុសធ្មេញជូនដល់សិស្សក្រីក្រប្រមាណ១០០នាក់ផងដែរ ។ សូមបញ្ចាក់ថា កម្ពុជាបានផ្តល់សច្ចាប័នស្របទៅនឹង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ដែលមានក្នុងមុំទី១ ការពង្រឹង និងការលើកកំពស់វិស័យអប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យា ព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស និងមុំទី២ នៃចតុកោណទី៤ ស្តីពីការលើកកំពស់សុខភាព និងអាហារូបត្ថម្ភ ដោយគាំទ្រការលើកកំពស់សិទ្ធិកុមារ , គោលដៅអភិវឌ្ឍន៍សហសវត្ស , ផែនការជាតិសំរាប់ការអប់រំ ទាំងអស់គ្នា , យុទ្ធសាស្ត្រជាតិគាំពារសង្គមសំរាប់ជនក្រីក្រ និងជនងាយរងគ្រោះ និងទិសដៅសកល ស្តីពីការលុបបំបាត់ទំរង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ៕
ចែករំលែកព័តមាននេះ