អ្នកដែលមានឈាមប្រភេទ O អាចមិនងាយនឹងរងគ្រោះដោយសារកូវីដ១៩ទេ បើប្រៀបធៀបជាមួយនឹងមនុស្សដែលមានឈាមប្រភេទផ្សេងទៀត ។
នេះបើតាមការសិក្សាស្រាវជ្រាវចំនួនពីរ ។ ប៉ុន្តែ អ្នកជំនាញនិយាយថា ត្រូវការការស្រាវជ្រាវបន្ថែមទៀត ។
សារព័ត៌មាន CNN របស់អាមេរិក បានរាយការណ៍នៅថ្ងៃនេះថា ការស្រាវជ្រាវបានផ្តល់នូវភស្តុតាងបន្ថែមទៀតដែលថា ក្រុមឈាមអាចទាក់ទងនឹងភាពទន់ខ្សោយរបស់មនុស្សថា តើអ្នកនោះងាយឆ្លងមេរោគកូវីដ១៩ ឬក៏ថា តើពេលដែលមានជំងឺកូវីដ១៩ហើយនោះ ពួកគេនឹងធ្លាក់ខ្លួនឈឺធ្ងន់ឬអត់ ។
ការសិក្សារបស់ដាណឺម៉ាកបានរកឃើញថា ក្នុងចំនោមមនុស្ស ៧.៤២២ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានចំពោះ កូវីដ១៩ មានតែ ៣៨,៤% ប៉ុណ្ណោះដែលជាប្រភេទឈាមប្រភេទ O ។ ផ្ទុយទៅវិញ ៤៤,៤% នៃក្រុមឈាម A ត្រូវបានធ្វើតេស្តវិជ្ជមានឃើញកូវីដ១៩។
នៅក្នុងការស្រាវជ្រាវផ្សេងទៀត អ្នកស្រាវជ្រាវនៅប្រទេសកាណាដា បានរកឃើញថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩នោះ ចំនួន ៩៥ នាក់ គេរកឃើញថា អ្នកមានឈាមប្រភេទ A ឬ AB ចំនួន ៨៤% គឺមានសភាពធ្ងន់ធ្ងរ ហើយត្រូវការជំនួយពីការដាក់ប្រដាប់ជំនួយដកដង្ហើម ។
ប៉ុន្តែ គេនៅតែមិនទាន់អាចបញ្ជាក់បានថា មូលហេតុអ្វីបានជាអ្នកឈាម ប្រភេទ O មានគ្រោះថ្នាក់ទាបជាងគេក្នុងការឆ្លងកូវីដ១៩ ឬក៏ឈឺធ្ងន់ដោយសារមេរោគនេះ៕
ចែករំលែកព័តមាននេះ