ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ស្រុកមួយចំនួនក្នុងខេត្តកំពង់ធំ
- កំពង់ធំ
ខេត្តកំពង់ធំ ៖ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបណ្តាលឱ្យប៉ះពាល់ស្រុកមួយចំនួន ក្នុងនោះមាន ស្រុកសន្ទុក
ប៉ះពាល់ឃុំកំពង់ថ្ម បាក់ស្រុតដីក្រោមផ្ទះ១ខ្នងបាក់របង៥០ម៉ែត្រ លិចបរិវណសាលា១កន្លែង។
ស្រុកប្រាសាទបល្ល័ង្កប៉ះពាល់២ឃុំ គឺឃុំសាគ្រាម និងឃុំដូង លិចផ្លូវ៣ខ្សែប្រវែង៧៨១ម៉ែត្រ លិចស្ពាន៣កន្លែងប្រវែង៥៦៥ម៉ែត្រ។
ស្រុកកំពង់ស្វាយប៉ះពាល់៣ឃុំ គឺឃុំកំពង់គោ ឃុំសានគរ និងឃុំនីពេជ លិចផ្លូវ៥ខ្សែប្រវែង៥២០ម៉ែត្រ លិចក្រោមផ្ទះ និងលិចបរិវេណសាលា២កន្លែង ។

ស្រុកតាំងគោកប៉ះពាល់៣ឃុំ លិចផ្លូវ៣ខ្សែប្រវែង៣៥០ម៉ែត្រ លិចបរិវេណក្រោមផ្ទះ៧៥ខ្នង ។
ស្រុកបារាយណ៍ប៉ះពាល់១ឃុំ លិចផ្លូវ១ខ្សែប្រវែង៦០ម៉ែត្រ លិចស្រូវវស្សានិងស្រូវប្រាំង២៩៣,៥៤ហិកតា ។ ស្រុកស្ទោង លិចកំណាត់ផ្លូវជាតិលេខ៦ លិចផ្លូវលំ លិចបរិវេណផ្ទះពលរដ្ឋ និងសាលារៀនមួយចំនួន ។
លោក យូ ឡា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ទឹកស្ទឹងសែននៅស្ថានីយកំពង់ធំមានកម្ពស់១៣,១៤ម៉ែត្រ ហើយចំណុចប្រកាសអាសន្នគឺ១៣,៥០ម៉ែត្រ ។

ស្ថិតក្នុងគ្រោះជំនន់ទឹកភ្លៀងនេះ អាជ្ញាធរខេត្តបានចេញសេចក្តីប្រកាសដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះគ្រោះទឹកជំនន់ ខ្យល់ព្យុះ ដែលធ្វើឲ្យទឹកនឹងហក់ឡើងជាបន្តបន្ទាប់ ។ ឪពុកម្តាយដែលមានកូនតូចៗ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ឲ្យកូនចៅស្ថិតក្នុងក្រសែភ្នែករបស់លោកអ្នកជានិច្ច ។
ឯកឧត្តម សុខ លូ អភិបាលខេត្ត ព្រមទាំងសហការី និងលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បាននាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះដែរ ដើម្បីជួយសម្រាលបន្ទុកដោះស្រាយជីវភាពក្នុងគ្រាលំបាកនេះ ៕

































ចែករំលែកព័តមាននេះ