ប្រវត្តិនៃសិល្បៈនិទានរឿងរបស់ខ្មែរ
ក៏ដូចនៅប្រទេសជាច្រើនក្នុងពិភពលោកដែរ ការនិទានរឿងនៅប្រទេសកម្ពុជា គឺជាទំនៀមមួយដែលមានអាយុតាំងពីយូរលង់ណាស់មកហើយៗមានប្រជាប្រិយភាពទៀតផង ។
ក៏ដូចនៅប្រទេសជាច្រើនក្នុងពិភពលោកដែរ ការនិទានរឿងនៅប្រទេសកម្ពុជា គឺជាទំនៀមមួយដែលមានអាយុតាំងពីយូរលង់ណាស់មកហើយៗមានប្រជាប្រិយភាពទៀតផង ។
ក៏ដូចនៅប្រទេសជាច្រើនក្នុងពិភពលោកដែរ ការនិទានរឿងនៅប្រទេសកម្ពុជា គឺជាទំនៀមមួយដែលមានអាយុតាំងពីយូរលង់ណាស់មកហើយៗមានប្រជាប្រិយភាពទៀតផង ។
យោងតាមសៀវភៅ «ទស្សនីយភាពខ្មែរ» អធិប្បាយថា ជីតា ឬជីដូន និទានរឿងពីធម្មជាតិនៅជុំវិញខ្លួន ដូចជាប្រវត្តិភ្នំ ទន្លេ សមុទ្រ ជ្រោះជ្រងជ្រលងដងអូរ… ប្រវត្តិប្រាសាទ ឬប្រវត្តិអ្នកតា ម្ចាស់ទឹកម្ចាស់ដីដែលគេជឿថា មានឫទ្ធិបារមី ធំធេង តែងតែបានផ្តល់ក្តីសុខ ចម្រុងចម្រើនដល់អ្នកភូមិស្រុក ក្នុងតំបន់… ហើយមានលក្ខណៈ ប្លែកៗ គួរឱ្យចងចាំដូចជា រឿងលោកតាក្បាលប្រាំបី ដែលស្ថិតក្នុងកោះមួយ តាមបណ្តោយដងទន្លេសាប ដែលអ្នកស្រុកមានជំនឿមុតមាំថា ជាអ្នកតាចាស់ស្រុក ដែលតែងតាមជួយថែរក្សាកូនចៅឱ្យបានសុខសប្បាយគ្រប់ពេលវេលា ពិសេសក្នុងគ្រាមានគ្រោះអាសន្ន ហើយធ្លាប់មានក្រពើយ៉ាងធំជាទូក ជាជំនិះរបស់លោកតាថែមទៀតផង ។
យប់មួយលោកតាបានមកពន្យល់សប្តិ អ្នកស្រុកម្នាក់(ជារូបដែលលោកតាតែងផ្តល់ដំណឹង) ថា លោកតាបានភ្នាល់ឈ្នះបានទូកមួយ ដែលមានទំហំធំប៉ុនគ្នានឹងទូកចាស់ ហើយលោកតា នឹងសាកល្បងប្រណាំងទូកទាំងពីរនេះមើលថាទូកចាស់ និងទូកថ្មី តើទូកមួយណាខ្លាំងជាង0x017d7 ការប្រណាំងទូករបស់លោកតា គឺការប្រខាំ ឬបញ្ជល់ក្រពើ ។
រំលងពីពេលយល់សប្តិបានមួយថ្ងៃពីរ ថ្ងៃមួយពេលព្រះអាទិត្យចាប់ផ្តើមក្រហម ប្រឿងៗ នៅទិសខាងកើត ក្រពើយ៉ាងធំអស្ចារ្យពីរ បានខាំគ្នានៅខាងទន្លេតូច ស្ថិតខាងកើតកោះ ដែលមានបណ្តោយប្រមាណប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ធ្វើឱ្យទឹកទន្លេបែកភក់ល្អក់ខ្វល់ ហើយមានរលកគ្រាំគ្រេងបោក ខ្ជោលៗឡើងមកដល់ពាក់កណ្តាលខ្ពប ដែលជាចម្ការដាំដំណាំ ។ ក្រពើទាំងពីរគោះបោក ប្រដេញប្រខាំហែកហួរ ប្រយុទ្ធគ្នាយ៉ាងអស់ទំហឹងពេញមួយថ្ងៃ តាំងពីពេលព្រឹកព្រលឹម ស្រាងៗ រហូតដល់ថ្ងៃជិតលិច ទើបស្ងប់ស្ងាត់ ។
