ប្រេស៊ីល ៖ រឿងរ៉ាវនៃភាពមិនស្មោះត្រង់ ផិតក្បត់ ប្រហែលជាមូលហេតុមួយ នៃការឈឺចាប់ដែលពួកគេប្រឈមមុខ ឈឺខ្លាំងជាងជំងឺដែលអ្នកកំពុងព្យាបាលទៅទៀត តើវាអាក្រក់ប៉ុណ្ណា ប្រសិនបើភាគីទីបីនោះ មិនមែនជាមនុស្សដទៃទៀត ពោលគឺជាមនុស្សជិតស្និទ្ធ បំផុតនៅក្នុងគ្រួសារតែមួយ ពិតជារងទុក្ខឈឺផ្សារខ្លាំងណាស់! តួយ៉ាង នារីម្នាក់ ត្រូវស្វាមីបោកប្រាស់ ផិតក្បត់លួចស្រលាញ់នារីម្នាក់ទៀតដោយសម្ងាត់ នៅពេលដែលរូបនាងធ្លាក់ខ្លួនឈឺធ្ងន់ដេកក្នុងមន្ទីរពេទ្យ ហើយអ្នកមកជ្រៀតជ្រែកគេនោះ គឺជាម្តាយបង្កើតរបស់នាង ។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ គេហទំព័រដ៏ល្បីមួយរបស់ប្រទេសប្រេស៊ីល បានរាយការណ៍ថា អ្នកនាង Kamylla Wanessa Cordeiro de Melo បានបង្ហាញឲ្យពិភពលោក បានដឹងអំពីរឿងរ៉ាវ ដែលប្តីរបស់នាង បានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយម្តាយក្មេក នៅពេលរូបនាងត្រូវដេកនៅក្នុងបន្ទប់ ICU អស់រយៈពេល ៧៨ថ្ងៃ បន្ទាប់ពីធ្វើការវះកាត់ ដោយសារតែមានជំងឺដាច់សរសៃឈាមខួរក្បាល ។ ពួកគេមានទំនាក់ទំនងគ្នា ដោយគ្មានការលាក់លៀម ធ្វើដូចគ្មានកំហុសអ្វីសោះ លើសពីនេះទៅទៀត ឥឡូវនេះ ពួកគេទាំងពីរនាក់បានរៀបការហើយ ដោយគូនេះ (ប្តីបានបែកបាក់រូបនាង និងម្តាយបានបែកបាក់ពីឪពុករបស់នាង) ។
អ្នកនាង ខេមីឡា បាននិយាយថា នៅពេលដែលរូបនាង មានវ័យជំទង់ អាយុប្រហែលជា១៣, ១៤ឆ្នាំ ម្តាយរបស់នាង ចាប់ផ្តើមប្រកួតប្រជែងជាមួយកូនស្រីរហូត ។ “ម្តាយបង្កើតមានអាយុច្រើនជាងកូនស្រី តែ២០ឆ្នាំប៉ុណ្ណោះ” សូម្បីតែសម្លៀកបំពាក់របស់ម្តាយ ក៏ត្រូវតែសមជាង ស្អាតជាងកូនស្រីដែរ ហើយអាហារសម្រាប់ម្តាយត្រូវតែឆ្ងាញ់ជាងកូនស្រី គ្មានអ្វីដែល ខេមីឡា ធ្វើគាប់ចិត្តម្តាយទេ ។
ខេមីឡា និយាយបន្តថា “នៅពេលនាង មានអាយុ ២៥ឆ្នាំ នាងបានស្រលាញ់បុរសម្នាក់ ដែលមានអាយុលើសនាង ១០ឆ្នាំ ។ ពួកយើងបានរៀបការនៅខែសីហា ក្នុងឆ្នាំ២០១៣ ហើយនៅឆ្នាំបន្ទាប់ យើងបានកូនប្រុសម្នាក់ រហូតមកដល់ពេលនេះ មានអាយុ០៦ឆ្នាំហើយ” ។
ទោះយ៉ាងណានៅឆ្នាំ២០១៧ ខេមីឡា ធ្វើការវះកាត់កែសម្ផស្ស នៅមន្ទីរពេទ្យ ក្នុងក្រុង Recife ដើម្បីសម្រកទម្ងន់របស់នាង ប៉ុន្តែ បន្ទាប់ពីការវះកាត់ ជាអកុសលនាងមានជំងឺដាច់សរសៃឈាមខួរក្បាល ត្រូវបញ្ជូនទៅកាន់បន្ទប់ ICU ដើម្បីសង្គ្រោះបន្ទាន់ នាងត្រូវព្យាបាលអស់រយៈពេលជាយូរ ជីវិតរបស់នាងស្ថិតនៅមាត់ជ្រោះមច្ចុរាជ ។
ខេមីឡា និយាយអោយដឹងទៀតថា “ក្នុងអំឡុងពេលស្ថិតនៅក្នុងមន្ទីរពេទ្យ អស់រយៈពេល ៧៨ថ្ងៃ នៅពេលនោះ ម្តាយនាង បានមកដល់ផ្ទះរបស់នាង ដើម្បីជួយប្តី មើលថែកូនប្រុស ដែលនៅពេលនោះកូនទើបតែអាយុជិត ៤ឆ្នាំ ។ ខណៈពេលដែលឪពុកបង្កើតរបស់នាង កំពុងស្នាក់នៅក្នុងផ្ទះមួយ នៅរដ្ឋ Pernambuco ប្រទេសប្រេស៊ីល ជាមួយប្អូនប្រុសរបស់នាង” ។
