រាជធានីភ្នំពេញ៖ មហាជននៅចាំច្បាស់អតីតតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា ពៅ បញ្ញាពេជ្រ ដែលត្រូវបានរងការបាញ់ប្រហារដោយខ្មាន់កាំភ្លើងកាលពី ១៣ឆ្នាំមុននៅខាងកើតផ្សារថ្មីពេលនាងកំពុងជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយដួងក្នុងពិភពសិល្បៈ គឺពេលនេះនាងកំពុងតស៊ូនឹងជីវិតនិងប្រឹងពង្រឹងស្មារតីឲ្យរឹងមាំផងដែរ ព្រោះក្រោយ រងការបាញ់ប្រហារដ៏ឃោរឃៅកណ្តាលថ្ងៃចេស បានបណ្តាលឲ្យស្រីស្រស់រូបនេះ ក្លាយជានារីម្នាក់ដែលត្រឹមតែអង្គុយនៅលើរទេះរុញរហូតមកដល់បច្ចុប្បន្ន ។

កន្លងមក ពៅ បញ្ញាពេជ្រ បានព្យាយាមបង្ហាញដល់មហាជននិងអ្នកគាំទ្ររូបនាងឲ្យបានឃើញពីការតស៊ូទាំងកម្លាំងចិត្ត កម្លាំងកាយ ប្រយុទ្ធដើម្បីរស់នៅបន្តទៀត ហើយនាងបានប្រឹងរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពតាមរយៈការលក់ឥវ៉ា់ន់អនឡាញ និងធ្វើការ Live វីដេអូពីប្រទេសថៃជារៀងរាល់ថ្ងៃដើម្បីលក់ខោអាវ និងវត្ថុប្រើប្រាស់ផ្សេងទៀត ។ កន្លងមកក្រុមគ្រួសាររបស់នាងបានបង្ហើបឲ្យដឹងនូវការលក់អស់ទ្រព្យសម្បត្តិដើម្បីសង្រ្គោះនិងព្យាបាលរូបនាងរហូតមក ។ ហើយជានិច្ចជាកាល កញ្ញា ពៅ បញ្ញាពេជ្រ តែងតែបង្ហាញនូវស្នាមញញឹម និងជូនកាលទៅច្រៀងលេងឲ្យអ្នកដែលចូលជាវឥវ៉ាន់របស់បានស្តាប់កំសាន្ត ដែលមើលទៅនាងហាក់រីករាយប្រសើរជាងមុន ។
ក៏ប៉ុន្តែ មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើចិត្តនិងទទួលស្គាល់នូវជីវិតដែលមិនអាចដើរបានដោយខ្លួនឯងនោះទេ ហេតុដូច្នេះហើយទើបកាលពីថ្ងៃទី ១៨ ខែតុលានេះ អតីតតារាចម្រៀងស្រីដែលមានសម្លេងស្រទន់ រូបនេះ បានបង្ហោះសារធ្វើឲ្យមហាជនអ្នកគាំទ្រ និងជាពិសេសអ្នកលេងបណ្តាញសង្គម ហាក់ខ្លោចចិត្តអាណិតអាសូរចំពោះរូបនាងយ៉ាងខ្លាំង ក្រោយពីពៅ បញ្ញាពេជ្រ ពោលពាក្យថានាងចង់ដើរដូចដើមវិញ ដោយមិនចាំបាច់មានអ្នកចាំរុញពីក្រោយ ។
ពៅ បញ្ញាពេជ្រ បានសរសេរសារយ៉ាងខ្លី ដែលន័យពិតជាចាក់ដោតនិងក្តុកក្តួលបំផុតថា « ចង់ដើរបានវិញដូចគេឯង ទៅណាមកណាបានលឿន» ។


យ៉ាងណាមិញ បន្ទាប់ពីឃើញសារបែបនេះរួចមក បានធ្វើអោយមហាជនលើកទឹកចិត្តទៅដល់រូបនាងយ៉ាងខ្លាំង និងបានលើកឡើងថា បើទោះបីជារូបនាងតែងតែបង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់នាង នៅក្នុងដំណើរកម្សាន្តជាច្រើនកន្លែង និងផ្តល់ស្នាមញញឹមទៅដល់អ្នកគ្រប់គ្នាក៏ដោយ ក៏នាងនៅតែមានអារម្មណ៍អាកអន់ចិត្តចំពោះខ្លួនឯង ដែលមិនអាចដើរបានបែបនេះ។



គួរបញ្ជាក់ផងដែរថា បើទោះបីជាបានត្រឹមតែអង្គុយនៅលើរទះរុញក៏ដោយ ក៏អតីតតារាចម្រៀងរូបនេះ នៅតែប្រើជីវិតប្រចាំថ្ងៃនៅលើបណ្តាញសង្គមហ្វេសប៊ុកជានិច្ច តាមរយៈការលក់សម្លៀកបំពាក់អនឡាញ ដើម្បីជិវិតប្រចាំថ្ងៃអោយកាន់តែស្រស់បំព្រងផងដែរ ៕



ចែករំលែកព័តមាននេះ