ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងស៊ីកា.ប់គោក្របីនៅតែ​បំពុល​បរិស្ថាន​ធ្ងន់ធ្ងរហើយ​ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សត្តឃាតដ្ឋានសេន​គ្រី​យ៉ា​(​កុងស៊ី​កាប់​គោ​-​ក្របី​)​នៅ​តែ​បង្ក​អោយ​ប៉ះ​ពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​ការ​បង្ហូរ​កាក​សំណល់ និង​ឈាម​ចូល​ទៅ​ក្នុង​ព្រែក​(​ប្រឡាយ​) ។ ប៉ុន្មាន​ថ្ងៃនេះ ស្រប​ពេលដែល​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ឈាម និង​លាមក​គោ​-​ក្របី…

រាជធានី​ភ្នំពេញ ៖ សត្តឃាតដ្ឋានសេន​គ្រី​យ៉ា​(​កុងស៊ី​កាប់​គោ​-​ក្របី​)​នៅ​តែ​បង្ក​អោយ​ប៉ះ​ពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​ការ​បង្ហូរ​កាក​សំណល់ និង​ឈាម​ចូល​ទៅ​ក្នុង​ព្រែក​(​ប្រឡាយ​) ។ ប៉ុន្មាន​ថ្ងៃនេះ ស្រប​ពេលដែល​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ឈាម និង​លាមក​គោ​-​ក្របី បាន​ធ្វើ​អោយ​ទឹក​ជន់​លិច​ភូមិ​លាយ​ឈាម មាន​ពណ៌​ខ្មៅ​ស្អុយ​ឆ្អាប​ពេញ​ភូមិ ធ្វើ​អោយ​អ្នក​ភូមិ​ដែល​មានទឹក​ជន់​លិច​ស្ទើរ​ទ្រាំ​លែង​បាន​ទៅ​ហើយ ។

ទី​សត្តឃាត សេន​គ្រី​យ៉ា ដែល​កំពុង​បំផ្លាញ​បរិស្ថាន​នេះ ស្ថិត​នៅ​ចំណុច​ស្ពាន​លេខ​៦ ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ តាម​ប្រជាពលរដ្ឋ ដែល​រស់នៅ​ផ្នែក​ខាងក្រោម​ព្រែក បានអោយ​ដឹង​ថា កុងស៊ី​កាប់​គោ​-​ក្របី សេន​គ្រី​យ៉ា នេះ កំពុង​តែ​បង្ក​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ជុំវិញ​ធ្ងន់ធ្ងរ ដោយសារ​កាប់​គោក្របី​មួយ​ថ្ងៃ​រាប់រយ​ក្បាល បង្ហូរ​កាក​សំណល់​មាន​លាមក​សត្វ ឈាម ចូល​ទៅ​ក្នុង​ប្រឡាយ ព្រមទាំង​បង្ក​សម្លេង​រំខាន​ទាំង​យប់​ទាំង​ថ្ងៃ រក​ពេល​សម្រាក​មិន​បាន ។

ក្រៅពី​នោះ រាល់ថ្ងៃ​មាន​រថយន្ត​តូច​ធំ​ចេញចូល​ដឹកគោ​-​ក្របី​ចំណី​សត្វ​ចេញចូល បង្ក​អោយ​ខូច​ផ្លូវ និង​សាចទឹក​ដាក់​សិស្ស​ដែល​ធ្វើ​ដំណើរ​ទៅ​រៀន ព្រមទាំង​ដុត​ឆ្អឹង​គោក្របី បណ្តាល​អោយ​ក្លិន​ឈ្ងៀម​ពេញ​ភូមិ បង្ក​អោយ​ប៉ះពាល់​ដល់​អ្នកមាន​ផ្ទៃពោះ និង​ចាស់ជរា ក្លិនស្អុយ​បាន​ជះ​តាម​ខ្យល់​ទៅ​ដល់​វិមាន​ឈ្នះ​=​ឈ្នះ រំខាន​ដល់​ភ្ញៀវ​ទស្សនា​ទៀត​ផង ។

ប្រជាពលរដ្ឋ​ក៍បាន​អោយ​ដឹង​ទៀត​ថា កន្លង​មក ពួក​គាត់​តែងតែ​លើក​ឡើង​នៅ​ក្នុង​វេទិកាសាធារណៈ និង​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​អោយ​ជួយ​ដោះស្រាយ តែ​ស្ងាត់​រហូត ហើយ​កុងស៊ី​នៅ​តែ​បន្ត​កាប់ គោ​-​ក្របី​បង្ហូរឈាម និង​កាក​សំណល់​ចូល​ក្នុង​ប្រឡាយ​ដដែល ។ នៅ​ពេល​ថ្មី ភ្លៀង​ធ្លាក់​ប៉ុន្មាន​មេនេះ ទឹក​ព្រែក​ដែល​ពី​មុន​ធ្លាប់តែ​ប្រើ​បាន ពេល​នេះ​ទឹក​ឡើង​ខ្មៅ និង​ក្រហមព្រឿង​ៗ ហើយ​ឡើង​ព្រៀប​ព្រែក​ជិត​លិច​ផ្ទះ ព្រមទាំង​មាន​ក្លិនឆ្អាប​ពេញ​ភូមិ ។ ក្រៅពី​នោះ នៅ​ជំ​ុ​វិញ​ក្នុងភូមិ​សុទ្ធតែ​រោង​ចិញ្ចឹម​គោ ដែល​មាន​ភក់ជ្រាំ បង្ក​ក្លិនស្អុយ គ្រាន់តែ​ជិះ​កាត់​ក៍​ជាប់​ក្លិនស្អុយ​តាម​ខ្លួន​ដែរ ។

