រាជធានីភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យកោះសន្តិភាពដឹងនៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះថា ដោយមានការចង្អុលបង្ហាញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ព្រមទាំងមានការសម្របសម្រួលពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងស្ថាបនពាក់ព័ន្ធផងនោះ កម្មករក្រុមហ៊ុន ស៊ីនទ្រី បានព្រមចូលធ្វើការវិញទាំងអស់គ្នាវិញហើយ ចាប់ពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដោយទទួលយកនូវអ្វីដែលជាការព្រមព្រៀងគ្នា។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីព្រមព្រៀងគ្នាជាលើកទី២ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ កម្មករនិយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី ដែលធ្វើកូដកម្មទាំងអស់នោះ បានយល់ព្រមចូលធ្វើការវិញ តាមតួនាទីរបស់ពួកគេរៀងៗខ្លួន ហើយក្រោយធ្វើកូដកម្មមិនប្រមូលសំរាមមួយរយៈកន្លងមកនេះ។
គួររំលឹកថា ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៤ ខែតុលា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បានធ្វើកូដកម្មនៅយានដ្ឋានក្រុមហ៊ុនស៊ីនទ្រីដែលមានទីតាំងនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែចាប់ពីល្ងាចថ្ងៃទី១៤ ខែតុលានេះទៅ កម្មករបានសម្រេចចិត្តចូលបម្រើការងារជាធម្មតាវិញហើយ៕ ដោយ ៖ ចន ណារិទ្ធ
ចែករំលែកព័តមាននេះ