យប់នោះលោកតា បានមកពន្យល់សប្តិ អ្នកស្រុកដដែលនោះម្តងទៀត (រូបដែលលោកតាតែងផ្តល់ដំណឹង)ដោយបាននិយាយប្រាប់ថា ទូកថ្មីចាញ់ទូកចាស់របស់លោកតាហើយ ។ លុះពេលព្រឹកព្រលឹមស្អែកឡើងទើបអ្នកស្រុកបានឃើញក្រពើដ៏ធំ អស្ចារ្យមួយ«ប៉ុនទូកចែវ» ងាប់អណ្តែតផ្ងារពោះ តាមទន្លេដែលជាសង្វៀន ឬទីលានបញ្ជល់ក្រពើខាងមុខរោងលោកតានោះ ។
ឯរឿងទាំងឡាយដែលទាក់ទងនឹងសាសនាព្រាហ្មណ៍វិញ ដូចជារឿង មហាភារតៈយុទ្ធ ឬរឿងរាមាយណៈ ដែលនិពន្ធដោយមហាកវីវាលមីកិ (តាមសម្តេចព្រះសង្ឃរាជ ជួន ណាត) ក្នុងអំឡុងពុទ្ធសករាជ ៧៥០ ដើម្បីផ្សព្វផ្សាយពីឥទ្ធិពលនៃព្រហ្មញ្ញសាសនានោះ គេជឿថា បានហូរចូលមកប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសដទៃទៀត តាំងពីយូរលង់ណាស់មកហើយពុំខាន តាមរយៈពួកព្រាហ្មណ៍ដែលមកធ្វើជំនួញជួញដូរផង និងមកផ្សាយសាសនារបស់ខ្លួននៅក្នុងតំបន់នេះផង ។
មិនខុសពីការសាងប្រាសាទនៅប្រទេសកម្ពុជា ដែលពីដំបូងយើងរៀន ឬទទួលឥទ្ធិពលពីឥណ្ឌា ហើយក្រោយមកខ្មែរបានធ្វើឱ្យមានការវិវឌ្ឍរីកចម្រើន រហូតដល់អាចសាងប្រាសាទអង្គរវត្ត ដែលមានលក្ខណៈជាខ្មែរ ហើយបានក្លាយជាអច្ឆរិយវត្ថុ ក្នុងលោកនោះឡើយ ។ ចំពោះការនិទានរឿង គឺពីដំបូងខ្មែរបានស្តាប់ជឿ ហើយទទួលយកការទេសន៍ ឬនិទានរឿងរាមាយណៈរបស់ពួកព្រាហ្មណ៍ ក្នុងទស្សនៈលោកធាតុឥណ្ឌា ។ ក្រោយមក ពីមួយថ្ងៃទៅមួយថ្ងៃ ពីជំនាន់មួយទៅជំនាន់មួយទៀត ខ្មែរបានកែច្នៃរឿងរាមាយណៈ របស់ឥណ្ឌា ដោយបានបញ្ចេញបញ្ចូលបន្ថែមបន្ថយនូវអន្លើ ផ្សេងៗ ឱ្យអភិវឌ្ឍមករកទស្សនៈលោកធាតុខ្មែរ… រហូតដល់កើតបានជារឿងរាមកេរ្តិ៍ ដែលជាជង្រុកនៃអក្សរសិល្ប៍ខ្មែរ ពាក្យពេចន៍នៃភាសា និងវោហារសាស្ត្រខ្មែរជាប្រភពមិនចេះរីងស្ងួត នៃការច្នៃប្រឌិតខាងផ្នែកតែងនិពន្ធ ខាងវិចិត្រកម្ម ខាងសិល្បៈនាដសាស្ត្រ មានល្ខោន តូរ្យតន្ត្រី ចម្រៀង និងរបាំយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀតផង ។