ប្រជាពលរដ្ឋ​ក៍បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​មក​ដល់​កោះសន្តិភាព ក៍​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ មេត្តា​ចុះ​ទៅ​ត្រួតពិនិត្យ​ជាក់ស្តែង និង​ដោះស្រាយ​ផង កុំ​ជឿ​តែ​មន្ត្រី​មួយ​ចំនួន​ដែល​ទទួល​បាន​លាភ​រាយការណ៍​នោះ ។ គួរ​បញ្ជាក់​ថា ទីតាំង​កុងស៊ី​នេះ បាន​ដំណើរការ​៣​ឆ្នាំ​មក​ហើយ ពុំ​បាន​លើក​ស្លាក​នោះ​ទេ ទើបតែ​លើក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​មកនេះ ក្រោយ​ពេល​ផ្ទុះ​ការ​ប្រឆាំង​តវ៉ា​ដោយ​មានឈ្មោះ
«​ជំទាវ​»​លើ​ស្លាក​យីហោ​នេះ​ផង​ដែរ ។ បើ​តាម​លិខិតអនុញ្ញាត​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ ទី​សត្តឃាត​មួយ​នេះ​នឹង​ផុត​សុពលភាព​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ ។

ទន្ទឹម​នោះ ម្ចាស់​កុងស៊ី​ឈ្មោះ សេន គ្រី​យ៉ា ក៍បាន​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​ច្បាប់​បង្កើត​សត្ត ឃាតដ្ឋាន​នេះ​បន្ត​ទៀត តែ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​មិន​ចុះហត្ថលេខា​បញ្ជូន​សំណើសុំ​អនុញ្ញាត​បន្ត​បង្កើត​សត្តឃាត​នេះ​បាន​ទៀត​ឡើយ ដោយហេតុ​ថា ទីតាំង​នេះ​ស្ថិត​នៅ​បណ្តុំ​ប្រជាពលរដ្ឋ​រស់នៅ​កកកុញ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្បែរ​នោះ និង​តែងតែ​បង្ក​សម្លេង​រំខាន ជា​ហេតុ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មាន ការ​ថ្នាំងថ្នាក់ និង​បាន​លើក​ឡើង​ពី​ទុក្ខ​កង្វល់​គ្រប់​វេទិកាសាធារណៈ កន្លង​មក​ល្មម​ឱ្យ​រដ្ឋអំណាច​គិតគូរ​ភាព​សុខសាន្ត​ក្នុងមូលដ្ឋាន​របស់​ខ្លួន​ហើយ ។

រដ្ឋបាល​ខណ្ឌ​ស្នើ​ឱ្យ​រក​ទីតាំង​ថ្មី​សម​ស្រប កុំ​នៅ​កន្លែង​ដែល​នាំ​បញ្ហា​មិន​ឈប់ ដែល​ល្មម​រក​ទីតាំង​ថ្មី​ទៅ​ទើប​សុខ ។ លុះ​ក្រោយមក​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ ប្រជាពលរដ្ឋ​ប្រមាណ​២០​នាក់ បាន​លើក​បដា​តវ៉ា​សូម​អោយ​បិទ​កុងស៊ី តែ​ត្រូវ​បាន​ម្ចាស់​នាំ​គ្នា​ដកហូត​យក​អស់ ខណៈ​ពេល​ដែល​ទីតាំង​រៀបចំ​ស្អាតបាត ដើម្បី​អោយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ​នោះ ។

ទាក់ទិន​ការ​ចោទប្រកាន់​នេះ លោក សេន​គ្រី​យ៉ា ម្ចាស់​កុងស៊ី​ក៍​ធ្លាប់​បាន​បំភ្លឺ​អោយ​ដឹង​ថា កុងស៊ី​របស់​លោក​ពុំ​បង្ក​អោយ​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​ពុំ​មាន​អ្នក​ណា​ប្តឹងផ្តល់​ឡើយ គឺជា​រឿង​ភូត​កុហក​លើគោក ។ ចំណែក​ការ​បន្ត​ច្បាប់ ត្រូវ​គេ​ភូត​កុហក​ថា លោក​អភិបាល​ខណ្ឌ​បាន​ស៊ី​ញ៉េ​បញ្ជូន​ហើយ ដែល​ផ្ទូ​យ​ពី​លិខិត​របស់​រដ្ឋបាល​ខណ្ឌ​ជ្រោយ ចង្វារ មិន​ព្រមឱ្យ​បន្ត​ច្បាប់​កាប់​គោ​-​ក្របី​ក្នុង​តំបន់​ប្រជុំជន​នេះ​ទៀត​ទេ ។

ទោះបីជា​យ៉ាងណា មហាជន​ចាំ​មើល​តើ​ច្បាប់​អនុញ្ញាត​អោយ​បន្ត ឬ​យ៉ាងណា បើ​កុងស៊ី​កាប់​គោ​-​ក្របី បង្ហូរឈាម និង​កាក​សំណល់​ចូល​ទឹក​ព្រែក​បែប​នេះ? មតិ​ខ្លះ​ថា អ្នក​ដែល​បន្ត​ច្បាប់ សង្ស័យ​ត្រូវ​ថ្នាំ​សណ្ដំ​មិន​ខាន ៕

អត្ថបទសរសេរ ដោយ