ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អេ​ហ្ស៊ីប​សម្រុក​ទៅ​ហាត់​ក្បាច់គុន​កា​រ៉ា​តេ​ដើម្បី​ការពារ​ខ្លួន

8 ឆ្នាំ មុន

សព្វថ្ងៃ​មាន​និន្នាការ​មួយ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ប្រទេស​អេ​ហ្ស៊ី​ប គឺ ស្រី​ៗ​អេ​ហ្ស៊ី​ប​កាន់តែ​ច្រើន​ឡើង​បបួល​គ្នា​ហាត់​ក្បាច់គុន​កា​រ៉ា​តេ ដែល​ពី​មុន​សភាព​បែប​នេះ​កម្រ​ឃើញ​មាន​ណាស់ ។ តាម​តួលេខ​បូក​សរុប​ឃើញ​ថា

សព្វថ្ងៃ​មាន​និន្នាការ​មួយ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ប្រទេស​អេ​ហ្ស៊ី​ប គឺ ស្រី​ៗ​អេ​ហ្ស៊ី​ប​កាន់តែ​ច្រើន​ឡើង​បបួល​គ្នា​ហាត់​ក្បាច់គុន​កា​រ៉ា​តេ ដែល​ពី​មុន​សភាព​បែប​នេះ​កម្រ​ឃើញ​មាន​ណាស់ ។ តាម​តួលេខ​បូក​សរុប​ឃើញ​ថា ក្លឹ​ប​កា​រ៉ា​តេ​ដូ​ដុះ​ព្រោងព្រាត​ចំនួន​១.២៥០​ក្លឹ​ប នៅ​ទូ​ទាំង​២៧​ខេត្ត​-​ក្រុង​របស់​អេ​ហ្ស៊ី​ប និង​មាន​សិស្ស​ចូល​ហាត់​ចំនួន​៣៥០.០០០​នាក់​ភាគច្រើន​ជានា​រី ។

ហាត់គុន​ដើម្បី​ការពារ​ខ្លួន
អ្នក​ស្រាវជ្រាវ​ពី​សង្គម​អេ​ហ្ស៊ី​ប​សម្គាល់​ឃើញ​ថា ស្រី​ៗ​អេ​ហ្ស៊ី​ប​បបួល​គ្នា​ហាត់​ក្បាច់គុន​កា​រ៉ា​តេ​គគ្រឹកគគ្រេង​ខុស​ពី​មុន​មក​ពី​អំពើ​ហិង្សា​ផ្លូវភេទ​ផ្ទុះ​ខ្លាំង​នៅ​ប្រទេស​នេះ ។ ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មក ស្រី​ៗ​អេ​ហ្ស៊ី​បរង​គ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវភេទ ច្រើន​ឡើង​ៗ អត់​មាន​និន្នាការ​ស្រកស្រុត​ស្រាកស្រាន្ត​សោះ ។ ករណី​កម្លាំង​សមត្ថកិច្ច​ចាប់បង្ខំ​ពិនិត្យ​ព្រហ្មចារី​ស្រី​ក្រមុំ ករណី ស្រី​ៗ​ចាប់ពី​អាយុ​១៥​ឆ្នាំ​ដល់​៤៩​ឆ្នាំ ត្រូវ​បៀតបៀន​ផ្លូវ​ភេ​ត​តាម​ទី​សាធារណៈ បង្ក​ឱ្យ​មានការ​ក្តៅក្រហាយ​ខ្លាំង​ក្នុង​មជ្ឈដ្ឋាន​នារីភេទ ។ កីឡាការិនី​កា​រ៉ា​តេ​ឈ្មោះ Yilmaz និយាយ​ដោយ​ក្តៅក្រហាយ «​បើ​កុំ​តែ​វា​ជ្រុល​ពេក ខ្ញុំ​ក៏​ខ្ជិល​ហាត់​កា​រ៉ា​តេ​នាំ​ឱ្យ​ឈឺខ្លួន​ដែរ ។ ស្រី​ៗ​ទាំងអស់ វៀរលែងតែ​យាយ​ចាស់​អាយុ​៧០ ឬ​៨០​ឆ្នាំ ពេល​ត្រូវ​ទៅ​ណា ម្តង​ៗ ភ្នែក​នៅ​កញ្ចឹងក មើល​ជុំវិញ​ខ្លួន​ទាំង​ទ្រូង​លោត ឌឹ​ប​ៗ ឌា​ក់​ៗ ។ កាល​ណោះ​ខ្ញុំ​ក៏​ដូច ស្រី​ៗ​ឯទៀត​ដែរ ។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​លែង​ខ្លាច​ទៀត​ហើយ ។ វា​ហ៊ាន​ចូល​មក​ម្នាក់ ខ្ញុំ​វាយ​ម្នាក់ ចូល​មក​ពីរ​នាក់ ខ្ញុំ​វាយ​ទាំង​ពីរ​នាក់ ។ ខ្ញុំ​គិត​ថា ស្រី​ៗ​ទាំងអស់​គួរ​ហាត់​ក្បាច់គុន​កា​រ៉ា​តេ ឬ​ក្បាច់គុន​ការពារ​ខ្លួន​ណាមួយ ដើម្បី​ឱ្យ​មាន​សមត្ថភាព​ការពារ​ខ្លួនឯង ។ បើ​យើង​មិន​ខិតខំ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួនឯង​ទេ តើ​អ្នក​ណា​ការពារ​ឱ្យ​យើង​» ។