ក្នុងស្មារតីធ្វើឱ្យរាមាយណៈឥណ្ឌា មានការអភិវឌ្ឍមករកពណ៌សម្បុរជាខ្មែរ ដោយផ្អែកលើលក្ខណៈភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ជំនឿទំនៀមទម្លាប់ប្រពៃណី ចំណង់ចំណូលចិត្តរបស់ខ្លួននេះ ពោលគឺខ្មែរបាននិទានដោយបានបន្ថែមបន្ថយខ្លះ បានធ្វើឱ្យរឿងរាមកេរ្តិ៍ខ្មែរមានអន្លើខុសប្លែកពីរឿង រាមាយណៈឥណ្ឌាយ៉ាងច្រើន… ឧទាហរណ៍ដូចជាអន្លើនាងបុញ្ញកាយ ដែលជាកូនស្រីរបស់ពិភេក ជាប្អូនបង្កើតរបស់ក្រុងរាពណ៍ ដែលបានមកសុំចុះចូលក្នុងទ័ពរបស់ព្រះរាម ហើយនាងបុញ្ញកាយនេះ បានត្រូវក្រុងរាពណ៍ជាឪពុកធំបញ្ជាឱ្យមកធ្វើចារកិច្ចក្លែងខ្លួនជាសាកសពនាងសីតា អណ្តែតទឹកមកព្រះពន្លា ព្រះរាម… ក្នុងបំណងបំភ័ន្តឱ្យព្រះរាមយល់ច្រឡំថាៈ នាងសីតាជាមហេសីព្រះអង្គសុគតហើយនោះ… ទីបំផុតសាកសពនាងសីតា(បុញ្ញកាយក្លែង) ត្រូវហនុមាន និងពលស្វាយកទៅដុតសាកល្បងដើម្បីឱ្យដឹងច្បាស់ថាជាសាកសពនាងសីតា ឬមិនមែន?
ដោយទ្រាំនឹងកម្តៅភ្លើងមិនបាន នាងបុញ្ញកាយក៏បន្លំហោះរត់គេចទៅតាមផ្សែងតែត្រូវហនុមានជាមេទ័ពដ៏ឆ្លាតវាងវៃ និងក្លាហានរបស់ព្រះរាមចាប់បាន រួចយកមកធ្វើទោសសួរ ចម្លើយ ។ ក្រោយមកព្រះរាមទ្រង់េជ្រាបថា នាងបុញ្ញកាយជាបុត្រីរបស់ពិភេកហោរា ដែលបានមកសុំជ្រកកោនជាមួយនឹងព្រះអង្គនោះ…ព្រះអង្គក៏បញ្ជាឱ្យហនុមាននាំនាងជាសម្ងាត់ទៅក្រុងលង្កាវិញ មិនឱ្យពិភេកហោរាដឹង… ហើយទីបំផុត នាងបុញ្ញកាយក៏បានធ្លាក់ចូលក្នុងអន្ទាក់ស្នេហារបស់ហនុមានមុនពេលទៅដល់ក្រុងលង្កាវិញនោះ ។ សុំបញ្ជាក់ថា អន្លើនាងបុញ្ញកាយក្នុងរឿងរាមកេរ្តិ៍ខ្មែរនេះ មិនឃើញមានក្នុងរឿងរាមាយណៈ របស់ឥណ្ឌាទេ ។
នៅមានអន្លើជាច្រើនទៀត ដែលមានចំណុចខុសគ្នា រវាងរឿងរាមាយណៈឥណ្ឌា និងរឿងរាមកេរ្តិ៍ខ្មែរនោះ ។
មិនត្រឹមតែប៉ុណ្ណោះទេ តួអង្គព្រះរាម ដែលមនុស្សជាទូទៅជឿថា ជាអវតារបស់ព្រះនារាយណ៍ ឬព្រះវិណ្ណុនោះ ត្រូវបានខ្មែរបម្លែងតួនាទី ជាតួអង្គព្រះពោធិសត្វ របស់ព្រះពុទ្ធអង្គ តាមទស្សនៈខ្មែរ ក្នុងពេលដែលខ្មែរកាន់ព្រះពុទ្ធសាសនាថែមទៀតផង ។ ក្រៅពីហៅតួអង្គព្រះរាមថា ព្រះនារាយណ៍រាមា គេនៅសម្គាល់ព្រះអង្គ ដោយពាក្យពង្សពុទ្ធសន្តាន