ប្រ៊ុយណេ ៖ ព្រះអង្គម្ចាស់ Azim ដែលត្រូវជាបុត្រាសំណព្វចិត្តរបស់ស្តេចស៊ុលតង់ Hassanal Bolkiah នៃប្រទេសប្រ៊ុយណេបានយាងចូលទិវង្គតក្នុងព្រះជន្ម ៣៨ព្រះវស្សាកាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែ តុលា ឆ្នាំ២០២០ កន្លងទៅនេះ ។

ព្រះអង្គម្ចាស់ Azim ដែលជាបុត្រាទី២របស់ស្តេចស៊ុលតង់ ហើយក៏ស្ថិតនៅលំដាប់ទី៤នៃរាជ្យវង្ស ដើម្បីឡើងគ្រងរាជ្យបល្ល័ង្ករបស់ប្រទេសប្រ៊ុយណេ។ ទ្រង់ក៏មានព្រះកិត្តិនាមល្បីល្បាញផងដែរ នៅក្នុងឧស្សាហ៍កម្មភាពយន្តហូលីវូដ ក្នុងនាមជាអ្នកផលិតខ្សែភាពយន្ត។

រដ្ឋាភិបាលមិនបានបង្ហាញពីមូលហេតុនៃការយាងចូលទិវង្គតរបស់ព្រះអង្គឡើយ។ ប៉ុន្តែបើយោងតាមប្រភពមួយចំនួន បានលើកឡើងថាការយាងចូលទិវង្គតរបស់ព្រះអង្គអាចបណ្តាលមកពីជំងឺមហារីក។

ព្រះរាជពិធីបុណ្យព្រះសពរបស់ព្រះអង្គម្ចាស់ Azim បានធ្វើឡើងតាមប្រពៃណីកាលពីថ្ងៃសៅរ៍ ហើយមកដល់ពេលនេះ ប្រទេសប្រ៊ុយណេទាំងមូលកំពុងកាន់ទុក្ខរយៈពេល៧ថ្ងៃ។ ស្របពេលដែលមេដឹកនាំកំពូលរបស់ប្រទេសជិតខាងមួយចំនួន ក៏បានសម្តែងការចូលរួមរំលែកទុក្ខផងដែរ។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ Azim ធ្លាប់បានផលិតខ្សែភាពយន្តហូលីវូដមួយដែលមានចំណងជើងថា «You’re Not You» នៅក្នុងឆ្នាំ ២០១៤ ដែលចូលរួមសម្តែងដោយនាង Hilary Swank និងទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនា។ ព្រះអង្គក៏មានមិត្តភក្តិជាកំពូលតារាងចម្រៀង និងសម្តែងជាច្រើនផងដែរ៕ (ដកស្រង់ចេញពី CNN)










ចែករំលែកព័តមាននេះ