ប៉ុន្តែក្រោយមក ទើប ខេមីឡា បានដឹងថា ក្នុងរយៈពេលជិត ៣ខែ ដែលនាងបានចំណាយពេលនៅលើគ្រែពេទ្យ មានតែឪពុករបស់នាង បានមកលេងនាងនៅមន្ទីរពេទ្យ ។ នេះបង្ហាញថា ជិត ៣ខែហើយ ប្តីរបស់នាង បានមកអើតមើលនាង តែពីរដងប៉ុណ្ណោះ ចំណែកស្ត្រីដែលនាងស្គាល់ថាជាម្តាយបង្កើតវិញ មិនដែលបង្ហាញខ្លួន សូម្បីតែម្តង ។ ជាងនេះទៀតសូម្បីតែពេលនាងចេញពីមន្ទីរពេទ្យវិញក៏ដោយ គ្មានវត្តមានលោកប្តីទេ មានតែឪពុកម្នាក់ ដែលបាននាំនាង ទៅផ្ទះរបស់គាត់ ។
នៅពេលឪពុករបស់ ខេមីឡា បានមកយកកូនស្រីចេញពីមន្ទីរពេទ្យ ឪពុកបានប្រាប់ឲ្យនាងដឹងថា ប្រពន្ធរបស់គាត់ កំពុងមានសាហាយស្មន់ជាមួយប្តីរបស់កូនស្រី ។ ពេលនោះហើយ នាងមានការឈឺចាប់បំផុត នៅក្នុងជីវិតរបស់នាង ។ នាងមើលទៅ ឪពុកក៏មានការឈឺចាប់ខ្លាំងណាស់ដែរ ប្រៀបដូចជាគេចាក់ចំដើមទ្រូង ប៉ុន្តែគាត់ហាក់ដូចជាទប់អារម្មណ៍បាន ។
បន្ទាប់ពីនោះ ខេមីឡា ស្ទើរតែក្លាយជាមនុស្សបាត់បង់វិញ្ញាណ ហើយបានទូរស័ព្ទទៅម្តាយរបស់នាង ប្រាប់និងសួរថា “ខ្ញុំភ័យណាស់ ខ្ញុំបានចាកចេញពីមន្ទីរពេទ្យហើយ ខ្ញុំនៅរស់ទេ” ហើយបានសួរថា តើវាជាការពិតទេ ដែលប្តីនាងនិងម៉ែនៅជាមួយគ្នា ? “ចម្លើយ គឺមែនហើយ! បាននៅជាមួយគ្នា ហើយសប្បាយចិត្តខ្លាំងណាស់ ។ ព្រះអើយ…! ខេមីឡា ស្ទើរមិនជឿទេនូវអ្វីដែលនាងបានឮផ្ទាល់ពាក្យពីម្តាយនាង” ។
៣ថ្ងៃបន្ទាប់ពីបានដឹងការពិត ខេមីឡា បានត្រឡប់ទៅផ្ទះរបស់នាងវិញ ឃើញថា បុរសជាប្តី បានវេចទ្រព្យសម្បត្តិ និងឯកសារផ្ទាល់ខ្លួនទាំងអស់ចេញពីផ្ទះ នាងមិនដឹងថា ប្តីទៅនៅទីណាទេ ។ ខណៈពេលដែលឪពុករបស់នាងបានលែងលះជាមួយម្តាយរបស់នាង ។
ខេមីឡា បានបន្ថែមថា “វាមិនងាយស្រួលទេ ប៉ុន្តែខ្ញុំមានកាតព្វកិច្ច អនុញ្ញាតឱ្យកូនប្រុសរបស់ខ្ញុំទៅលេងជាមួយឪពុក ហើយបានជួបជីដូនរបស់គាត់ ២ ទៅ៣ដង ក្នុងមួយសប្តាហ៍ តាមដីការរបស់តុលាការ” ។
មនុស្សនៅជុំវិញ និងអ្នកស្គាល់គ្នា មានការភ្ញាក់ផ្អើលចំពោះអ្វីដែលបានកើតឡើង ។ ឪពុករបស់នាង មិនបាននិយាយអ្វីជាមួយម្តាយរបស់នាងទៀតទេ ។ ខណៈពេលដែល ខេមីឡា ដឹងថា ម្តាយនិងប្តីរបស់នាង ពួកគេនៅតែរស់នៅជាមួយគ្នា ចេញទៅក្រៅបង្កើតបរិយាកាសផ្អែមល្ហែម ។ ហើយថ្មីៗនេះ ខេមីឡា បានដឹងថា ម្តាយនិងប្តីរបស់នាង បានប្រារព្ធខួបអាពាហ៍ពិពាហ៍របស់ពួកគេ នៅថ្ងៃទី២ ខែមីនា ដោយបើកចំហ ។
ខេមីឡា បានបង្ហើបថា នាងបានកាត់ផ្តាច់ពីម្តាយនាង និងកាត់ផ្តាច់ជាមួយអតីតស្វាមីហើយ ។ នាងឈឺចាប់ខ្លាំងណាស់ ជាមួយនឹងអ្វីដែលបានកើតឡើង ទោះជាយ៉ាងណាក៏ដោយ ជីវិតត្រូវឆ្ពោះទៅមុខ ។ នៅទីបំផុត ខេមីឡា បានរកឃើញស្នេហាជាមួយបុរសថ្មី ដោយការគោរព និងស្រឡាញ់គ្នាទៅវិញទៅមក ។ ចាប់ពីពេលនេះទៅ នាងនឹងសប្បាយចិត្តជាមួយគ្រួសារថ្មី ដោយនាងមានឪពុកដែលស្រឡាញ់អ្នកខ្លាំងណាស់ ជាមួយកូនប្រុសល្អរបស់អ្នក ៕
ចែករំលែកព័តមាននេះ