ប្រសិនបើអ្នកតាមដានការរស់នៅ និងសិក្សាពីផ្នត់គំនិតរបស់បុគ្គលជោគជ័យជុំវិញពិភពលោក អ្នកនឹងប្រទះឃើញថា អ្នកទាំងនេះមិនមែនជាមនុស្សដែលមានសមត្ថភាពក្នុងការធ្វើអ្វីគ្រប់សព្វបែបយ៉ាងទេ។ ផ្ទុយមកវិញ ពួកគេគ្រាន់តែជាមនុស្សដែលដឹងថា ពួកគេមិនចាំបាច់ត្រូវធ្វើអ្វីគ្រប់យ៉ាងឲ្យមនុស្សគ្រប់រូបឡើយ។ ពួកគេចំណាយពេលវេលា និងកម្លាំងលើអ្វីដែលមានសារៈសំខាន់សម្រាប់ពួកគេ។
ជាមួយគ្នានេះផងដែរ ពួកគេបដិសេធនឹងការងារដែលអាចបង្កជាការរំខានដល់ពួកគេក្នុងការសម្រេចគោលដៅធំៗ។ ក្រៅពីនេះហើយ ខាងក្រោមគឺជាអ្វីដែលពួកគេមិនធ្វើជាដាច់ខាត៖
១. ព្រួយបារម្ភពីការគិតរបស់អ្នកដទៃ
ការព្រួយបារម្ភពីការគិតរបស់អ្នកដទៃ និងការខ្លាចការវាយតម្លៃរបស់អ្នកដទៃនឹងប៉ះពាល់ដល់ផ្នែកជាច្រើននៃជីវិតរបស់អ្នកមិនថាជាការស្លៀកពាក់របស់អ្នក ឬការបង្រៀនកូនៗរបស់អ្នកឡើយ។ វានឹងបង្កឲ្យអ្នកព្យាយាមជៀសវាងការធ្វើអ្វីដែលមានហានិភ័យខ្ពស់ ឬធ្វើអ្វីដែលអ្នកដទៃនិងរិះគន់អ្នកជាដើម។
មនុស្សដែលជោគជ័យដឹងថា វាមិនមែនជាការងាររបស់ពួកគេក្នុងការធ្វើឲ្យអ្នកដទៃសប្បាយចិត្តទេ។ ពួកគេមានជំនឿចិត្តលើខ្លួនឯង ហើយពួកគេធានាថា ការងារដែលសំខាន់សម្រាប់ពួកគេស្របទៅនឹងគោលការណ៍ដែលពួកគេមានក្នុងជីវិតផងដែរ។
២. ការស្តីបន្ទោសខ្លួនឯង ៖
បុគ្គលដែលជោគជ័យជាមនុស្សដែលទទួលខុសត្រូវសម្រាប់រាល់សកម្មភាពទាំងអស់របស់ពួកគេ ប៉ុន្តែពួកគេមិនស្តីបន្ទោសខ្លួនឯងសម្រាប់កំហុសឆ្គងឡើយ ព្រោះពួកគេដឹងថាការធ្វើដូច្នេះមិនមានប្រសិទ្ធភាពទេ។ ផ្ទុយមកវិញ ការអត់ឱនឲ្យខ្លួនឯងជាកត្តាសំខាន់ក្នុងការរៀនពីកំហុសឆ្គង។
៣. ការចាត់ទុកខ្លួនជាជនរងគ្រោះ
មនុស្សមិនអាចជៀសវាងការបរាជ័យ ឬការឈឺចាប់បានទេ ប៉ុន្តែបុគ្គលដែលជោគជ័យមិនអនុញ្ញាតឲ្យខ្លួនឯងអស់សង្ឃឹមឡើយ។ ពួកគេមិនចាត់ទុកខ្លួនជាជនរងគ្រោះ ឬព្យាយាមយកស្រា ឬការសប្បាយដើម្បីបំភ្លេចនូវទុក្ខកង្វល់ឡើយ។ ពួកគេសុខចិត្តចំណាយពេលវេលា និងកម្លាំងលើការរកដំណោះស្រាយច្រើនជាង។
៤. រអ៊ូរទាំដាក់មនុស្សដែលមិនអាចជួយដល់ពួកគេបាន
ការរអ៊ូរទាំពីមនុស្សដែលអ្នកមិនចូលចិត្ត ឬស្ថានការណាមួយដែលអ្នកគិតថាមិនយុត្តិធម៌អាចជួយឲ្យអ្នកធូរចិត្តបន្តិចបានពិតមែន ប៉ុន្តែវាមិនអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកលើសពីនេះឡើយ។ ប្រសិនបើអ្នកមានចិត្តចង់ដោះស្រាយបញ្ហាពិតប្រាកដ អ្នកគួរតែលើកបញ្ហាទៅនិយាយជាមួយមនុស្សដែលមានសមត្ថភាពអាចជួយអ្នកវិញ។ ដកស្រង់ចេញពីវេបសាយ ៖ businessinsider
ចែករំលែកព័តមាននេះ