រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានករណីនៃការគប់កញ្ជាក់ឡានអ្នកធ្វើដំណើរតាមផ្លូវមួយចំនួននៅស្រុកខ្មែរ ក្នុងចេតនាអាក្រក់ណាមួយដូចជា ប៉ុនប៉ងប្លន់ ឬបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរហូតមានអ្នកសិល្បៈខ្លះក៏ធ្លាប់ជួបរឿងហេតុអាក្រក់នេះផងដែរ នាពេលកន្លងមក ។

ថ្មីៗនេះទៀតសោត សិល្បៈការិនីមួយដួង គឺអ្នកនាង ខាត់ សុឃឹម ដែលជាអ្នកសិល្បៈពេញដោយសមត្ថភាពខ្ពស់ និងត្រូវបានចាត់ទុកជាអ្នកសិល្បៈពហុជំនាញ ដោយសារតែនាងមិនត្រឹមមានសមត្ថភាពខ្ពស់ក្នុងការបកស្រាយចម្រៀងបុរាណ និងសម័យនោះទេ តែអ្នកនាងក៏មានសមត្ថភាពលេងឧបករណ៍តន្ត្រីបុរាណផងដែរនោះក៏បានបង្ហើបឲ្យដឹងថា អ្នកនាងធ្លាប់បានជួបហេតុការណ៍មួយនេះ បន្ទាប់ពីចេញពីសម្តែងនៅកន្លែងមួយផងដែរ ។

ការលើកឡើងរបស់អ្នកនាង ខាត់ សុឃឹម អំពីរឿងហេតុនេះ គឺក្រោយពីអ្នកនាងបានឃើញព័ត៌មានជាច្រើនបានចុះផ្សាយពីករណីគប់កញ្ចក់រថយន្តរបស់ពលរដ្ឋមួយចំនួន ។ តារាស្រីរូបនេះបានឲ្យដឹងថា នាងបានជួបហេតុការណ៍អាក្រក់មួយនេះនៅពេលមួយដែលរូបអ្នកនាង និងស្វាមី បានធ្វើដំណើរទៅខេត្តបាត់ដំបង ដោយមានគេគប់បែកកញ្ចក់ឡាន តែជាសំណាងស្វាមីរបស់អ្នកនាង មានស្មារតីរីងមាំ ទើបហេតុអាក្រក់មិនកើតមានឡើង ។

អ្នកនាង ខាត់ សុឃឹម បានរៀបរាប់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ខ្ញុំធ្លាប់ត្រូវបានគេពួនគប់នៅម្តុំជិតភ្នំក្រពើខេត្តបាត់ដំបង និងស្ទាក់ដោយប្រើឡាន Luxis 300 នៅម្តុំព្រៃខ្មែរ កំពង់ឆ្នាំង គិតបកក្រោយគួរអោយញាក់សាច់ សំណាងខ្ញុំមិនអី ព្រោះប្តីខ្ញុំគាត់ស្មារតីរឹង កុំអីត្រូវពួកនេះធ្វើអោយយើងមានគ្រោះបាត់ទៅហើយ (សូមសមត្ថកិច្ចជួយកំចាត់ពួកនេះផង)» ។

បើទោះបីជាមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរកើតឡើងប៉ះពាល់ដល់អាយុជីវិតក៏ដោយ តែមានមនុស្សជាច្រើនមានការព្រួយបារម្ភ ពីព្រោះតែក្នុងនាមជាអ្នកសិល្បៈម្នាក់តែងតែធ្វើដំណើរទៅតាមខេត្តជារឿយៗ មិនថា យប់ថ្ងៃនោះទេ សម្រាប់ការសម្តែង ដូច្នេះវាប្រាកដជាធ្លាប់កើតមានឡើងទៅកាន់អ្នកសិល្បៈផ្សេងទៀតជាមិនខាន ។ កន្លងមកលោក ករុណា ពេជ្រ ពិធីករលេចធ្លោមួយរូបក៏ធ្លាប់ជួបរឿងរ៉ាវបែបនេះផងដែរ ។


យ៉ាងណាមិញ តារាស្រីដែលនៅតែមានប្រជាប្រិយភាព អ្នកនាង ខាត់ សុឃីម ក៏បានផ្តែផ្តាំទៅដល់មហាជនអ្នកគាំទ្ររបស់អ្នកនាងអោយមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរនៅពេលយប់ ៕

ចែករំលែកព័តមាននេះ