ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ប្រេងកូឡា ហេតុ​អ្វី​ហៅ « ប្រេងកូឡា » ?

8 ឆ្នាំ មុន

យោង​តាម​សៀវភៅ «​ឧបនិស្ស័យ​ខ្មែរ​» របស់​លោកស្រី​កែវ ណា​រុំ អធិប្បាយ​ថា មនុស្ស​ពួក​កូ​ឡា គឺជា​ជាតិ​សាសន៍​មួយ​ដែល​រស់នៅ​ក្នុង​រដ្ឋ​សហ​ព​ន្ធ័​ភូមា ។ តាម​ប្រវត្តិ​ពង្សាវតារ​បាន​អធិប្បាយ​ថា

យោង​តាម​សៀវភៅ «​ឧបនិស្ស័យ​ខ្មែរ​» របស់​លោកស្រី​កែវ ណា​រុំ អធិប្បាយ​ថា មនុស្ស​ពួក​កូ​ឡា គឺជា​ជាតិ​សាសន៍​មួយ​ដែល​រស់នៅ​ក្នុង​រដ្ឋ​សហ​ព​ន្ធ័​ភូមា ។ តាម​ប្រវត្តិ​ពង្សាវតារ​បាន​អធិប្បាយ​ថា ពួក​កូ​ឡា​នេះ​បាន​ចាប់ផ្តើម​មក​រស់នៅ​ក​ជា​ភូមិ​ក្នុង​តំបន់​ប៉ៃលិន​តាំងពី​គ្រឹ​ស្ត​សករាជ​១៨៧៦ ។ ពួក​កូ​ឡា​មក​រស់នៅ​ក្នុង​បំណង​ជីក​រក​ត្បូង​ដែល​មាននៅ​ក្នុង​ដី​ត្រង់​ជ្រលង​ភ្នំ​នៃ​ភូមិភាគ​នោះ ។ ពិតមែនតែ​ដី​ត្រង់នោះ​ជា​ដី​ខ្មែរ តែ​កាល​ណោះ​ស្ថិត​ក្នុង​អំណាច​គ្រប់គ្រង​របស់​សៀម​នៅឡើយ ។ នៅ​ក្នុង​គ្រឹ​ស្ត​សករាជ​១៩០៤ ទើប​សៀម​ប្រគល់​ទឹកដី​ខេត្តបាត់ដំបង ម្លូព្រៃ ស្ទឹង​ត្រែង មក​ឱ្យ​ខ្មែរ​ដែល​កាល​ណោះ​តំបន់​ប៉ៃលិន ស្ថិត​នៅ​ក្នុង​ខេត្តបាត់ដំបង ហើយ​ត្រូវ​រាជការ​បារាំង​កំពុង​ត្រួតត្រា​ប្រទេស​ខ្មែរ​នោះ នៅ​កាន់កាប់​ដោយ​តាំង​ប្រតិភូ​ប្រចាំ​ខេត្ត​នោះ ។

ក្រោយមក​ពួក​កូ​ឡា​បាន​មក​រស់នៅ​ក្រុងភ្នំពេញ​ខ្លះ ច្រើន​នៅ​ម្តុំ​ផ្សារ​ចាស់ ផ្សារ​កណ្តាល ផ្សារ​ធំ​ថ្មី ។ មុខរប​របស់​ពួក​គេ​ភាគច្រើន ប្រកប​របរ​លក់​ត្បូង និង​ច្នៃត្បូង​។ គេ​សង្កេត​ឃើញ ស្រី​ៗ​ប្រកប​របរ​លក់​បង្អែម​ដែរ ដែល​ខ្មែរយើង​និយម​ហៅ​ថា​បង្អែម​សៀម គឺ​មាន​ចាហួយ បាយដំណើប គ្រាប់ខ្នុរ វល្លិ​មាស​(​វ៉​យ​) យិ​ប​…​។ ម្យ៉ាងទៀត​ក្នុង​ចំណោម​ពួក​កូ​ឡា​ទាំង​អស់នោះ មានគ្រួសារ​មួយ​បាន​រកស៊ី​ធ្វើ​ក្រមួន​សម្រាប់​លាប​ក្នុង​ពេល​ឈឺក្បាល វិលមុខ ខ្យល់ចាប់​… ដោយ​ផ្តើម​លក់​ក្នុង​អំឡុង​ចុង​ទស​វត្ស​ឆ្នាំ​១៩៤០ (១៩៤៧ ឬ​១៩៤៨​?​)​។ ស្លាក​សញ្ញា គឺ​រូបថត​មនុស្ស​ត្រឹម​ដើមទ្រូង ស្ថិត​ក្នុង​រង្វង់​រាង​ពងក្រពើ ដោយ​សរសេរ​ថា «​ប្រេងកូឡា​ម្រ័​ក្ស​» បិទ​លើ​ដប​រាង​ស៊ីឡាំង ធ្វើ​ពី​កែវ​ពណ៌​ស្លឹកចេក​ខ្ចី ដែល​មាន​ទំហំ​ធុន​ធំ កណ្តាល និង​តូច ។ ធុន​ធំ​មាន​ទំហំ​អង្កត់ផ្ចិត​ប្រហែល ៣,៥០​សង្ទីម៉ែត្រ និង​កម្ពស់​រួម​ទាំង​សម្បក​ផង​ប្រហែល ៥,៥០​សង្ទីម៉ែត្រ​។ ចំណែក​ធុន​កណ្តាល​មាន​ទំហំ​តូច​ជាង​ពាក់កណ្តាល​ធុន​ធំ​។ ចំណែក​ធុន​តូច​មាន​ទំហំ​ប្រហែល​ធំ​ជាង​មេដៃ​មនុស្ស​ចាស់​បន្តិច​…​?​។ ចំណែក​ឱសថ​ដែល​ដាក់​ក្នុង​ដប​នោះ​មាន​ភាព​ជា​ក្រមួន​ពណ៌​ស្លឹកចេក​ចាស់ ព្រោះ​ប្រើ​សំបក​ក្រូចសើច​ច្រើន​ក្នុង​ការ​ផលិត ។ នេះ​ជាស​ម្តី​របស់​អ្នកបម្រើ​ការ​ក្នុងផ្ទះ​នោះ​បាន​ផ្តល់​ព័ត៌មាន តែ​គេ​មិន​អាច​បញ្ជាក់​ថា មាន​ប្រើ​រូបមន្ត​អ្វី​ផ្សេង​ទៀត​ទេ ។

