ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចែក​ថ្នាំ​ព្យាបាល​ជំងឺ​អុត​ក្តាមសត្វពាហនៈ​ដល់​ពលរដ្ឋ​ឃុំ​ច្រ​ណូ​ក ​ស្រុក​កំពង់លែង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ការិយាល័យ​​ផលិត​កម្ម​និង​ប​​សុ​ព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ដឹកនាំ​ដោយ​លោក ហ៊ុន លី កាលពី​​ព្រឹក​ថ្ងៃ​ទី​១៤​ ខែតុលា ឆ្នាំ​២០២០​ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ស្ដី​អំពី…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ការិយាល័យ​​ផលិត​កម្ម​និង​ប​​សុ​ព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ដឹកនាំ​ដោយ​លោក ហ៊ុន លី កាលពី​​ព្រឹក​ថ្ងៃ​ទី​១៤​ ខែតុលា ឆ្នាំ​២០២០​ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ស្ដី​អំពី ជម្ងឺ​អុតក្តាម ព្រមទាំង​ចែក​ថ្នាំ​ព្យាបាល សត្វ​ដល់​ប្រជាពលរដ្ឋ​ចំនួន៣ ភូមិ​ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ដែល​កំពុង​តែ​ជួប​ហានិភ័យ​លើ​សត្វពាហនៈ ។

លោក ហ៊ុន លី​ អនុប្រធាន​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្តកំពង់ឆ្នាំង បាន មាន​ប្រសាសន៍​ថា ខែ​នេះ​ជា​រដូវ​ធ្លាក់​ភ្លៀង ​រួម​​ផ្សំ​នឹង​ទឹក​ជំនន់​ផង​បណ្ដាល​ឲ្យ​សត្វពាហនៈ​គោក្របី តែង​កើត​ជំងឺ​អុតក្តាម​ជា​រៀង​រាល់​ឆ្នាំ​។

លោក​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ត្រូវ​ចេះ​អនាម័យ​ការពារ​ដល់​សត្វ​កុំ​ឲ្យ​កើត​ជំងឺ​អុតក្តាម ដូច​ជា​ឱ្យ​ដេក​កន្លែង​ទីទួល​ស្ងួត​មាន​សុវត្ថិភាព ។​ ចំពោះ​សត្វ​គោ ក្របី​ដែល​កើត​ជំងឺ​អុតក្តាម ត្រូវ​ព្យាបាល​ដោយ​យក​ទឹក​ម្ជូរ មាន​ដូច​ជា​ទឹកក្រូច​ឆ្មារ ឬ​យក​ស្លឹក​អំពិល​មក​ដាំ​ធ្វើ​ជា​ទឹក​ម្ជូរ មក​លាង​សម្អាត ដូច​យើង​លាង​របួស បន្ទាប់​មក​យើង យក​ថ្នាំ​ដែល​បាន​ចែក​នៅ​ពេល​នេះ មក​លាង​នូវ​ចំណុច​ដែល​​សត្វពាហនៈ​ឈឺ​ជា​ការ​ស្រេច ។​ ត្រូវ​រក​ស្មៅ​ខ្ចី​ឲ្យ​គោក្របី បរិភោគ សត្វ​ខ្លះ​អាច​កើត​ជំងឺ​មាត់​ផង​ដែរ​ដែល​វា​ពិបាក​នឹង​ទំពារ​ចំណី​រឹង ដូច​ជា​ចំបើង​ជាដើម ។

លោក​បាន​ណែនាំបន្ត​ថា ចំពោះ​ថ្នាំ​ដែល​បាន​ចែក​ជូន​បងប្អូន​នៅ​ពេល​នេះ​គឺជា​ថ្នាំ​ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត ពេល​បងប្អូន​លាង​ជើងគោ​ក្របី ដែល​កើត​ជំងឺ​រួច​លាប ទៅ​លើ​វា​រយៈពេល​ត្រឹមតែ​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​វា​នឹង ធូរស្រាល ហើយ​រយៈពេល​ប្រហែលជា ៤​ទៅ​៥​ថ្ងៃ​វា​នឹង ជា​សះស្បើយ​អាច​ដើរ ស៊ី​ស្មៅ​បាន ជា​ពុំខាន​ឡើយ ។

សូម​បញ្ជាក់​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​នាំគោ​ក្របី​មក​ទទួល​ថ្នាំ​វ៉ាក់សាំង​ការពារ​និង​ព្យាបាល​ជំងឺ​អុតក្តាម នឹង​ថ្នាំ​បាញ់​សម្លាប់​មេរោគ​នៅ​ព្រឹក​នោះ​មាន​ចំនួន ១១០​គ្រួសារ ដែល​មាន​គោ ក្របី​សរុប ១ ៦៥០​ចំនួន ក្បាល ក្នុង​នោះ ក្របី ៥៨៩ ក្បាល​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