លោក​បណ្ឌិត Aldel Hameed ប្រធាន​សហព័ន្ធ​កា​រ៉ា​តេ​អេ​ហ្ស៊ី​ប សម្តែង​ការ​យល់​ស្រប​ថា ក្បាច់គុន​កា​រ៉ា​តេ​ពិតជា​ជួយ​ឱ្យ ស្រី​ៗ​ដោះស្រាយ​បញ្ហា​ដ៏​ពិបាក​នេះ​បាន​មែន ។ មិន​ត្រឹមតែ​សម្រាប់​ការពារ​ខ្លួន​ទេ កា​រ៉ា​តេ​នៅ​បង្រៀន​ឱ្យ​ចេះ​គោរព​អ្នក​ដទៃ ដំបូង​បំផុត​គឺ​បង្រៀន​ក្មេង​ពី​របៀប​ងក់ក្បាល​គោរព​គ្នា របៀប​គោរព​គ្រូបង្វឹក មិត្តភក្តិ និង​អ្នក​ហាត់រៀន​ជាមួយ​គ្នា ។ កា​រ៉ា​តេ​នាំ​មក​នូវ​ការ​ជឿជាក់​លើ​ខ្លួនឯង ពិសេស​នារី​ភេទ​សម​ហាត់​កា​រ៉ា​តេ​ក្នុង​សម័យ​អេ​ហ្ស៊ី​ប​សព្វថ្ងៃ​ណាស់ ។ សហព័ន្ធ​កា​រ៉ា​តេ​អេ​ហ្ស៊ី​ប​ចាប់កំណើត​នៅ​ឆ្នាំ​១៩៧២ ។ កាល​ណោះ​មាន​តែ ប្រុស​ៗ​ទេ​ហាត់​កា​រ៉ា​តេ តែ​ឥឡូវ​ប្រុស​-​ស្រី​ស្មើគ្នា ហើយ​ខ្ញុំ​ត្រេកអរ​ណាស់ ត្រេកអរ​មែនទែន ។

ហ៊ាន​ផ្លោះ​របង​អគតិ​ទើប​មាន​ថ្ងៃនេះ
នាង Shymaa Abou el-Yazed អាយុ​២៨​ឆ្នាំ ប្រធាន​ក្រុម​កា​រ៉ា​តេ​នារី​ដែល​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​បរទេស ។ នាង​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន «​បើ ស្រី​ៗ​យើង​មិន​ហ៊ាន​ផ្លោះ​របង​អគតិ​ទេ មក​ដល់​ពេល​នេះ​យើង​នៅ​តែ​មុខសញ្ញា​ត្រូវ​គេ​ធ្វើបាប​ដដែល ។ គេ​ជា​អ្នក​ធ្វើបាប​យើង តែ​គេ​មិន​ចង់ឱ្យ​យើង​មាន​សមត្ថភាព​ការពារ​ខ្លួនឯង ។ យើង​ហាត់​ក្បាច់​ប្រយុទ្ធ​ដើម្បី​ការពារ​ខ្លួន​យើង គេ​រិះគន់ គេ​ថា ស្រី​ៗ​គិតតែ​ធ្វើ​ការងារ​ផ្ទះ​បម្រើ​ប្តី​ទៅ​បាន​ហើយ ហាត់​វាយតប់​មិន​សមជា​ស្រី​សោះ ។ ឥឡូវ ស្រី​ៗ​យើង​មាន​សមត្ថភាព​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​បរទេស​បាន​មេដាយមាស​ជា​ក្រុម​ក៏​មាន មេដាយមាស​ផ្ទាល់ខ្លួន ម្នាក់​ៗ​ក៏​មាន ។ ដល់​អីុចឹ​ង​ទៅ ពួក​អ្នក​រិះគន់​យើង​ពី​ដំបូង​បាត់​មាត់​ដូច​គេ​ចុក លែង​មាន​អ្នក​ណា​ចេញ​មុខ​មក​រិះគន់​ទៀត​»។

នាង Shymaa Abou el-Yazed ត្រូវ​បាន​ចាត់ទុកជា​នារី​ទី​១ ដែល​ហ៊ាន​ផ្លោះ​របង​អគតិ​ដើម្បី​បាន​ក្លាយជា​អ្នកមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ហើយ​ក៏​ជានា​រី​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​អេ​ហ្ស៊ី​ប ដែល​មានគ្រួសារ​ហើយ​នៅ​តែ​វិល​ត្រឡប់​មក​ភ្ជាប់​ខ្លួន​ជាមួយ​កា​រ៉ា​តេ​ដដែល ។ សព្វថ្ងៃ​នាង​មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ខាង​កីឡា​ផង ។ នាង​សង្ឃឹមថា នឹង​បាន​ទទួល​ការងារ​អ្វីមួយ​នៅ​ក្រសួង​យុវជន និង​កីឡា​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។

ថ្វីបើ​សព្វថ្ងៃ​នារី​កាន់តែ​ច្រើន​និយម​ហាត់​ក្បាច់គុន​ការពារ​ខ្លួន តែ​តាម​ការ​វាយតម្លៃ​របស់​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​ឃើញ​ថា ផ្លូវ​តស៊ូ​ដើម្បី​សមភាព​នារី​នៅ​អេ​ហ្ស៊ី​ប​នៅ​វែង​ឆ្ងាយ​នៅឡើយ​។ ប្រទេស​នេះ​រត់របត់​ឱ្យ​តម្លៃ​តែ​លើ ប្រុស​ៗ​តាំងពី​យូរលង់​ណាស់​មក​ហើយ មិន​ងាយ​កែ​វិញ​បាន​ភ្លាម​ៗ​ទេ ដូច្នេះ​ស្ត្រី​ត្រូវ​តែ​រឹង​មាំ​ដោយ​ខ្លួនឯង ៕