ខេត្តកណ្តាល ៖ បើតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះ បានរាយការណ៍ទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា « សូមគោរព និងជម្រាបដល់លោកស្នងការខេត្តកណ្តាល ខ្ញុំបាទជាប្រជាជន ដែលរស់នៅក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល សូមរាយការណ៍ករណីលេងល្បែងស៊ីសង លេងបៀរ លេងឡូតូ ទីតាំងលេងល្បែងនេះ គឺស្ថិតនៅក្រោមផ្ទះរបស់លោកពូ ថៃ មីង រ៉េន នៅក្នុងទីតាំងដូចខាងលើ គឺលេងជាប្រចាំ ហើយមិនមានការបង្ក្រាបការលេងល្បែងនេះឡើយ ហេតុដូច្នេះហើយ សូមលោកស្នងការចាត់កម្លាំងអន្តរាគមន៍ បង្ក្រាបការលេងល្បែងស៊ីសងនេះផង» ។
ក្រោយពីទទួលបានដំណឹងនេះ នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្មេង ធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងខាងលើ ។
ក្រោយពីធ្វើការបង្ក្រាប សមត្ថកិច្ចពិនិត្យឃើញថា ពួកគាត់បានលេងល្បែងស៊ីសង ប្រភេទឡូតូ តូចតាច ដូច្នេះកម្លាំងបានអញ្ជើញអាជ្ញាធរឃុំព្រែកក្មេង ដើម្បីចូលរួមអប់រំ និងធ្វើកិច្ចសន្យា លើកទី១ នៅនឹងកន្លែង ចំនួន០៨នាក់ ឲ្យបញ្ឈប់សកម្មភាពលេងល្បែងស៊ីសង គ្រប់ប្រភេទ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ៕







ចែករំលែកព័តមាននេះ