រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួកចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ រួមនឹងប្រជាពលរដ្ឋឃាត់ខ្លួន ខណៈពេលដែលធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច ហើយជិះគេចខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូ។
ហេតុការណ៍ខាងលើនេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦និង៤០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខស្តុបខាងកើតអង់តែនទូរទស្សន៍ជាតិ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួន ១-ឈ្មោះឡាក់ ទីន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ និង២-ឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-2626 ជាម៉ូតូដែលជនសង្ស័យទាំង២ជិះធ្វើសកម្មភាព។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យមានគ្នាចំនួន៥នាក់ជិះម៉ូតូចំនួន៣គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីអ្នកដំណើរម្នាក់មិនបានសម្រេចនៅចំណុចមុខស្តុប៣ស្ថាប័ន ។ នៅក្នុងសកម្មភាពឆក់ពុំបានសម្រេចនោះទេ ហើយ ត្រូវបានជនរងគ្រោះ ស្រែកចោរៗហើយបង្កអោយមានការភ្ញាក់ផ្អើលរងអ្នកដំណើរ និងកម្លាំងនគបាលល្បាតដេញតាម។
ជនសង្ស័យ៣នាក់បានគេចខ្លួនបាត់ នៅសល់តែ២នាក់ប៉ុណ្ណោះត្រូវបាននកម្លាំងសមត្ថកិច្ចតាមយ៉ាងប្រកិត រហូតដល់ផ្លូវលេខ១០៥ ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ដោយសារតែភ័យស្លន់ស្លោរក៍បានជិះម៉ូតូដួល ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿង ។
ដោយឡែកអ្នកដំណើរដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់មិនបានសម្រេច ក៍បានចេញទៅបាត់ ដោយពុំបានដាក់ពា្យបណ្តឹងឡើយ ។ ជនសង្ស័យ ត្រូវបាននគរបាលបញ្ចូន ទៅកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