អាហ្វហ្គានីស្ថាន ៖ មានស្ត្រីយ៉ាងហោចណាស់ចំនួន១១នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសក្នុងឧប្បត្តិហេតុរត់ជាន់គ្នាមួយនៅក្នុងពហុកីឡដ្ឋាន ប្រទេសអាហ្វហ្គានីស្ថាន ដែលជាកន្លែងប្រជាជនកំពុងដាក់ពាក្យសុំទិដ្ឋាការ ។
មន្ត្រីអ្នកនាំពាក្យក្នុងតំបន់ បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅព្រឹកថ្ងៃទី២១ តុលានេះ បន្ទាប់ពីមនុស្សរាប់ពាន់នាក់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រមូលផ្តុំគ្នា ដើម្បីស្នើសុំការអនុញ្ញាតទៅកាន់ប្រទេសប៉ាគីស្ថាន ។ ដោយសារអ្នកស្នើសុំមានចំនួនច្រើន ទើបគេបញ្ជូនទៅពហុកីឡដ្ឋានមួយនៅក្បែរនោះ ជំនួសមជ្ឈមណ្ឌលទិដ្ឋាការដែលមានស្រាប់នៅក្នុងទីក្រុងចាឡាឡាបាដ Jalalabad ។
ការដាក់ពាក្យសុំទិដ្ឋាការ ទៅកាន់ប្រទេសប៉ាគីស្ថាន ទើបតែចាប់ផ្តើមបើកដំណើរការឡើងវិញ បន្ទាប់ពីមានការផ្អាករយៈពេល ៧ខែ មកហើយ ដោយសារជំងឺកូវីដ-១៩ រាតត្បាត ។
នៅក្នុងសង្គមមូស្លីម នៃប្រទេសអាហ្គានីស្ថាន ស្ត្រី និងបុរស ត្រូវឈរតម្រង់ជួរដាច់ដោយឡែកពីគ្នា ។ គេគិតថា មានស្ត្រី និងមនុស្សចាស់មួយចំនួនទៀត បានរងរបួសផងដែរ ក្នុងឧប្បត្តិហេតុនេះ ។
មន្ត្រីសាលាក្រុងចាឡាឡាបាដ បាននិយាយថា “អ្នកមកដាក់ពាក្យសុំទិដ្ឋាការ បានលោតចូលដើម្បីដណ្ដើមលេខរៀងរបស់ពួកគេពីមន្ត្រីកុងស៊ុល”
ជាហេតុធ្វើអោយមនុស្សម្នាផ្អើលឡើង! ផុតពីការគ្រប់គ្រង នាំឲ្យមានការរត់ជាន់គ្នាតែម្តង ។
លោក Attaullah Khogyani អ្នកនាំពាក្យរបស់អភិបាលខេត្ត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ជាអកុសលនៅព្រឹកនេះ មនុស្សរាប់ពាន់នាក់ សម្រុកមកកីឡដ្ឋានបាល់ទាត់ ក្នុងពេលតែមួយ ទើបនាំឲ្យមានឧប្បត្តិហេតុ ដ៏គួរឲ្យខ្លោចផ្សានេះ” ។
ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំនៅអាហ្វហ្គានីស្ថាន គឺលោក Mansoor Ahmad Khan បានមានប្រសាសន៍ថា លោកមានការសោកស្តាយយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុនេះ ហើយប្រទេសរបស់លោកបានទាក់ទងជាមួយអាជ្ញាធរអាហ្វហ្គានីស្ថានហើយ ដើម្បីជួយសម្រួលដល់អ្នកដាក់ពាក្យសុំទិដ្ឋាការទាំងអស់នោះ ។
ជនជាតិអាហ្គាន (Afghans) ជាច្រើន តែងតែធ្វើដំណើរជារៀងរាល់ឆ្នាំ ទៅកាន់ប្រទេសប៉ាគីស្ថាន ដែលនៅជិតខាងគ្នា ដើម្បីទៅសួរសុខទុក្ខសាច់ញាតិ ស្វែងរកការព្យាបាល ស្វែងរកការងារធ្វើ ឬគេចចេញពីអំពើហិង្សាដែលកំពុងកើតមាននៅក្នុងប្រទេសអាហ្គានីស្ថាន ៕
ចែករំលែកព័តមាននេះ