ចំណែក​អ្នក​ជិតខាង​បាន​និយាយ​ថា ផ្ទះ​នោះ​បាន​ប្រមូល​ទិញ​ផ្លែ​ក្រូចសើច​ជា​ច្រើន​ក្នុង​ការ​ផលិត មួយ​លើក​ៗ ។ ផ្ទះ​លក់​ប្រេងកូឡា​ម្រ័​ក្ស​នោះ ស្ថិត​នៅ​ខាងត្បូង​ផ្សារ​ធំ​ថ្មី​ឆៀង​ខាងកើត​។ ចាប់ពី​ពេល​នោះ​មក មហាជន​និយម​ហៅ​ត្រឹមតែ​ឈ្មោះ​ថា «​ប្រេងកូឡា​» ប៉ុណ្ណោះ​រហូត​ដល់​បច្ចុប្បន្ន ចំពោះ​ឱសថ​ណា​ដែល​ផលិត​ជា​ក្រមួន​សម្រាប់​ប្រកប​នឹង​ជំងឺ​ឈឺក្បាល វិលមុខ ខ្យល់ចាប់ …​។ ប្រសិនបើ​ចង់​ថា​ម៉ាក​ណាមួយ គេ​ត្រូវ​និយាយ​ថា «​ប្រេងកូឡា​ម៉ាក​ខ្លា ឬ ស្វា …» តាម​រូប​សញ្ញា​បិទ​នៅ​លើ​ដប ឬ​ប្រអប់​។ ចំណែក​ឱសថ សម្រាប់​ប្រើ​ប្រកប​នឹង​ជំងឺ​នេះ​ដែរ តែ​ផលិត​ជា​វត្ថុ​រាវ ខ្មែរ​និយម​ហៅ​ថា «​ប្រេងខ្យល់​» ហើយ​បើ​ចង់​បញ្ជាក់​ក៏​ហៅ​តាម​ឈ្មោះ ឬ​រូបភាព ដែល​មាន​បិទ​ពីលើ​ដែរ ។

មុន​នឹង​មាន​ប្រើ​ប្រេងកូឡា​ម្រ័​ក្ស​នេះ ប្រជាជន​ខ្មែរ​ភាគតិច​បាន​ប្រើ​ប្រេងខ្យល់​ដែល​ផលិត​នៅ​ប្រទេស​ប៉ែក​ខាង​អឺរ៉ុប ពិសេស​ប្រទេស​បារាំង ដែល​មាន​ដាក់​លក់​នៅ​ឱសថស្ថាន​នានា​។ ចំណែក​ប្រជាជន​ខ្មែរ​ផ្សេង​ទៀត​បាន​ប្រើ​ឱសថ​តាម​បែប​បុរាណ​ខ្មែរ ឬ​ប្រើ​ប្រេង​ដែល​គេ​ចម្រាញ់​ពី​មើម​ក្រវាញ គេ​ហៅ​ថា «​ប្រេង​ក្រវាញ​» ។

ក្រោយ​ពេល​ប្រេង​ម្រ័​ក្ស​បាន​ផ្សព្វផ្សាយ​ពេញ​ទាំង​ផ្ទៃ​ប្រទេស ទើប​មាន​ក្រមួន​ប្រេងខ្យល់​របស់​ប្រទេស​ផ្សេង​ទៀត​បាន​នាំ​ចូល​មក​លក់​ប្រហែល​ក្នុង​អំឡុង​ឆ្នាំ​១៩៦០ គឺ​ច្រើន​នាំ​ចូល​ពី​ប្រទេស​សៀម ឬ​យួន ។ ប៉ុន្តែ​គេ​នៅ​តែ​និយម​ហៅ​ថា​ប្រេងកូឡា​ដដែល ចំពោះ​ប្រេងខ្យល់​មាន​ភាព​ជា​ក្រមួន ដោយ​និយាយ​បន្ថែម​ថា ប្រេងកូឡា​សៀម ប្រេងកូឡា​យួន ឬ​ហៅ​តាម​រូប​សញ្ញា ដូច​ជា​ហៅ​ប្រេងកូឡា​រូប​ស្វា ប្រេងកូឡា​រូប​ផ្លែ​ដូង​ជាដើម ។

បច្ចុប្បន្ន​នេះ​ក្រៅពី​ប្រេងកូឡា​ផលិត​ក្នុងស្រុក មាន​ប្រេងកូឡា​នាំ​ចូល​ពី​បរទេស ដូច​ជា​ពី​ប្រទេស​ចិន មានឈ្មោះ​ថា​ប្រេងកូឡា​តា​ប៉ិ ជាដើម ៕