ចង់​មាន​ឯកា​រាជ្យ​ភាពឬ​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ ត្រូវ​មានការ​អប់រំ​កំរិត​ទាំងនេះ​!


រាជធានី​ភ្នំពេញ ៖ លោក ង៉ែត ជូ អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​អចល​ទ្រព្យ បាន​លើក​ឡើង​ថា ក្នុង​សម័យកាល​សេដ្ឋកិច្ច​បែប​ហិរញ្ញវត្ថុ​នេះ (Finance Economy) អ្នក​ចង់​មាន​ឯកា​រាជ្យ​ភាព ឬ​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវ​ឆ្លងកាត់​ការ​អប់រំ​៣​កំរិត​៖

ការ​អប់រំ​កំរិត​ទី​១​គឺ ការ​អប់រំ​ចំណេះដឹង​ទូទៅ​៖ រៀនអក្សរ​សាស្ត្រ​ជាតិ ភាសាបរទេស គណិត​វិទ្យា ប្រវត្តិវិទ្យា តក្កវិជ្ជា​។​ល​។ ចំណេះដឹង​ទាំងនេះ​ជា​មូលដ្ឋាន​សំរាប់​រៀន​បន្ត និង​កសាង​ចំណេះដឹង​ផ្នែក​អាជីព​ក្នុង​កំរិត​ទី​២​។

ការ​អប់រំ​កំរិត​ទី​២​គឺ ការ​អប់រំ​ចំណេះដឹង​អាជីព​៖ សិក្សា​ជំនាញ​ច្បាស់លាស់​ណាមួយ និង​បំពេញការងារ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ និង​ប្រាក់​ដើម្បី​ចិ​ញ្ជឹ​ម​ជីវិត​។ ឧទាហរណ៍ អាជីព​ជា​គ្រូពេទ្យ អាជីព​ជា​មេធាវី អាជីព​ជា​អ្នកលក់​។​ល​។ ធ្វើការ​ទើបបាន​ចំណូល មិន​ធ្វើការ​គឺ​គ្មាន​ចំណូល​។

ការ​អប់រំ​កំរិត​ទី​៣​គឺ ការ​អប់រំ​ចំណេះដឹង​ហិរញ្ញវត្ថុ​៖ ចេះ​ចាត់ចែង​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធិ​ភាព ចេះ​ខ្ចី ចេះ​សន្សំ​សំចៃ ចេះ​វិនិយោគ​ដើម្បី​បង្កើត​ជា​ផល​ចំណេញ​។ ស្គាល់​ច្បាស់​ថា​ទ្រព្យ​ណា​នាំ​អោយ​ចំរុងចំរើន​មាន​ផល​ចំណេញ ទ្រព្យ​ណា​នាំ​អោយ​ខាតបង់​អន្តរាយ​។ មានចំណេះ​ដឹង​ហិរញ្ញវត្ថុ​មិន​ចាំបាច់​ធ្វើការ​មួយ​ថ្ងៃ​៨​ម៉ោង និង​ពី​ថ្ងៃ​ច​ន្ទ័​ដល់​ថ្ងៃ​សុក្រ​ក៏​អាច​មាន​លទ្ធភាព​ចិញ្ចឹមជីវិត និង​គ្រួ​សារបាន​ស្រួល​ដែរ​។

លោក​បន្ថែម​ថា ជា​អកុសល​មនុស្ស​ជា​ច្រើន​ទទួល​បានការ​អប់រំ​ត្រឹម​កំរិត​ទី​២ រួច​គិត​ថា​ខ្លួន​មានការ​អប់រំ​គ្រប់គ្រាន់​ហើយ​។ ការ​យល់​បែប​នេះ វា​គ្រោះថ្នាក់​ណាស់​ព្រោះ​អាច​តំរូវ​អោយ​ពួក​គេ​បំពេញការងារ​រហូត​ដល់​ថ្ងៃ​ស្លាប់​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​។ ដោយឡែក អ្នក​ដែល​បាន​ឆ្លង​ការ​អប់រំ​កំរិត​ទី​៣ មាន​លទ្ធភាព​ចាត់ចែង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ដើម្បី​បង្កើន​ទ្រព្យ ឬ​ចំណូល​អកម្ម​ដោយ​មិន​ចាំបាច់​បំពេញការងារ​រហូត​ដល់​អាយុ​ចូល​និវត្តន៍​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