រាជធានីភ្នំពេញ ៖ រថយន្តដឹកថ្មមួយគ្រឿងម៉ាកពុយហ្សោ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ៣A៧២៨២ ដាក់លេខសម្គាល់K66 ដែលគេអះអាងថា ដាច់ហ្វ្រាំងបានជ្រុលមកបុករ៉ឺម៉កចំនួន៤គ្រឿងដែលចតនៅក្បែរចិញ្ចើមផ្លូវខាងឆ្វេងក្នុងចំណែកផ្លូវបញ្ច្រាសទិសបណ្តាលឱ្យក្រឡាប់២គ្រឿងសង្កត់លើម៉ូតូ២គ្រឿង និងបណ្តាលឱ្យមនុស្ស៤នាក់រងរបួសស្រាលផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២១ មេសា ២០១៥ នៅចំណុចផ្លូវជាតិលេខ៥ មុខផ្សារព្រែកព្នៅ ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
បន្ទាប់ពីបង្កហេតុរួច អ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗដែរ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើធ្វើដំណើរតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចផ្លូវដែលមានចរាចរណ៍កកស្ទះ រថយន្តបង្កហេតុបានឡើងវ៉ារថយន្ត និងម៉ូតូដែលកំពុងធ្វើដំណើរស្របទិសគ្នា ពេលនោះស្រាប់តែរថយន្តជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករ៉ឺម៉កចំនួន៤គ្រឿងដែលចតចាំម៉ូយនៅក្បែរចិញ្ចើមផ្លូវខាងឆ្វេងដៃបណ្តាលឱ្យក្រឡាប់២គ្រឿងសង្កត់លើម៉ូតូ២គ្រឿងដែលចតក្បែរគ្នា និងរុញរ៉ឺម៉កខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាកវីស្តូធ្វើឱ្យបែកកញ្ចក់ ហើយបោកទៅលើអ្នកជិះលើរ៉ឺម៉កបណ្តាលឱ្យរបួសស្រាលចំនួន៤នាក់។
ក្រោយកើតហេតុ រថយន្ត និងរ៉ឺម៉កត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានខណ្ឌព្រែកព្នៅដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