ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតី Joko Widodo បាននិយាយកាលពីព្រឹកថ្ងៃអង្គារថា អាជ្ញាធរនឹងត្រូវធានាឱ្យបានថាប្រទេសឥណ្ឌូនេស៊ីបានត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ (FIFA U-20 World Cup) នៅឆ្នាំក្រោយ រួមទាំងការបង្កើតពិធីសារសុខភាពដ៏តឹងរឹងបំផុត ដើម្បីការពារការរីករាលដាលនៃវីរុស Covid-19។
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចជ្រើសរើសយកទីក្រុងចំនួន៦ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតដែលគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ហើយដែលក្នុងនោះរួមមានទាំងរដ្ឋធានីហ្សាកាតា និងកោះបាលីផងដែរ។
យោងតាមសម្តីរបស់លោក Muhadjir Effendy រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍របស់ឥណ្ឌូនេស៊ីបានឱ្យដឹងថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានសម្រេចមិនប្រារព្ធពិធីបើក និងពិធីបិទព្រឹត្តិការណ៍នេះឡើយ ដើម្បីបញ្ចៀសការឆ្លងរីករាលដាល Covid-19។
ឥណ្ឌូនេស៊ីជាប្រទេសមានចំនួនការឆ្លង និងបាត់បង់ជីវិតដោយសារវីរុស Covid-19 ខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលអាជ្ញាធរបាននិងកំពុងតស៊ូដើម្បីទប់ស្កាត់ការផ្ទុះឡើងនៅប្រជុំកោះជាង ១៧.០០០ របស់ខ្លួន។ ខណៈគិតត្រឹមថ្ងៃអង្គារ៍នេះ ប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់ទី៤ លើពិភពលោកមួយនេះ មានករណីឆ្លងជាង ៣៦៨,០០០ករណី និងមានអ្នកបាត់បង់ជីវិតសរុបចំនួន ១២.៧៣៤នាក់៕ (ដកស្រង់ចេញពី CNA)
ចែករំលែកព័តមាននេះ