ពុទ្ធង្កូល សារពេជ្ញញាណ ឬពាក្យព្រះពោធិសត្វជាភស្តុតាងបញ្ជាក់គំនិតនេះផង ។ ឯគំនូរវិចិត្រកម្មរឿងរាមកេរ្តិ៍ជាច្រើន ដែលគេគូរលើជញ្ជាំងព្រះវិហារព្រះពុទ្ធសាសនា ដូចនៅវត្តព្រះរាជបូព៌ ខេត្តសៀមរាប ឬក្នុងថែវព្រះវិហារ ព្រះកែវមរកត ក្រុងភ្នំពេញ ក៏ស្ថិតនៅក្នុងស្មារតីនេះដែរ ។ ម្យ៉ាងទៀតក៏គួរតែបញ្ជាក់បន្ថែមដែរថា តួអង្គព្រះរាមក្នុងរឿងរាមាយណៈឥណ្ឌា ពោរពេញទៅដោយលក្ខណៈទេវៈ ។ ឯព្រះរាមក្នុងរឿងរាមកេរ្តិ៍ខ្មែរ ហាក់មានលក្ខណៈជាមនុស្សសាមញ្ញយ៉ាងច្រើន ដោយព្រះរាមចេះខឹង ច្រឡោតតោតតូង ចង់យកទោសហនុមាន និងអង្គទពេលព្រះអង្គឃើញសាកសពនាងសីតា(បុញ្ញកាយ ក្លែង)អណ្តែតទឹកមកដល់ ព្រះពន្លាព្រះអង្គ ដោយទ្រង់ជឿថា ហេតុដែលបណ្តាលឱ្យនាងសីតាសុគត គឺដោយសារតែហនុមានបានធ្វើ ឱ្យក្រុមរាពណ៍ ខឹងព្រោះហនុមានបានអនុវត្តហួសបញ្ជារបស់ព្រះអង្គ រហូតដល់ធ្វើឱ្យឆេះក្រុងលង្កា ?
ព្រះរាមចេះទួញសោកកើតទុក្ខរីងរៃ (ទ្រង់វិយោគសោយសោក រហូតដល់ដួលសន្លប់បាត់ស្មារតីប្របព្រះលក្ម្សណ៍ អនុជា ដែលត្រូវសរព្រហ្មាសរបស់ឥន្ទជិត ? (ក្នុងពេលដែលព្រះរាមអង្គឯង ខំដកសរតែដកមិនរួច) ។ ព្រះរាមចេះភូតភរកុហកបោកប្រាស(ព្រះរាមចូលកោដិបញ្ឆោតនាងសិតា) ។
មានជំនឿជឿជាក់ថា ទំនៀមទម្លាប់នៃការនិទានរឿងរាមកេរ្តិ៍ ប្រាកដជាមានវត្តមានជានិច្ចតាំងពីសម័យមុនអង្គរ ក៏ដូចជាសម័យអង្គរ ដែលមានរូបចម្លាក់រឿងរាមកេរ្តិ៍យ៉ាងច្រើនសន្ធឹកសន្ធាប់លើជញ្ជាំង ឬផ្តែរប្រាសាទនានា ពិសេសប្រាសាទអង្គរវត្ត… រហូតមកដល់បច្ចុប្បន្ននេះ ។
ចំណែករឿងដែលទាក់ទងខាងព្រះពុទ្ធសាសនាវិញ ក៏ដូចគ្នានេះដែរ គឺត្រូវបានព្រះសង្ឃទេសនា ឬអាចារ្យ លើកយករឿងទាំងឡាយដូចជាពុទ្ធប្រវត្តិ ឬរឿងជាតក ផ្សេងៗ មានរឿងព្រះវេស្សន្តរ រឿង«តេមិយកុមារ» និងរឿង«សុវណ្ណសាម»ជាដើម ។ ល។ មកនិទានផ្សព្វផ្សាយឱ្យពុទ្ធសាសនិកទាំងអស់បានជ្រួតជ្រាប ។
