ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរទុក​ពេល​១០​ថ្ងៃ ឲ្យ​រុះរើ​សំណង់​នានា​លើ​ប្រព័ន្ធ​លូ ក្នុង​បុរី នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០​នេះ លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​ក្រុមការងារ​ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០​នេះ លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​ក្រុមការងារ​ខណ្ឌ និង​ជំនាញ​ដែនដី​ខណ្ឌ បន្ត​ចុះ​វាស់វែង​លើ​កំណត់​ផ្លូវ នៅ​ក្នុង​បុរី​ពិភព​ថ្មី​(​ត្រពាំង​ថ្លឹង​) និង​បុរី​ពិភព​ថ្មី​២ ក្នុងភូមិ​ត្រពាំង​ថ្លឺ​ង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ដាក់​លិខិត​ឲ្យ​រុះរើ ដោយ​ទុក​រយៈពេល​១០​ថ្ងៃ ។

ការ​ឲ្យ​រុះរើ ក្នុង​រយៈពេល​១០​ថ្ងៃនេះ ដោយ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សង្កេត​ឃើញ​ថា ម្ចាស់​បុរី និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី បាន​ធ្វើការ​សាងសង​សំណង់​បន្ថែម នៅ​លើ​សំណង់​ចាស់ ដែល​មាន​ស្រាប់​ខុស​ពី​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់ ។ ម្យ៉ាងវិញទៀត ម្ចាស់​បុរី មិន​បាន​យកចិត្តទុកដាក់​ក្នុង​ការ​កែ​លម្អ​ប្រព័ន្ធ​លូ​បង្ហូរទឹក រហូត​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ បាន​ធ្វើការ​សាងសង់​សំណង់​ផ្សេង​ៗ បិទ​អណ្ដូង​លូ និង​ប្រព័ន្ធ​លូ​បង្ហូរទឹក​ថែម​ទៀត ។

អាស្រ័យ​ដូច្នេះ ដើម្បី​ចូលរួម​ការ​ស្ដារអណ្ដូង​លូ និង​កែ​លម្អ​ប្រព័ន្ធ​លូ​ឡើង​វិញ ចៀសវាង​ការ​ជន់​លិច​ដោយសារ​ទឹកភ្លៀង ឫ​ទឹកជំនន់​ផ្សេង​ៗ ស្នើ​លោក​-​លោកស្រី​ម្ចាស់​បុរី ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​បុរី ចូលរួម​រក្សា​ឲ្យ​បាន​នូវ​សណ្ឋាន​ភាព​ដើម មិន​សាងសង់​បន្ថែម និង​ត្រូវ​រុះរើ សំណង់​នានា ដែល​បាន​សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ និង​អណ្ដូង​លូ​ចេញ​ឲ្យ​អស់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។

ក្នុង​ករណី អស់លោក​-​លោកស្រី មិន​អនុវត្ត​តាម ការ​ជូនដំណឹង​ខាងលើ​នេះ​ទេ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​មាន​វិធានការ​ចុះ​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការ​បាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារ​ផ្សេង​ៗ ដែល​មាននៅ​លើ​ទីតាំង​នោះ​ឡើយ ។

សូម​ជម្រាប​ថា ភ្លៀង​ធ្លាក់​ជាប់​គ្នា​ជា​ច្រើន​ថ្ងៃ ដោយសារ​ឥទ្ធិពល​ព្យុះ ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែកញ្ញា ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ បាន​ធ្វើ​តំបន់​មួយ​ចំនួន នៅ​ក្នុង​រាជធានី​ភ្នំពេញ ទទួល​រង​នូវ​ការ​លិចលង់ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​ពិភព​ថ្មី ត្រពាំង​ថ្លឹង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ទទួល​រង​នូវ​ការ​លិចលង់​លំនៅ​ឋាន​យ៉ាង​ធ្ងន់ ផង​ដែរ ។

បើ​តាម​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​បូមទឹក​ចេញពី​ក្នុង​បុរី ឃើញ​ថា មក​ដល់​ពេល​នេះ ស្ថានភាព​ទឹកបាន​ស្រក​អស់ពី​ក្នុង​បុរី​ហើយ ។ អ្វី​ដែល​នៅ​សេសសល់ គឺ​ក្រុមការងារ​កំពុង​បន្ត​បូម​ស្តារ​លូ បាញ់​ទឹក​លាង​សំអាត កើប​សំអាត​ភក់ សំរាម និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​បុរី ខណៈ​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៩០% បាន​មក​ចូល​រស់នៅ​តាម​លំនៅ​ដ្ឋា​ន​ជា​ធម្មតា​ហើយ ។

ជា​ការ​កត់សម្គាល់ ភ្លៀង​ធ្លាក់​ខ្លាំង នៅ​រាជធានី​ភ្នំពេញ មិនមែន​កើតឡើង​តែ​នៅ​ឆ្នាំ​នេះ​ទេ ក៏​ប៉ុន្តែ​នៅ​បុរី​ពិភព​ថ្មី ត្រពាំង​ថ្លឹង ចាប់តាំងពី​កកើត​បុរី យូរ​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​ទឹកភ្លៀង នៅ​លិច​ត្រាំត្រែង ជា​ច្រើន​ថ្ងៃ ដូច​ពេល​នេះ​ឡើយ ។ បឹង ប្រឡាយ​ខាងក្រៅ​ជាប់​បុរី​ពិភព​ថ្មី ត្រពាំង​ថ្លឹង ជាប់​ផ្លូវ​វេ​ង​ស្រេង គឺ​ត្រូវ​បាន​គេ​ចាក់​លុប ដើម្បី​រៀបចំ​សាងសង់​បុរី​ផ្ទះល្វែង ។ ដូច្នេះ​ហើយ ទើប​លែង​មាន​កន្លែង​ទឹក​ហូរ​ចេញពី​បុរី ដូច​លើក​មុន​ៗ ។ ហេតុផល ដែល​ទឹក​លិច​នៅ​តំបន់​ផ្សេង​ទៀត នៅ​ពេល​នេះ ក៏​មិន​ខុស​ពី​ករណី​បុរី​ពិភព​ថ្មី ត្រពាំង​ថ្លឹង នោះ​ឡើយ ។

ដូច្នេះ គួរតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​វិធានការ​ដោះស្រាយ ដើម្បី​កុំ​ឲ្យ​ហេតុការណ៍​ដដែល​ៗ​នេះ កើត​មាន​បន្ត​ទៀត ។ ក្នុង​នោះ ស្រះ បឹង ប្រឡាយ​ផ្លូវ​បង្ហូរទឹក លូ ដែល​មាន​ស្រាប់ ក៏​គួរ​រក្សា​ទុក ហើយ​កាយ​ស្តារ​ជីក​ពង្រីក​បន្ថែម ដើម្បី​បើកផ្លូវ​រំដោះ​ទឹក ។ រីឯ​ម្ចាស់​បុរី​ផ្ទះល្វែង ក៏​ត្រូវ​តែ​សិក្សា​ជាមួយ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ដែនដី​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ចាក់​ដី​លុប​តំបន់​ទំនាប ស្រះ បឹង ប្រឡាយ ប្រព័ន្ធ​លូ​បង្ហូរទឹក និង​កន្លែង​ស្តុក​ទឹក​ស្អុយ ក៏​គួរតែ​រៀបចំ​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​បុរី​ផ្ទះល្វែង ដែល​មាន​ប្លង់​រឹង បែរ​ក្លាយជា​បុរី​ផ្ទះល្វែង​ប្លង់​រាវ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