រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ត្រូវនឹងថ្ងៃខួបកំណើតរបស់តារាចម្រៀងប្រុសដ៏មានប្រជាប្រិយ លោក ឆន សុវណ្ណារាជ ហាក់ទទួលបានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានជូនពរ និងការ surprise នំខេកទៅដល់ផ្ទះរបស់លោក ជាពិសេសទទួលកាដូ និងរបស់មានតម្លៃជាច្រើន ដូចជា ទឹកប្រាក់ដល់ទៅ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រផងដែរ។

ដោយឡែក ក្រោយពីទទួលបានកាដូជាច្រើនពីសំណាក់មិត្តបងប្អូននោះ តារាចម្រៀងប្រុសសង្ហារូបនេះក៏បានបង្ហោះនូវកាដូផ្សេងៗជាច្រើនសន្លឹកនៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក ដើម្បីឲ្យអ្នកគាំទ្រនិងមិត្តភ័ក្ត្រសិល្បៈបានដឹង ។ ស្រាប់តែនឹកស្មានមិនដល់ទាល់តែសោះថា ការចែកចាយនូវក្តីរិករាយរបស់ខ្លួននោះ បែរជាតារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ទទួលបានការរិះគន់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមទៅវិញ ដោយអ្នកខ្លះលើកឡើងថា ការបង្ហាញរបស់លោក គឺជាការអួតសម្ញែងរបស់ថ្លៃៗទៅវិញ ។


យ៉ាងណាមិញ ដោយឃើញមានការរិះគន់ជាច្រើនដល់ខ្លួនបែបនេះ ស្រាប់តែលោក ឆន សុវណ្ណារាជ បានបង្ហោះសារឆ្លើយតបទៅកាន់អ្នករិះគន់ថាអោយធ្វើការបើកចិត្ត និងកុំរិះគន់ខ្មែរដូចគ្នា ជាពិសេសគួរតែផ្តល់តម្លៃអោយអ្នកសិល្បៈផងដែរ ។
លោក ឆន សុវណ្ណរាជ បានបង្ហោះសារមានខ្លឹមសារថា « បងប្អូន ខ្ញុំគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើកប់ៗមាត់ និយាយទៅឲ្យតែអ្នកសិល្បៈ ធ្វើអីក៏ខុសដែរ អោយតំលៃបន្តិចទៅបានអត់ មានក៏ខុស ក្រក៏ខុស មើលក្នុងផ្លូវល្អខ្លះទៅបានអត់ ពេលខ្លះមិនដូចការគិតរបស់យើងទេ សូមមេត្តាណា ខ្មែរដូចគ្នាទេ រៀនអោយតំលៃអ្នកសិល្បខ្លះទៅ សូមមេត្តាណា ពួកខ្ញុំក៏មានតំលៃដែរ អ្នកសិល្បហ្នឹងវាអន់ខ្លាំងណាស់ទៅហ្ហេ ក្នុងក្រសែភ្នែកអ្នក ? សុំទោសបើខ្ញុំនិយាយខុស»



គួរបញ្ចាក់ផងដែរថា កម្រឃើញតារាប្រុសលោកឆន សុវណ្ណារាជ បង្ហោះសារពោលពាក្យឆ្លើយតបទៅកាន់ មហាជននិងអ្នកគាំទ្រជាពិសេស អ្នករិះគន់បែបនេះណាស់ ដោយនេះពីព្រោះតែរូបលោក គ្រាន់តែបង្ហោះពីភាពសប្បាយរីករាយ និងមានសុភមង្គលនៅក្នុងថ្ងៃខួបកំណើតរបស់លោក ក៏ខុសដែរសោះ៕


ចែករំលែកព័តមាននេះ