ពេលខ្លះជីដូន ឬជីតា និទានប្រវត្តិវត្តនៅក្នុងភូមិឱ្យ ចៅៗស្តាប់… ដូចប្រវត្តិវត្តតាមាស ឬវត្តលិច ស្ថិតនៅលើកោះមួយតាមបណ្តោយដងទន្លេសាប ដែលមានលក្ខណៈខុសប្លែកពីវត្តដទៃទាំងអស់ក្នុងស្រុកខ្មែរ ដោយវត្តនេះបែរមុខទៅទិសខាងលិច ? ជីដូនបានប្រាប់ ចៅៗ ឱ្យដឹងថា កាលពីយូរលង់ណាស់មកហើយ ពេលដែលចាប់ផ្តើមកសាងវត្តនេះ អ្នកស្រុកនាំគ្នាកសាងដោយដាក់ព្រះអង្គធំ បែរព្រះភ័ក្ត្រទៅទិសខាងកើតដូចវត្តឯទៀតដែរ ។ ប៉ុន្តែដល់ពេលយប់ស្ងាត់ មានហ្វូងដំរីដែលដឹកនាំដោយដំរីស មួយជាមេហ្វូងឡើងមកពីព្រៃមាត់បឹងទន្លេសាប លើកព្រះអង្គដាក់បែរព្រះភ័ក្ត្រទៅទិសខាងលិចវិញ ។ ថ្ងៃក្រោយមកអ្នកស្រុកនាំគ្នាខំប្រឹងគ្រីបលើកព្រះអង្គធំដាក់បែរព្រះភ័ក្ត្រទៅទិសខាងកើតដូចពេលមុន តែដល់ពេលយប់ត្រូវហ្វូងដំរីមកឃើញក៏លើកបំបែរព្រះអង្គដាក់ព្រះភ័ក្ត្រទៅទិសខាងលិចវិញទៀត ។ ដោយមានជំនឿថា នេះជាប្រផ្នូលដែលវត្ថុសក្តិសិទ្ធិចង់បញ្ជាក់ប្រាប់អ្នកស្រុករាល់គ្នាថា ត្រូវតែដាក់ព្រះអង្គ និងសាងព្រះវិហារបែរមុខទៅទិសខាងលិច ទើបបានសេចក្តីសុខនោះ ទើបអ្នកស្រុកសម្រេចនាំគ្នាកសាងវត្តតាមាស ឬវត្តលិចនេះ បែរមុខទៅទិសខាងលិច ដែលយើងអាចឃើញជាក់ស្តែងរហូតមកដល់សព្វថ្ងៃ ។ សូមបញ្ជាក់ថា វត្តនេះស្ថិតនៅត្រើយខាងកើតទល់មុខផ្សារកំពង់ហ្លួង ក្នុងស្រុកពញាឮ ខេត្តកណ្តាល ចម្ងាយប្រមាណ៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។
ក្រៅពីការអធិប្បាយខាងលើនេះ នៅប្រទេសកម្ពុជាមានការនិទានរឿងតាមសាលារៀនដែល គ្រូៗនាំគ្នានិយាយរឿងព្រេងនិទាន ឬ រឿងគតិលោក ដើម្បីឱ្យសិស្សស្តាប់ ពិសេសកុមារា កុមារី តូចៗ ក្នុងបំណងបង្កើតការសប្បាយរីករាយផង និងអប់រំឱ្យ ក្មេងៗចងចាំ នូវគំនិត ល្អៗ ផ្សេងៗផង ។
អ្នកស្រាវជ្រាវសង្កេតឃើញថា នៅអំឡុងចន្លោះឆ្នាំ១៩៨០ដល់ឆ្នាំ២០០០ សិល្បៈនិទានរឿងនេះ មានការរីកចម្រើនយ៉ាងព្រោងព្រាតអស្ចារ្យ ពិសេសនៅតាមភោជនីយដ្ឋាននានា ដែលជាកន្លែងហូបចុកកម្សាន្តសប្បាយ ដែលភាគច្រើនជារឿងកំប្លុកកំប្លែង ពេលខ្លះមានលក្ខណៈគ្រោតគ្រាត អាសអាភាស ចំអាសចំអូង ធ្វើឱ្យអ្នកស្តាប់ហួសចិត្ត បង្កឱ្យមានការសើចហ៊ោកញ្ជ្រៀវខ្ញៀវខ្ញារ សប្បាយទាំងភ្ញៀវ ទាំងអ្នកបម្រើភ្ញៀវក្នុងហាង ដែលគេនិយមឱ្យឈ្មោះរឿងទាំងអស់នោះថា រឿង«អត់ស្តេច» ៕
ចែករំលែកព័តមាននេះ